ភ្នំពេញ ៖ គ្រាន់តែរយៈពេលជាង២ ម៉ោងសោះក្មួយប្រុសអ្នកមានអំណាច និងមានឥទ្ធិពលបានបាញ់បោះសេរីគំរាម កំហែងប្រមាថអាយុជីវិតអ្នកដទៃរហូត ដល់ទៅ២លើកតែមិនមានសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានហ៊ានចេញមុខចាប់ខ្លួនជនបង្កឡើយ ។
នេះជាការលើកឡើងពីប្រជាពលរដ្ឋនៅម្តុំកន្លែងកើតហេតុដោយពួកគាត់រិះគន់ថា សម័យនេះហើយនៅមានជនដ៏កំណាច មកអុកឡុកប្រជាពលរដ្ឋបាញ់បោះសេរី តាមអំពើចិត្តមិនញញើតនឹងគោលនយោ បាយភូមិ-សង្កាត់មានសុវត្ថិភាព សូម្បីតែ បន្តិចនោះ?
ហេតុការណ៍បាញ់បោះគំ រាមប្រមាថ អាយុជីវិតអ្នកដទៃនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៥ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅមុខការដ្ឋានសាងសង់ បុរីមួយកន្លែងម្តុំបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញដោយមានជនដៃដល់ម្នាក់ប្រើហិង្សាដោយយកកាំភ្លើងខ្លីម៉ាកឡុកវាយ ធ្វើបាប និងបាញ់គំរាមមកលើសន្តិសុខ ក្រុមហ៊ុនព្រះខ័នរាជ្យ២នាក់ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ទាំង២នាក់នោះទី១- ឈ្មោះ ហុិន សុខខេង ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅក្រុមហ៊ុនសន្តិសុខព្រះខ័នរាជ្យ មានស្រុកកំណើត នៅភូមិកោះ ឃុំលលកស ស្រុកសំពៅ មាស ខេត្តពោធិ៍សាត់ និងជនរងគ្រោះទី២ដែលត្រូវជនសង្ស័យវាយ និងបាញ់មួយ គ្រាប់ឈ្មោះ គង់ សាវិត ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅក្រុមហ៊ុនសន្តិសុខព្រះខ័ន រាជ្យ មានស្រុកកំណើតនៅភូមិភ្នំដែក ឃុំ រមណី ស្រុករវៀង ខេត្តព្រះវិហារ ។
សមត្ថកិច្ចបានដកស្រង់សម្តីជនរគ្រោះ មកបញ្ជាក់ថា នៅមុនពេលកើតហេតុសន្តិសុខម្នាក់ឈ្មោះ ហុិន សុខខេង បានឆ្លើយបំភ្លឺប្រាប់សមត្ថកិច្ចថា រូបគាត់កំពុងតែយាមដូចសព្វដងនៅបុរីដែលកំពុងតែសាងសងនៅម្តុំបឹងកក់ជិតរ៉ារទេះភ្លើង។ ខណៈនោះ ក៏ស្រាប់តែមានបុរសម្នាក់(ជនដៃដល់)ឈ្មោះ លី ប៊ុនអេង ហៅធី អាយុប្រហែល ៣០ឆ្នាំ បានបើករថយន្តមួយគ្រឿងម៉ាក ម៉ាសស្តា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Z-3578 មកដល់កន្លែងកើតហេតុរួចចុះដើរមកនិយាយជាមួយជនរងគ្រោះថា ហៅ កម្មករ៤នាក់ដែលរត់ចូលទៅក្នុងឲ្យចេញមកក្រៅ។ ពេលនោះសន្តិសុខ(ជនរង គ្រោះ)គាត់អត់ហ៊ានទៅចោលគោលដៅការពារសន្តិសុខរបស់ខ្លួនទេ និងបានរត់ទៅប្រាប់មេសន្តិសុខរបស់ខ្លួនស្រាប់តែជនដៃដល់បានហៅជនរងគ្រោះមកវិញ ហើយវាយមួយដៃភ្លាមៗទាំងកំហឹងដោយសារជនរងគ្រោះបានរត់ទៅប្រាប់សន្តិសុខម្នាក់ទៀតមានឈ្មោះ គង់ សាវិត ។ ឃើញ អំពើឃោរឃៅបែបនេះឈ្មោះ គង់ សាវិត ក៏បានដើរចូលទៅសួរជនដៃដល់ថា ម៉េច បានជាវ៉ៃសន្តិសុខគ្នាគាត់អ៊ីចឹង? ភ្លាមនោះ ជនដៃដល់ខឹងក៏បានដកកាំភ្លើងខ្លីម៉ាកឡុក មកវាយដោយស្នាប់កាំភ្លើងទៅលើជនរងគ្រោះយ៉ាងចាស់ដៃហើយបាញ់សំដៅមួយគ្រាប់តែសំណាងល្អមិនមានអ្នករងរបួស ធ្ងន់ ឡើយហើយជនដៃដល់បានបើករថយន្តចេញទៅបាត់ស្រមោល។ សាក្សីខ្លះអះអាង ថា ជនបង្កមានគ្នា៤នាក់និងមានកាំភ្លើងខ្លីកាន់គ្រប់ដៃដែលពួកគេមកពីផឹកសុីស្រវឹង។
សមត្ថកិច្ចបន្តថា ជនរងគ្រោះបានឲ្យ ដឹងទៀតថា នៅម៉ោងប្រហែល៦ល្ងាចថ្ងៃ កើតហេតុជនដៃដល់បានបាញ់នៅមុខបុរីនេះចំនួន២គ្រាប់ម្តងមកហើយៗភ្លាមនោះ កម្លាំងសមត្ថកិច្ចមូលដ្ឋានរួមនឹងលោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូន ពេញផងបានចុះមកដល់កន្លែងកើតហេតុ និងស្រាវជ្រាវរកឃើញសំបកគ្រាប់ចំនួន១ម៉ាកឡុកដើម្បីស្រាវជ្រាវនិងតាមចាប់ជនដៃដល់នោះយកមកដាក់ទោសតាមនីតិ វិធី។ ចំណែកជនរងគ្រោះក្រោយពេល កើតហេតុបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកផងដែរ ។
ករណីនេះប្រជាពលរដ្ឋសំណូមពរឲ្យសមត្ថកិច្ចមេត្តាយកចិត្តទុកដាក់ចាត់វិធានការក្នុងរឿងនេះដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ព្រោះជនបង្កជាកូនក្មួយអ្នកមានអំណាច និងជាមន្ត្រីនគរបាលថែមទៀត ពិតជាប្រើប្រាស់ឥទ្ធិពលមកលើជនស្លូតត្រង់ប៉ះពាល់ទៅលើអ្នកដទៃបន្ថែមទៀត។
ពួកគាត់បន្តថា ជនបង្កជាមន្ត្រីនគរបាល មានតួនាទីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋនិងចូលរួមអនុ វត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិ ភាពបែរជាមកប្រព្រឹត្តបំពានច្បាប់ទៅវិញ? ដូច្នេះសមត្ថកិច្ចមិនត្រូវយោគយល់ដល់ជនប្រព្រឹត្តផ្ទុយពីច្បាប់នោះទេទោះជាមានអំណាចប៉ុនក្រហែងមេឃណាក៏ដោយ ខណៈដែលប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នា ក្នុងការទទួលខុសត្រូវតាមផ្លូវច្បាប់ ។
ពាក់ព័ន្ធនឹងករណីនេះនគរវត្តមិនអាច ទាក់ទងបានទេពីជនបង្កឈ្មោះ លី ប៊ុនអេង ហៅធី ជាមន្ត្រីនគរបាលពាក់ស័ក្តិ២មក ទល់នឹងរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីសុំការបំភ្លឺ។ ប៉ុន្តែលោកស្រី ចាន់ លក្ខិណា ដែលអះអាងថា ជាភរិយាជន បង្កបានមកកាន់ស្នាក់ការមជ្ឈមណ្ឌល ព័ត៌មាននគរវត្តដោយបញ្ជាក់ថា ស្វាមីអ្នក ស្រីបានបាញ់តែម្តង និងមួយគ្រាប់ប៉ុណ្ណោះ ហើយការផ្ទុះអាវុធ២គ្រាប់មុនគឺអ្នកផ្សេង មិនដឹងមកពីខាងណា។ អ្នកស្រីបន្តថា ស្វាមីរបស់គាត់មានតួនាទីជាអ្នកការពារ គ្រប់គ្រងដីបរិវេណបឹងកក់ ហើយក៏កំពុង រកតំណាងឲ្យទៅចូលរួមដោះស្រាយជា មួយជនរងគ្រោះដែលជាបុគ្គលិកសន្តិសុខ ឯកជន និងត្រូវសំណងរដ្ឋប្បវេណី ឬនឹង ធ្វើលិខិតសុំទោសបែបណាបន្ថែមទៀត ខណៈគាត់គ្រានោះបាញ់ដោយសារមាន បញ្ហាស្រវឹង ៕ ស ដារា