ខេត្តសៀមរាប៖ រថយន្តដឹកដីមួយគ្រឿង បើកបរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿន នៅតាមភូមិ បានជ្រុលចង្កូតទៅបុកម៉ូតូពេញទំហឹង បណ្ដាលបុរសម្នាក់ស្លាប់ ខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យឯកជន ក្រោយមកសមត្ថកិច្ចធ្វើការឃាត់ខ្លួនអ្នកបើកបរ និងរថយន្ត ។ មូលហេតុអ្នកបើកម៉ូតូមានជាតិស្រវឹងនៅក្នុងខ្លួន បានជិះចូលទៅផ្លូវខាងស្តាំរបស់រថយន្ត ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង ៤និង២០នាទី រសៀល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅលើដងផ្លូវគ្រួសក្រហម ចូលទៅវត្តព្រៃផ្តៅ ចម្ងាយ២០០ម៉ែត្រ ពីក្លោងទ្វារ ក្នុងភូមិពពិស សង្កាត់ក្របីរៀល ក្រុងសៀមរាប។
តាមសម្តីរបស់សមត្ថកិច្ចនគរបាលចរាចរ ដែលបានចុះទៅដល់កន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុ មានប្រជាការពារភូមិបានរាយការណ៍ថា មានរថយន្តដឹកដីកង់១០ បើកបរបញ្ច្រាសទិសគ្នា ពីត្បូង មក ជើង ក្នុងល្បឿនលឿន នៅតាមភូមិ មិនបង្អង់ បានជ្រុលទៅបុក អ្នកជិះម៉ូតូ បណ្ដាលឱ្យ អ្នកជិះម៉ូតូ បន្ទាប់ពីបានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែង ទើបបានសន្និដ្នានថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរ រហូតដល់ស្លាប់ម្នាក់នោះ គឺបង្កមកពីអ្នកបើកម៉ូតូ បើកបរក្នុងភាពស្រវឹងទៀតផងហើយបានបើកចូលទៅផ្លូវខាងស្តាំរបស់រថយន្ត។
ក្រោយពេលវាស់វែងរួចរាល់ កម្លាំងជំនាញបានឃាត់ខ្លួនអ្នកបើកបររថយន្តដឹកដីម្នាក់មានឈ្មោះ គីម ហុង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ព្រមទាំងថយន្តដឹកដី ម៉ាក (ISUSU) ពណ៌ស ។ រីជនរងគ្រោះឈ្មោះខា ឆោម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បើកបរម៉ូតូម៉ាកZOOMER.X ពណ៌ស គ្មានស្លាកលេខ ។
បច្ចុប្បន្នរថយន្តបង្ក និង ម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញបានអូសយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការនគរបាលខេត្ត ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារមកទទួលយកនៅមន្ទីរពេទ្យឯកជន យីហោ ពន្លឺជ័យ ទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី