ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រកាសគម្រោង «អច្ឆរិយៈទន្លេមេគង្គ» ដើម្បីលើកតម្កើងនិរន្តរភាពទន្លេនៅតំបន់អាស៊ីអាគ្នេយ៍

ចែករំលែក៖

គម្រោងរួមគ្នាថ្មីមួយដែលនឹងអនុវត្តដោយបណ្ឌិតZeb Hogan អ្នកគ្រប់គ្រងកម្មវិធី«ត្រីយក្ស» នៃកម្មវិធីទូរទស្សន៍ Nat Geo Wild

គម្រោង «អច្ឆរិយៈទន្លេមេគង្គ» ដើម្បីលើកតម្កើងនិរន្តរភាពទន្លេនៅតំបន់អាស៊ីអាគ្នេយ៏ នឹងប្រកាសអនុវត្តនៅកម្ពុជានៅថ្ងៃទី ៧ កុម្ភៈវេលាម៉ោង ៣រសៀល នៅសណ្ឋាគាររ៉ាហ្វ៉លឡឺរ៉ូយាល់។ ពិធីប្រកាសគម្រោងនេះនឹងមានការថ្លែងសុន្ទរកថាពីលោកស្រី Polly Dunfordនាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំនៅកម្ពុជាឯកឧត្តមណៅធួករដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនិងបណ្ឌិតZeb Hogan សាស្ត្រាចារ្យសាកលវិទ្យាល័យNevada-Reno ។

គម្រោង «អច្ឆរិយៈទន្លេមេគង្គ» នេះត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងពីសារសំខាន់នៃទន្លេមេគង្គនិងប្រព័ន្ធអេកូឡូស៊ីរបស់វាដែលជាផ្នែកដ៍សំខាន់ដល់សេដ្ឋកិច្ចនិងសុខភាពសង្គមនៃតំបន់អាស៊ីអាគ្នេយ៍។ ដោយប្រើប្រាស់បណ្តាញសង្គមនិងមធ្យោបាយផ្សេងៗនៃប្រព័ន្ធផ្សព្វផ្សាយគម្រោង «អច្ឆរិយៈទន្លេមេគង្គ» នឹងចែករំលែករឿងរ៉ាវជាច្រើនអំពីរបៀបដែលប្រជាជនក្នុងតំបន់ប្រើប្រាស់ និងទាញយកប្រយោជន៍ពីទន្លេមេគង្គនិងដៃទន្លេរបស់វា។ «អច្ឆរិយៈទន្លេមេគង្គ» ពឹងផ្អែកលើជំនាញពីស្ថាប័នស្រាវជ្រាវជាតិនិងអន្តរជាតិដែលឈានមុខគេរួមទាំងវិទ្យាស្ថានស្រាវជ្រាវជលផលនិងអភិវឌ្ឍន៍។ គម្រោងនេះនឹងកសាងភាពជាដៃគូស្ថាប័ននិងបង្កើតសម្ភារៈអប់រំដើម្បីជំរុញការស្រាវជា្រវពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូសុីនិងជីវចម្រុះទន្លេមេគង្គ។

អ្នកអនុវត្តសំខាន់សម្រាប់គម្រោងនេះគឺបណ្ឌិតZeb Hogan ដែលមានបទពិសោធន៍ជិត ២០ឆ្នាំ រស់នៅនិងធ្វើការនៅតំបន់ទន្លេមេគង្គ។ បណ្ឌិតHogan ត្រូវបានគេស្គាល់តាមរយះការធ្វើជាម្ចាស់កម្មវិធី «ត្រីយក្ស» នៃកម្មវិធីទូរទស្សន៍ Nat Geo Wild ដែលធ្វើដំណើរជុំវិញពិភពលោកស្រាវជ្រាវរកប្រភេទត្រីចម្លែកៗ។ អ្នកអនុវត្តគម្រោងមួយទៀតនោះគឺបណ្ឌិតSudeep Chandra នៃសាកលវិទ្យាល័យ Nevada-Reno។ ការងាររបស់បណ្ឌិតSudeep Chandra ផ្តោតទៅលើការអភិរក្សនិងការស្តារប្រព័ន្ទអេកូឡូស៊ីក្នុងទឹកដោយមានគោលបំណងធ្វើអោយគោលនយោបាយបរិស្ថានបានប្រសើរឡើង។ វាគ្មិននឹងឆ្លើយសំណួរអ្នកសារព័ត៌មាន បន្ទាប់ពីកម្មវិធីបញ្ចប់។

សមាជិកអ្នកសារព័ត៌មាន ដែលមានបំណងចូលរួមកម្មវិធីនេះ សូមចុះឈ្មោះជាមួយនឹងផ្នែកកិច្ចការសាធារណៈនៃស្ថានទូតអាមេរិក តាមរយះទូរស័ព្ទលេខ ០២៣ ៧២៨ ២៥៨ ឬអ៊ីមែល Chreav@state.govអោយបានមុខម៉ោង ១១ព្រឹក ថ្ងៃទី៧កុម្ភះឆ្នាំ ២០១៧៕

 


ចែករំលែក៖