ខេត្តស្ទឹងត្រែងៈ ផ្ទះឈើមួយខ្នងប្រក់ស្បូវ ត្រូវបានអគ្គីភ័យឆាបឆេះអស់គ្មានសល់ រួមនឹងឈើទុកត្រៀមធ្វើផ្ទះ ក៏ ឆេះអស់ដែរ ខណៈប្តីមិននៅចេញទៅធ្វើការ ប្រពន្ធនៅផ្ទះមើលកូនតូចៗបួននាក់ ប្រាំទាំងនៅក្នុងពោះម្នាក់ទៀត។ ហេតុការណ៍នេះកើតឡើងវេលាម៉ោង១និង៥៧នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចដុំតាចែម ភូមិកំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ប្រជាការពារភូមិម្នាក់ ឈ្មោះស៊ុន ស៊ីណាត បានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើ ប្តីឈ្មោះសៀន ភាង អាយុ៥១ឆ្នាំ មុខរបរកម្មករ ប្រពន្ធឈ្មោះ សន យ៉ាន អាយុ៤០ឆ្នាំ មានកូនបួននាក់ក្នុងបន្ទុក ប្រាំទាំងក្នុងពោះ រស់នៅចំណុចកើតហេតុខាងលើ ។
លោកបន្តទៀតថា ផ្ទះឈើមួយខ្នងប្រក់ស្បូវ៤ម៉ែត្រគុណ៦ម៉ែត្រ ត្រូវបានអគ្គីភ័យឆាបឆេះអស់គ្មានសល់ បណ្តាលមកមកពីភ្លើងឆេះព្រៃ មានផ្កាភ្លើងហើរ មកធ្លាក់លើដំបូលផ្ទះ ទើបបណ្តាលឆេះយ៉ាងសន្ធោសន្ធៅ ហើយម្យ៉ាងវិញទៀត ផ្ទះគាត់ខាងលើនេះនៅឆ្ងាយពីគេឯង អណ្តូងទឹក ក៏អត់ទឹកក្នុង ពាងទឹកក៏គ្មាន ។ បច្ចុប្បន្នទិញទឹកគេប្រើ ទើបមិនអាចជួយពន្លត់បានហើយខ្យល់កួចខ្លាំងទៀត នៅឆ្ងាយពីខេត្តជាង៣០គីឡូម៉ែត្រ រថយន្តអគ្គីភ័យមិនអាចអន្តរាគមន៍បាននោះទេ ។
ស្ត្រីរងគ្រោះឈ្មោះសន យ៉ាន បាននិយាយថា មុនពេលកើតហេតុ គាត់អង្គុយលើផ្ទះ ស្រាប់តែ ឃើញភ្លើងឆេះលើដំបូលយ៉ាងសន្ធោសន្ធៅបាននាំកូនរត់ចុះមកដី បានស្រែកហៅគេឯងឲ្យជួយ បានត្រឹមតែឈរមើលតែប៉ុណ្ណោះ មិនអាចជួយអ្វីបាននោះទេ ។ ក្នុងមួយពព្រិចភ្នែកឆេះអស់សម្ភារ:ប្រើប្រាស់ និងសំលៀកបំពាក់ និងលុយ៣០ម៉ីនរៀល ទុកបង់ធនាគារ រួមទាំងឈើសម្រាប់ត្រៀមធ្វើផ្ទះមួយ ខូចខាតសរុបជាង៤លានរៀល ហើយកូនតូចៗក្នុងបន្ទុកទៀត គាត់សំណូមពរដល់ក្រសួង មន្ទីរពាក់ព័ន្ធ អាជ្ញាធរ និងកាកបាទក្រហម សប្បុរសជន មេត្តាជួយដល់គាត់ផង ។ បច្ចប្បន្ននេះគាត់គ្មានអ្វីសេសសល់ទៀតទេ ៕ មាស សុផាត