ព័ត៌មានទាន់ហេតុការណ៍៖

ប្រាក់ចំណូល និងចំណាយរបស់គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាឆ្នាំ២០១៦ អស់ជាង១៥ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ធ្វើមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៦ និង លើកទិសដៅសម្រាប់អនុវត្តន៍បន្តឆ្នាំ២០១៧ កាលថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្នាក់ការគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា ដោយ បានបង្ហាញរបាយប្រចាំឆ្នាំ២០១៦ថា ថវិកាចំណូល បានមកពីដៃគូឧបត្ថម្ភនានាជាង១៥ម៉ឺនដុល្លារនោះត្រូវចំណាយទៅវិញ អស់ជាង១៥ម៉ឺនដុល្លារវិញដែរ ។

លោកឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានរាយការណ៍ ជូនមហាមហាសន្និបាតឲ្យដឹងថា រយៈពេលពេញមួយឆ្នាំ២០១៦កន្លងទៅ ក្រៅពីការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ និង ការប្រកួតក្នុងប្រទេសនោះ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានបើកវគ្គសិក្សាផ្នែកអប់រំ និង ផ្សព្វផ្សាយសុខភាពដល់ជនខ្សោយសតិបញ្ញា នៅតាមរាជធានី-ខេត្តនានាទូទាំងប្រទេស ។

លោកបានបន្តថា ក្នុងនោះមានមន្ត្រីចូលរួមវគ្គសិក្សាភាពជាអ្នកដឹកនាំចលនាស្ប៉េស្យាល់អូឡាំពិកក្នុងតំបន់អាស៊ីនៅទីក្រុងសៀងហៃ និងបានបញ្ជូនវេជ្ជបណ្ឌិតផ្នែកFun Fitness ២នាក់ទៅចូលរួមវគ្គបណ្ដុះបណ្ដាលនៅប្រទេសសិង្ហបុរី ព្រមទាំងបញ្ជូនគ្រូបង្វឹកបាល់បោះម្នាក់ទៅចូលរួមវគ្គបាល់បោះនៅប្រទេសសិង្ហបុរី ផងដែរ ។

លោកមាស សារិនអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាមានប្រសាសន៍ថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានបង្កើតឡើងតាំងពីឆ្នាំ២០០៥មកម្ល៉េះ ។អង្គការសង្គមមួយនេះបានធ្វើការងារផ្នែកចលនាកីឡាសម្រាប់ជនពិការខ្សោយសតិបញ្ញា ដើម្បីលើកកម្ពស់និងផ្ដល់ឱកាសឲ្យពួកគាត់បានចូលរួមក្នុងសកម្មភាពសង្គមដោយគ្មានការរើសអើង។

លោកសែម សុខារដ្ឋលេខាធិការក្រសួងសង្កមកិច្ចការងារ អតីតយុទ្ធជន និង យុវនីតិសម្បទានិងជាអនុប្រ ធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាមានប្រសាសន៍ថាស្ប៉េស្យាល់អូឡាំពិកកម្ពុជាទទួលបន្ទុកធ្វើការអភិវឌ្ឍជនពិការខ្សោយសតិបញ្ញាឲ្យទទួលបានសិទ្ធិពេញលេញក្នុងការចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ។

លោកបានបន្តថា ការចូលរួមបែបនេះធ្វើឲ្យពួកគាត់ទទួលបាននូវសុខុមាលភាព និង ភាពក្លាហាន មានបញ្ញាស្មារតីរឹងមាំ សីលធម៌ថ្លៃថ្នូរ និង ភាពរុះរាយរាក់ទាក់ពីសំណាក់អាណាព្យាបាល និង កីឡាករ កីឡាការិនីដទៃទៀត ឈានទៅលុបបំបាតការរើសអើងក្នុងសង្គម។

ដោយឡែក លោកចាប រតនាដែលជាអគ្គហិរញ្ញិកគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានបញ្ជាក់ថា ថវិកាចំណូលជាង១៥ម៉ឺនដុល្លារក្នុងឆ្នាំ២០១៦កន្លងទៅត្រូវចំណាយទៅវិញអស់ជាង១៥ម៉ឺនដុល្លារ ដូច្នេះថវិកាសមតុលនៅសល់តែចំនួន៣៣០ដុល្លារប៉ុណ្ណោះ ៕ សារីម

 

ថ ត ហ ដ


ចែករំលែក៖