ខេត្តកំពង់ស្ពឺៈ ប្រជាពលរដ្ឋដែលរកសុីដឹកផល និងអនុផលព្រៃឈើបានត្អូញត្អែរថា សង្កាត់រដ្ឋបាលព្រៃឈើសង្កែសាទប បានក្លាយជាកុងត្រូវជជុះដោយមានមនុស្សឈរចាំយកលុយ មិនដែលរំលងមួយគោយន្តណាឡើយ។
យោងតាមសេចក្តីរាយការណ៍បាមបង្ហើបថា ជារៀងរាល់ថ្ងៃពួកគាត់តែងតែត្រូវឈប់គោយន្តបង់លុយដល់មន្ត្រូរដ្ឋបាលព្រៃឈើមុនអាចខានបានឡើយ បើមិនឈប់បង់ ច្បាស់ជាមានឡានដេញស្ទាក់ឃាត់ជាក់ជាមិនខានឡើយ ដោយក្នុង១គោយន្តដឹកអុសឡត្រូវបង់៣ទៅ៥មុឺនរៀល រីឯឡានដឹកធ្យូងក្នុង១គ្រឿង១០ទៅ១៥មុឺនរៀល ចំពោះឡានដឹកអុសបង្កប់ឈើប្រណីតវិញ គឺបង់ចាប់ពី២០ទៅ៣៩មុឺនរៀល។
ក្រុមប្រជាពលរដ្ឋបានលើកឡើងថា កាលពីជំនាន់លោកស្មៀន សា រេត ជានាយសង្កាត់ពួកគាត់មិនសូវពិបាកនោះទេ ព្រោះលោកស្មៀន សារេត គាត់មានការយោគយល់ដល់ប្រជាពលរដ្ឋមូលដ្ឋានច្រើន ដោយមិនតំរូវអោយបង់លុយច្រើននោះទេ តែមកជំនាន់លោក ហែម សុខា មកធ្វើជានាយសង្កាត់វិញ មិនដែលលើកលែងឡើយសូម្បីតែ១០០រៀល កាលណាគាត់ថា ប៉ុន្មានគឺត្រូវបង់ប៉ុណ្ណឹងហើយ។ អ្វីដែលធ្វើអោយអ្នករកសុីដឹកអុសឡមានការមិនសប្បាយចិត្តគឺលោកសោម សត្ថា នាយរងសង្កាត់តែម្តង គឺតែងតែបញ្ចេញអាកប្បកិរិយាច្រងេងច្រងាងមកលើប្រជាពលរដ្ឋ ដែលសុំការអនុគ្រោះយោគយល់នៅពេល ដែលពួកគាត់អស់លុយបង់ផ្លូវម្តងៗអស់លោកមេព្រៃគាត់ថាចុះមិនបានទេ ខាត។
ពលរដ្ឋរិះគន់ថា អស់លោកមេព្រៃនៅសង្កាត់សង្កែសាទបនេះ មិនដែលឃើញបង្ក្រាបបានឈើឈ្មួញដឹកឈើប្រណីតធំៗម្តងណាឡើយ បើបង្ក្រាបវិញបានតែគោយន្តប្រជាពលរដ្ឋតូចតាច មិនមានខ្នងបង្អែក ឬបង់លុយមិនគ្រប់បើឈ្មួញធំៗ ដែលដឹកឈើប្រណីតគេមិនដែលឃើញអស់លោកបង្ក្រាបបានទាល់តែសោះហើយបើបង្ក្រាប ក៏អ្នកមកពីក្រៅជាអ្នកបង្ក្រាបដែរ ។ ពលរដ្ឋស្នើសុំដល់លោក ឈាង តុលា ប្រធានមន្ទីរកសិកម្ម ដែលជាអ្នកគ្រប់គ្រងលើអស់លោកមេព្រៃសូមមានវិធានការផង បើបណ្តែតបណ្តោយរបៀបនេះទៀត ថ្ងៃក្រោយច្បាស់ជាប្រជាពលរដ្ឋដាច់បាយស្លាប់មិនខាន។ ជាងនេះទៅទៀត ពលរដ្ឋរិះគន់ទៀតថា រាល់ថ្ងៃនិងពេលដែលអស់លោកមេព្រៃរវល់នាំគ្នាទៅផឹកសុីនៅកំពង់ស្ពឺ គឺគេបានប្រើមនុស្សក្រៅក្របខណ្ឌអោយចាំយកលុយជំនួសទៀតផង។
ពាក់ព័ន្ឋនឹងការលើកឡើងខាងលើ អ្នកយកពត៌មានយើងមិនអាចសុំការពន្យល់បានទេ ពីលោកនាយ និងនាយរងសង្កាត់រដ្ឋបាលព្រៃឈើសង្កែសាទបបានឡើយ ៕ សេនាស័ក្តិ