ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីមីស៊ីល និងបរមាណូកូរ៉េខាងជើងដំណើរការទៅបានអាស្រ័យលើចិន

ចែករំលែក៖

ប្រាក់ចំណាយសម្រាប់កម្មវិធីអាវុធ របស់កូរ៉េខាងជើង គឺបានមកពីការនាំចេញផលិតផលទៅកាន់ប្រទេសចិនតែមួយគត់ ដោយកូរ៉េខាងជើងមិនអាចនាំទៅកាន់ ប្រទេសណាផ្សេងបានឡើយក្រោយរង ទណ្ឌកម្មពីសហគមន៍អន្តរជាតិ។ ចំណុច ទាំងនោះហើយបានជាអ្នកឯកទេសចាត់ ទុកថា ចិនគឺជាអ្នកកាន់កូនសោកម្មវិធី បរមាណូកូរ៉េខាងជើង បើចិនចូលរួមដាក់ ទណ្ឌកម្មមិនទិញទំនិញកូរ៉េខាងជើងនោះ ប្រទេសនេះមិនអាចដំណើរការកម្មវិធី អាវុធគំរាមកំហែងអាមេរិក និងកូរ៉េខាង ត្បូងនោះឡើយ។

នៅពេលនេះក្រុងសេអ៊ូល បានស្នើទៅកាន់រដ្ឋាភិបាលទីក្រុងប៉េកាំង ដើម្បីជូន ដំណឹងទៅដល់ប្រជាពលរដ្ឋរបស់ខ្លួនកុំឲ្យទិញផលិតផលចេញពីសួនឧស្សាហកម្ម រួមកេសុង ដែលត្រូវបានបិទកាលពីឆ្នាំមុននៅក្នុងប្រទេសកូរ៉េខាងជើង ដែលជា ចំណុចថ្មីមួយទៀត អាចធ្វើឲ្យប្រទេសកម្មុយ នីស្ដមួយនេះបន្ថែមការព្រួយបារម្ភមួយ កម្រិតទៀត សម្រាប់ការស្វែងរករូបិយប័ណ្ណបរទេសទៅបំពេញមហិច្ឆតានុយក្លេអ៊ែរ របស់ខ្លួន។ រដ្ឋាភិបាលកូរ៉េខាងត្បូងបាន ឲ្យដឹងទៀតថា ខ្លួនបានកត់សម្គាល់ឃើញ ពីគោលបំណងរបស់អាជ្ញាធរកូរ៉េខាង ជើងដែលចង់លក់ផលិតផលជាកម្មសិទ្ធិ របស់កកូរ៉េខាងត្បូង ដែលត្រូវបានផលិតឡើងនៅក្នុងសួនឧស្សាហកម្មរួមកេសុង រួមទាំងចង្រ្កានដាំបាយទៅឲ្យក្រុមអ្នក បញ្ជាទិញនៅក្នុងប្រទេសចិន។

ក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន ១២៤ ក្រុមហ៊ុនត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូង ប្រាប់ឲ្យដកខ្លួនចេញពីតំបន់ឧស្សាហកម្ម រួមកេសុងកាលពីឆ្នាំមុន ដោយការបិទ តំបន់ឧស្សាហកម្មមួយនេះ ធ្វើឡើងបន្ទាប់ពីមានការបង្កជម្លោះប្រដាប់អាវុធជាបន្ដ បន្ទាប់ពីសំណាក់ប្រទេសកូរ៉េខាងជើង រួមទាំងការធ្វើតេស្ដក្បាលគ្រាប់នុយក្លេអ៊ែរ កាលពីក្នុងខែមករា ឆ្នាំ២០១៦។

ក្នុងពេលជាមួយគ្នានេះ ប្រទេសកូរ៉េ ខាងត្បូង និងសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងរួមគ្នាធ្វើសមយុទ្ធយោធានៅខែក្រោយនេះស្របពេលគម្រោងដាក់ ពង្រាយខែលការពារគ្រាប់មីស៊ីលផ្លោង នឹងត្រូវបានដំឡើងនៅក្នុងប្រទេសកូរ៉េ ខាងត្បូងបានត្រៀមរួចរាល់ហើយអាច នឹងចាប់ផ្ដើមក្នុងពេលណាមួយ។ សមយុទ្ធ នោះមានឈ្មោះថា Foal Eagle។ នៅក្នុងការធ្វើសមយុទ្ធនោះដែរក៏មានសកម្មភាពការពារមីស៊ីលបាញ់ចេញពីកូរ៉េខាងជើង ផងដែរ៕ ម៉ែវ សាធី

North Korean nuclear warhead


ចែករំលែក៖