ការកាត់ក្តីឲ្យមេដឹកនាំគណបក្សប្រឆាំងនៅរុស្ស៊ី លោក Alexei Navalny ជាប់ពន្ធនាគារ៥ឆ្នាំ «ព្យួរ» ត្រូវបានគេចោទថា ជាលក្ខណៈនយោបាយសុទ្ធសាធ បំពេញតាមការចង់បានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដើម្បីដកសិទ្ធិគាត់ជាបេក្ខជន ដែលគ្រោះថ្នាក់អាចឈ្នះឆ្នោត កុំឲ្យចូលប្រឡូក ក្នុងការបោះឆ្នោតប្រធានាធិបតីនៅរុស្ស៊ី ក្នុងឆ្នាំ ២០១៨ ។
លោក Alexei Navalnyទទួលបានការគាំទ្រពេញចិត្តនឹង ភាពប្តេជ្ញារបស់គាត់ប្រយុទ្ធទល់នឹងអំពើពុករលួយ ដែលបន្តស៊ីរូងប្រទេស ។ គាត់ល្បី ដោយ ហ៊ានកកូរកកាយទ្រព្យសម្បត្តិ ពួកមន្ត្រីរដ្ឋការណា ដែលស្តុកស្តម្ភ មកផ្សព្វផ្សាយឲ្យប្រជាជន ដឹងឮ។ ម៉្លោះហើយ បានជាគាត់ក្លាយជាបុគ្គលដែលគ្រោះថ្នាក់សម្រាប់រដ្ឋអំណាច ។
តាមពិត ការកាត់ទោសថ្ងៃ៨ ខែកុម្ភៈ គឺជាការសូត្រឡើងវិញនៃសាលក្រមបែបនេះ កាលពីឆ្នាំ២០១៣ ដែលបន្ទាប់មក ត្រូវបានគាត់ប្តឹងតវ៉ាទៅតុលាការអឺរ៉ុបខាងសិទ្ធិមនុស្ស ដែលបានកាត់ក្តីឲ្យគាត់ឈ្នះ ដោយថែមទាំងបានតម្រូវឲ្យ រដ្ឋរុស្ស៊ី បង់ប្រាក់ជំងឺចិត្ត ៤៨.០០០អឺរ៉ូទៅគាត់ទៅផង។ ស្របនឹងការសម្រេចចិត្តនេះរបស់តុលាការអឺរ៉ុប តុលាការកំពូលរុស្ស៊ី ក៏បានបញ្ជាឲ្យ តុលាការទីរួមខេត្ត Kirov នៅចម្ងាយ ៩០០គ.ម.ខាងកើតពីរដ្ឋធានីម៉ូស្គូ ពិនិត្យមើលសំណុំរឿងគាត់សារឡើងវិញ។ គឺក្នុងខេត្តនេះឯង ដែលកាលពីឆ្នាំ២០០៩ គាត់បានធ្វើជាទីប្រឹក្សាអភិបាលខេត្តសេរីនិយមគ្នីគ្នាគាត់ ហើយស្រាប់តែជាប់ចោទ ក្នុងការគៃបន្លំ ប្រាក់របស់ក្រុមហ៊ុនរដ្ឋខាងកាប់ឈើអស់ប្រមាណ កន្លះលានដុល្លារ ៕ ម៉ែវ សាធី