ខេត្តឧត្តរមានជ័យ៖ កាលពីវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សារទីរួមស្រុក ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ឧត្តរមានជ័យ មានជនសង្ស័យជាស្ត្រីម្នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធជាមួយករណីល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ )។
មន្ត្រីអាវុធហត្ថបានឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួននោះមានឈ្មោះ ភិន ណាឡែន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ និងកត់ឆ្នោត រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ឧត្តរមានជ័យ។
មន្ត្រីដដែល បានបញ្ជាក់អោយដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បាន ចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន៖ ម៉ាស៊ីនគិតលេខ ចំនួន០១គ្រឿង ប៉ិចចំនួន០៨ដើម បន្ទាត់ ចំនួន០១០, ទូរស័ព្ទ ចំនួន០១គ្រឿង, កន្រ្តៃ ចំនួន០៣ដើម កាតទូរសព្ទ៍ metfone ចំនួន៥៦សន្លឹក ក្រដាសកាប៉ោន ចំនួន១០សន្លឹក, លុយ៣២៤៥០០រៀល សៀវភៅកត់កន្ទុយលេខ០១ និងប្រដាបកិប០១ ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ប៉ែន នួន