ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីបានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលារៀនចំនួន០៤រួចមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្ពព្រៃវែង។
នៅក្នុងពិធីសំណេះសំណាលនេះ សម្តេចតេជោ បានរំលឹកដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម រួមមានការបង្ក្រាបនូវបទល្មើសផ្សេងៗ ជាពិសេសគឺការបង្ក្រាបបទល្មើសគ្រឿងញៀន ចោរកម្ម ឆក់ប្លន់ ដើម្បីផ្តល់ភាពកក់ក្តៅ និង ធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេៈត្រូវយកចិត្តទុកដាក់ ការផ្តល់នូវសេវាសាធារណៈ ជូនប្រជាពលរដ្ឋអោយបានលឿននិងមានប្រសិទ្ឋិភាពជាពិសេសសេវាតម្រូវការហើយត្រូវអនុវត្តតាមច្បាប់កំណត់។ មន្ត្រីត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានាដែលអាចធ្វើអោយថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ត្រូវសហការគាំទ្រគយ និងពន្ធដាក្នុងការប្រមូលពន្ធអោយមានប្រសិទ្ឋិភាព ដើម្បីពង្រឹងចំណូលថវិកាជាតិ។ អាជ្ញាធរត្រូវយកចិត្តទុកដាក់ដេាះស្រាយបញ្ហាជម្លេាះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធភាព។
អាជ្ញាធរខេត្តត្រូវធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយនូវសារាចរនាំអំពីផ្សាលក់ដូរ និងសារាចរ ស្ដីពីការ លុបការបង់ថ្លៃការលក់តាម កញ្ច្រែង កញ្ចើ ល្អី។ ត្រូវយកចិត្តទុកដាក់ដោះស្រាយនូវតម្លៃអគ្គីសនីជូនប្រជាពលរដ្ឋអោយបានល្អប្រសើរដើម្បីលើកស្ទួយជីវភាពរបស់ពូួកគាត់។ នៅខែមេសា ឆ្នាំ២០១៧ ខាងមុខនេះតំបន់មួយចំនួននៅក្នុងខេត្តព្រៃវែង តម្លៃអគ្គីសនីក្នុង១គីឡូវ៉ាត់ម៉ោង ត្រូវបានធ្លាក់មកនៅត្រឹម៤៨០៛ សម្រាប់អ្នកប្រើប្រាស់ក្រោម១០គីឡូវ៉ាត់ម៉ោង ៦១០៛សម្រាប់អ្នកប្រើប្រាស់ក្រោម៥០គីឡូវ៉ាត់ម៉ោងនិង ៧៩០៛សម្រាប់អ្នកប្រើប្រាស់លើស៥០គីឡូវ៉ាត់ម៉ោង។ លើសពីនេះ មន្ត្រីអាជ្ញាធរខេត្ត ត្រូវមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរវៀតណាម ដើម្បីបង្កលក្ខណអោយប្រជាពលរដ្ឋងាយស្រួលក្នុងការរកសុីជាមួយគ្នា ព្រោះថាខេត្តព្រៃវែង គឺជាខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ហើយលើសពីនេះមិនត្រូវអនុញ្ញាតអោយបងប្អូនប្រជាពលរដ្ឋខ្មែរជួលដីនៅតាមព្រំដែនឡើយ។
សម្តេចតេជោ ហ៊ុន សែនក៏បានអរគុណដល់អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ដែលបានរួមសហការគ្នា អភិវឌ្ឍន៍ខេត្តព្រៃវែងអោយកាន់តែរីកលូតលាស់ទៅមុខ។ កិច្ចការដែលសម្រេចទៅបានដោយជោគជ័យគឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទះល្អ មុះមុត និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ៕ ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ