ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុតលោក ត្រាំ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំចិន ស៊ី ជីនពីង

ចែករំលែក៖

កាលពីយប់ថ្ងៃទី៩ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំចិនលោក ស៊ី ជីនពីង។ នៅក្នុងសន្ទនានោះលោក ត្រាំ បានឯកភាពគោរពគោលនយោបាយចិនតែមួយ តាមសំណើរបស់ប្រធានាធិបតីចិន។

សារព័ត៌មាន Financial Time បានដកស្រង់ការប្រកាសរបស់សេតវិមានថា«ជំនួបពិភាក្សាតាមទូរស័ព្ទរវាងប្រធានាធិបតី ត្រាំ នឹងប្រធានាធិបតី ស៊ី ជីនពីង ក្នុងលក្ខណៈ ស្មោះត្រង់គោរពគ្នាទៅវិញទៅមក ក៏ដូចជាការជូនពរ ដល់ប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំប្រទេសទាំងពីរ»។

ក្រៅពីនេះ មេដឹកនាំទាំងពីរក៏បានអញ្ជើញគ្នាទៅវិញទៅមកឲ្យទៅបំពេញទស្សនកិច្ចនៅប្រទេសរបស់ខ្លួនរៀងៗខ្លួន។ កាលពីខែធ្នូ ឆ្នាំ២០១៦ លោក ត្រាំ បានប្រកាសថាអាមេរិកមិនចាំបាច់ត្រូវតែគោរពគោលនយោបាយចិនតែមួយ ក្នុងនោះអាមេរិករក្សាទំនាក់ទំនងជាមួយកោះតៃវ៉ាន់។

ក្រោយពេលជាប់ឆ្នោតប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានជួបពិភាក្សាជាមួយមេដឹកនាំកោះតៃវ៉ាន់ ដែលជាការបំផ្លាញគោលនយោបាយការបរទេសរបស់អាមេរិកដែលបានអនុវត្តកាលពីឆ្នាំ១៩៧៩ជាមួយទីក្រុងប៉េកាំងធ្វើឲ្យចិនបង្ហាញការខឹងសម្បាយ៉ាងខ្លាំង។

ប្រធានាធិបតីចិនត្រូវបានគេចាត់ទុកថា ជាជម្រើសចុងក្រោយនៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទរបស់ប្រធានាធិបតីអាមេរិក ។ ចាប់តាំងពីឡើងកាន់តំណែងមកទល់ពេលនេះលោក ត្រាំ បានជួបពិភាក្សាជាមួយមេដឹកនាំជាច្រើនជុំវិញពិភពលោក ហើយបានទទួលស្វាគមន៍ដោយផ្ទាល់ពីមេដឹកនាំអង់គ្លេសទៀតផង។

នៅក្នុងជំនួបពិភាក្សានោះ សេតវិមានមិនបានផ្តល់ព័ត៌មានលោក ត្រាំ បានជជេកពីវិវាទនៅសមុទ្រចិនភាគខាងត្បូង ឬក៏វិវាទពាណិជ្ជកម្មប្រទេសទាំងពីរនោះទេ។ កន្លងមក លោក ត្រាំ បានវាយប្រហារចិនយ៉ាងខ្លាំងនៅក្នុងវិវាទដែនសមុទ្រចិនភាគខាងត្បូង ក៏ដូចជាការគំរាមកំហែងវាយប្រហារទៅលើវិស័យពាណិជ្ជកម្មជាមួយចិន៕ ម៉ែវ សាធី

ae


ចែករំលែក៖