ខេត្តកំពង់ធំ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងលើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិថ្នល់ថ្មី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីវេលាម៉ោង០៨ និង៤៥នាទីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ បណ្ដាលបុរសម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាក អីនធ័រណាស់ស៊ីណាល់ ពាក់ស្លាកលេខ ភ្នំពេញ 3C2663 ជារថយន្ដដឹកសាំងរបស់ក្រុមហ៊ុនកម្ពុជាតេលា បើកបុកអ្នកថ្មើរជើង កំពុងដើរវាស់ថ្នល់ជាតិ (ក្រុមហ៊ុនចិន) ដែលមាន ទី១ ឈ្មោះខន ខាន់ ភេទប្រុស អាយុ18ឆ្នាំ រស់នៅភូមិបឹងល្វា ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ (ស្លាប់) ទី២ ឈ្មោះបៀន លន ភេទប្រុស អាយុ25ឆ្នាំ រស់នៅភូមិត្នោត ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (របួសធ្ងន់) ទី៣ ឈ្មោះចែង អូវ ភេទប្រុស អាយុ26ឆ្នាំ (ជនជាតិចិន) ស្នាក់នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ (របួសធ្ងន់) ក្រោយពេលកើតហេតុ អ្នកបើករថយន្ដចុះរត់គេចខ្លួនបាត់ មិនទាន់ដឹងអត្តសញ្ញាណ ។
បន្ទាប់មកសមត្ថកិច្ចវាស់វែងបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ និងប្រគល់សាកសពជូនសាច់ញាតិក្រុមគ្រួសារ រីឯវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ និងធ្វើកំណត់ហេតុ កសាងសំណុំរឿង បើកការស្រាវជ្រាវ រកអត្តសញ្ញាណ ដើម្បីអោយតំណាងក្រុមហ៊ុន ចូលខ្លួនមកដោះស្រាយគ្នាទៅតាមច្បាប់ ៕ ប៊ុន រិទ្ធី