ព័ត៌មានទាន់ហេតុការណ៍៖

អត់លុយទិញកាដូជួនសង្សារថ្ងៃ១៤ កុម្ភៈ បែកគំនិតឆក់ខ្សែកភ្លាត់ស្នៀតដួលម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ព្រោះតែអត់លុយទិញកាដូជួនសង្សារ ថ្ងៃ១៤ កុម្ភៈបែកគំនិតឆក់ខ្សែកបានសម្រេចហើយ ភ្លាត់ឆ្នៀតដួលម៉ូតូត្រូប្រជាពលរដ្ឋចាប់បានវាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥រសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវឧញ្ញ៉ាម៉ុងរិទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័ទី១ មានឈ្មោះ ឡេង ដារ័ត្ន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៦២ ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ទី២មាន ឈ្មោះ ស៊ុន សកល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ G៩ ផ្លូវ៥៩៨ ខណ្ឌទួលគោក ។ ចំណែកស្រ្តីរងគ្រោះមានឈ្មោះ ទ្រូ ចាន់នេ អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់ផ្ទះជួលភូមិច្រេស សង្កត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើត ភូមិស្វាយតាអែម ឃុំពាមរការគយ ស្រុកកងមាស ខេត្តកំពង់ចាម។

ប្រភពពីស្រ្តីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ របគាត់បានជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយសុីគី CLiCK ពណ៌ខ្មៅ លាយសពាក់ស្លាកលេខ ភ្នំពេញ 1Y2500 ជិះម្នាក់ឯងមកពីម្តុំរង្វង់មូលកាំកូសុីធី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ខាងលើបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ ១២៥ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GC5062 មកក្រោយបានធ្វើសកម្មភាពឆក់ខ្សែកប្លាកទីនរបស់គាត់ ដែលមានទំងន់៣ជី បានហើយពួកគេបានបើកម៉ូតូរត់ តែភ្លាត់ស្នៀតក៏ដួលម៉ូតូហើយគាត់ស្រែកថា ចោរឆក់ខ្សែកៗ ភ្លាមនោះប្រជាពលរដ្ឋនៅទីនោះ បាននាំគ្នាជួយចាប់ និងវាយឡើងទ្រមខ្លួន ទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់បាននិយាយថា ខ្លួនពួកគេពិតជាបានធ្វើសកម្មភាពឆក់ខ្សែកពិតប្រាកដមែន ដោយសារតែពួកខ្លួនអត់លុយទិញកាដូជូនសង្សារនៅថ្ងៃទី១៤ កុម្ភៈ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕ តុង សីហា

seiha (1) seiha (2) seiha (3) seiha (4) seiha (5)


ចែករំលែក៖