ខេត្តពោធិ៍សាត់៖ កម្លាំងចំរុះរួមមានមន្រ្តីជំនាញផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំលួង កងរាជអាវុធហត្ថខេត្ត យោធាខេត្ត និងសហគមន៍នេសាទ បានសហការគ្នាចុះបង្រ្កាបបទល្មើសនេសាទ រិបអូសបានវត្ថុតាង (អួនកែច្នៃ និងមធ្យោបាយ) រីឯជនប្រព្រឹត្តបានរត់គេចខ្លួនបាត់ស្រម៉ោមោល។
ប្រតិបត្តិការខាងលើនេះ អនុវត្តន៍ឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅបឹងទន្លេសាប ត្រង់ចំណុចជញ្ជាំងឡូត៍អភិរក្សជលផល(កំពង់ប្រាក់) ក្បែរផ្លូវទឹក ព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ពិន វុទ្ធី នាយសង្កាត់រដ្ឋបាលជលផលកំពង់លួងបានឲ្យដឹងថា លទ្ធផលក្នុងយុទ្ធនាការកម្លាំងសហការគ្នាបង្រ្កាបបទល្មើសនេសាទខាងលើនេះដែរ រួមមាន បាឡាសំបកកាវ(ស្មាច់) ភ្ជាប់ម៉ាសុីនចំនួន ០២គ្រឿង ០១គ្រឿងបណ្ដោយប្រវែង ៧,២ម៉ែត្រ គុណនឹងទទឹងប្រវែង ១,០០ម៉ែត្រ គុណនិងជម្រៅ ០,៧ម៉ែត្រ ភ្ជាប់ម៉ាសុីនម៉ាក ហុីណូតា កម្លាំង ១៨សេះ និង០១គ្រឿងទៀត បណ្ដោយប្រវែង ៨,៤ម៉ែត្រ គុណនឹងទទឹងប្រវែង ១,០០ម៉ែត្រ គុណនឹងជម្រៅ ០៨ម៉ែត្រ។
លោក នាយសង្កាត់រដ្ឋបាលជលផលកំពង់លួងបន្តថា ក្នុងនោះមានឧបករណ៍បទល្មើសនេសាទប្រភេទ(អួនកែច្នៃអូសទឹកសាប)ចំនួន ០២វង់ផងដែរ ដោយក្នុងមួយវង់ៗ មានមុខប្រវែង ២៥ម៉ែត្រ គុណនឹងជម្រៅប្រវែង ២០ម៉ែង ក្រឡាចាប់ពី ០,០២ ដល់ ០,០៣ហ៊ុន និងខ្សែនីឡុងសម្រាប់អូសទាញប្រវែង ២០០ម៉ែត្រ។
លោក បន្តទៀតថា ចំពោះវត្ថុតាងកាណូត និងឧបករណ៍បទល្មើសនេសាទ ដែលកម្លាំងបង្រ្កាប និងរិបអូសខាងលើ បានយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលជលផលកំពង់លួង ដើម្បីរងចាំអនុវត្តន៍តាមនីតិវិធីស្តីពីច្បាប់រដ្ឋបាលជលផល ចំពោះជនសង្ស័យបានប្រព្រឹត្តកំពុងស្រាវជ្រាវ៕ បឹុម ពិន