ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីមានប្រជាពលរដ្ឋ ដែលជាអតិថិជនក្រុមហ៊ុន ទេសចរណ៍យីហោស្រីរ័ត្ន បាននាំគ្នាមកតវ៉ាដល់ក្រុមហ៊ុន ក្រោយពេលដែលពួកគេបាននាំគ្នាទិញសំបុត្រយន្តហោះ ដើម្បីចេញទៅក្រៅប្រទេស តែផ្ទុយទៅវិញ ពេលទៅដល់ប្រលានយន្តហោះ បែរជាអត់មានឈ្មោះសម្រាប់ហោះហើរ ទើបដឹងថា ចាញ់បោកក្រុមហ៊ុនទេសចរណ៍ ក៏ប្តឹងមន្រ្តីកងរាជអាវុធហត្ថឲ្យឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនតែម្តង ។
ករណីខាងលើនេះ បានកើតឡើង នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច ក្រុមហ៊ុន ស្រីរត្ន័ ទេសចរណ៍អន្តរជាតិ ទីតាំងផ្ទះ លេខ១៨៧E0 ផ្លូវ១២៨ (ផ្លូវកម្ពុជាក្រោម) ភូមិ៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុ បានឲ្យដឹងថា មានអតិថិជនប្រហែល២០នាក់ បានទិញសំបុត្រយន្តហោះសរុបទឹកប្រាក់ទាំងអស់ជាង២ម៉ឺនដុល្លារពីក្រុមហ៊ុន ស្រីរត័្ន ទេសចរណ៍អន្តរជាតិ ដើម្បីទៅទេសចរណ៍នៅក្រៅប្រទេស ពេលទៅដល់ព្រលានយន្តហោះ គេថា សំបុត្រយន្តហោះមិនត្រឹមត្រូវ ក៏នាំគ្នាមកប្រមូលផ្តុំនៅមុខក្រុមហ៊ុន តវ៉ាអោយក្រុមហ៊ុនទទួលខុសត្រូវចំពោះរឿងនេះ ទើបកម្លាំងអាវុធហត្ថឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនបណ្ដោះអាសន្នដើម្បីសាកសួរផងដែរ ។
ម្ចាស់ក្រុមហ៊ុនដែលត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះមកឃាត់ខ្លួននោះឈ្មោះ រស់ ស្រីរ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរនាយកក្រុមហ៊ុន ជនជាតិខ្មែរ មានទីលំនៅផ្ទះ លេខ៦២.៦៤E0 ផ្លូវមុន្នីវង្ស សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ និងខណ្ឌ៧មករា ។
បច្ចុប្បន្នស្រ្តីសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ ស រស្មី