ភ្នំពេញ៖ ទោះបីជាមានដំណឹងស្នេហ៍ក្រៅឆាកក្លែងក្លាយក្តីក៏ពេជ្រ សោភា និងឆឹម សក្កដា បានបង្កើតឈុតឆាកស្នេហាលើកឆាកតន្ត្រីបន្តផ្ទាល់ចំថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ។ ឈុត ឆាកស្នេហា ផ្អែមល្ហែមនេះបានធ្វើឲ្យអ្នកគាំទ្រពួកគេរំភើបជំនួសពេជ្រ សោភា ដែលមានសង្សារកំពូលចិត្តនៅជិតខ្លួន ។
បន្ទាប់ពីដំណឹងលែងលះប្តីជាអាណិកជនរស់នៅសហរដ្ឋអាមេរិក មិនបានប៉ុន្មានផង តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាងពេជ្រ សោភា បានបង្កើតឲ្យមានការភ្ញាក់ផ្អើលមួយកាលពីថ្មីៗនេះ គឺក្រោយពីនាងបានសារភាពរឿងរ៉ាវទំនាក់ទំនងស្នេហ៍ ជាមួយនឹងតារាសម្តែងវ័យក្មេងលោក ឆឹម សក្កដា ។ ទោះជាយ៉ាងមានការទម្លាយថា វាគឺជាស្នេហាក្លែងក្លាយប៉ុណ្ណោះ ប៉ុន្តែដំណឹងនេះ ត្រូវបានពួកគេបដិសេធ ។ ក្រៅពីបដិសេធ ពួកគេបានបង្កើតឈុតឆាកផ្អែមល្ហែមជាច្រើន បើទោះបីជាមានអ្នកលើកឡើងថា ជាការសម្តែងក្តី ។
ក្នុងថ្ងៃនៃក្ដីស្រឡាញ់កាលពីយប់ទី១៤ កុម្ភ: តារាសម្ដែង លោក ឆឹម សក្កដា និងអ្នកនាង ពេជ្រ សោភា បានលេង ឈុត ឆាក ស្នេហាផ្អែមល្ហែមខ្លាំងនៅលើឆាកឆាកតន្ត្រីរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ជាមួយនឹងការសារភាពស្នេហ៍របស់តួប្រុសចំពោះតួស្រី ។ ពាក្យ មិត្ត១០០ឆ្នាំ នេះបានចេញពីមាត់តារាប្រុស ឆឹម សក្កដា ទៅកាន់ពេជ្រ សោភា គឺក្រោយពីនាងបានចេញបទចម្រៀងថ្មី មិត្ត១០០ឆ្នាំ កាលពីពេលថ្មីៗនេះ ហើយពួកគេក៏បានសម្តែងរួមគ្នាផងដែរ ។ អ្នកនាងពេជ្រ សោភា រំភើបខ្លាំងរហូតបង្ហូទឹកភ្នែករំភើបនៅឆាកតន្ត្រីដោយបានទាំងអោបតួប្រុសក្នុងពេលទទួលបាច់ផ្កានោះផង។ អ្វីដែលគេគិតថា រំភើបសម្រាប់ពេជ្រសោភាគឺអ្នកផលិតកម្មវិធីបានឲ្យលោក ឆឹម សក្កដា មកពញាក់អារម្មណ៍នាងដល់លើឆាក និងសារភាពស្នេហ៍ដោយលោកសុំស្រឡាញ់អ្នកនាង និងសុំជាមិត្ត១០០ឆ្នាំដើម្បីនៅថែអ្នកនាងអស់មួយជីវិតនោះ ៕ វឌ្ឍនា