ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបដិសេធប្រគល់គ្រីមៀទៅឲ្យអ៊ុយក្រែនតាមសំណើប្រធានាធិបតី ត្រាំ

ចែករំលែក៖

ក្រោយពេលរដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល ត្រាំ បង្ហាញពីក្តីសង្ឃឹមឲ្យរុស្ស៊ីសងគ្រីមៀ ទៅឲ្យអ៊ុយក្រែនវិញ គឺជាសំណូមពរ ធ្ងន់ជាងកាលពីប្រធានាធិបតីអូបាម៉ាទៅទៀត ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានច្រានចោល សំណើខាងលើទាំងស្រុង ។

លោកស្រី Zakharova បានបញ្ជាក់នៅក្នុងស្និសីទកាសែតប្រចាំសប្តាហ៍ថា «យើង នឹងមិនសងទឹដដីរបស់យើងទៅឲ្យអ្នកណាមួយឡើយ គ្រីមៀជារបស់រុស្ស៊ី » ។

នេះជាប្រតិកម្មតំបូងរបស់រុស្ស៊ី ក្រោយពេលអ្នកនាំពាក្យសេតវិមាន លោក Sean Spicer បានប្រកាសកាលពីថ្ងៃទី១៥ ខែកុម្ភៈថា «ប្រធានាធិបតី ត្រាំ មានបំណងចងឲ្យរដ្ឋាភិបាលទីក្រុងមូស្កូសងតំបន់គ្រីមៀ ទៅឲ្យអ៊ុយក្រែនវិញ ដើម្បីបញ្ចប់ភាពតានតឹង ។ លោកត្រាំ សង្ឃឹមថា ក្រោយការសងគ្រីមៀ រុស្ស៊ី និងអាមេរិក គ្មានអ្វីត្រូវខ្វែងគំនិតគ្នាឡើយ នឹងមានទំនាក់ទំនងយ៉ាងល្អប្រសើរបំផុត ។

ការដែលរុស្ស៊ីដាក់បញ្ចូនតំបន់គ្រីមៀចូលក្នុងការគ្រប់គ្រងរបស់ខ្លួនជាផ្លូវការ គឺជាការចាប់ផ្តើមឲ្យអាមេរិក និងបណ្តាប្រទេសលោកខាងលិច ដាក់ទណ្ឌកម្ម ទៅលើប្រទេសរុស្ស៊ី ។ តំបន់គ្រីមៀ គឺជាផ្នែកមួយនៃទឹកដីរបស់រុស្ស៊ី កាលពីសតវត្សរ៍ទី១៨ ប៉ុន្តែតំបន់នោះ ស្ថិតនៅក្នុងការគ្រប់គ្រងរបស់អ៊ុយក្រែនតាំងពីឆ្នាំ១៩៥៤ ។

នៅឆ្នាំ២០១៤ នៅពេលមានការធ្វើរដ្ឋប្រហារនៅអ៊ុយក្រែន រុស្ស៊ី ក៏បានលូកដៃជម្រុញឲ្យមានការធ្វើប្រជាមតិរបស់ពលរដ្ឋរស់នៅគ្រីមៀ ដែលភាគច្រើននិយាយភាសារុស្ស៊ី ក៏បានសម្រេចចូលជាមួយរុស្ស៊ី ដោយមានពលរដ្ឋដល់ទៅ៩៦ភាគរយគាំទ្រ ។ ប៉ុន្តែអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបមិនទទួលស្គាល់ឡើយ ដោយចាត់ទុកថា ការដាក់គ្រីមៀចូលក្រោមការគ្រប់គ្រងរបស់រុស្ស៊ីគឺជារឿងខុសច្បាប់ ៕ ម៉ែវ សាធី

2222


ចែករំលែក៖