ភ្នំពេញ៖ កីឡាករ កីឡាការិនី ថ្នាលរបស់កម្ពុជា ផ្នែកអត្តពលកម្មបានហ្វឹកហាត់ត្រៀមលក្ខណៈទៅចូលរួមប្រកួតចំនួន៣ព្រឹត្តិការណ៍ផ្សេងគ្នា ចាប់ខែមីនាតទៅ ។ នេះតាមការឲ្យដឹងពីសំណាក់លោក ពៅ ស៊ីថា គ្រូបង្វឹយុវជនថ្នាល់ជម្រើសជាតិកម្ពុជា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីលានបាល់ទាត់ក្នុងពហុកីឡដ្ឋានជាតិ ។
លោក ពៅ ស៊ីថា បានឲ្យដឹងថា តាមគម្រោង របស់សហព័ន្ធកីឡាអត្តពលកម្មកម្ពុជា បានដាក់ផែនការ តាមការណែនាំរបស់ក្រសួងអប់រំយុវជនកីឡា ដែលមានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ជាសេនាធិការ និងគ្រប់គ្រងកីឡាករ កីឡាការិនីជម្រើសជាតិ ទាំងឈុតធំនិងឈុតតូច។ ក្នុងនោះសហព័ន្ធបានត្រៀមកីឡាករកីឡាការិនី ៨នាក់ ហ្វឹកហាត់ត្រៀមទៅចូលរួមប្រកួត៣ព្រឹត្តិការណ៍ ដូចជា ការប្រកួតជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ ប្រព្រឹត្តទៅនាខែមីនា ខាងមុខនេះ។ ការប្រកួតជ្រើសរើសជើងឯកយុវជនអាស៊ី នៅប្រទេសថៃ និងព្រឹត្តិការណ៍ ប្រកួត កីឡាសិស្សនិស្សិត (School Games )នៅប្រទេសសិង្ហបុរី ។
លោកបានបន្តថា ចំពោះ៣ព្រឹត្តិការណ៍នេះ មានវិញ្ញាសាប្រកួតដូចគ្នា ដូចជា រត់ចម្ងាយ១០០ម៉ែត្រ ២០០ម៉ែត្រ ៤០០ម៉ែត្រ ៨០០ម៉ែត្រ និង១៥០០ម៉ែត្រ និងវិញ្ញាសាចោល គ្រប់វិញ្ញាសាទាំងអស់ ។ ប៉ុន្តែសម្រាប់យុវជនកម្ពុជា សហព័ន្ធដាក់ផែនការ ឲ្យហ្វឹកហ្វាត់ត្រៀម តែវិញ្ញាសា រត់ល្បឿន និងរត់មធ្យម ប៉ុណ្ណោះ ។ ការដាក់ឲ្យកីឡាករកីឡាការិនី ឲ្យលេងវិញ្ញាសាតិចបែបនេះ ដោយសារ យុវជនរបស់យើង ទើបតែចាប់ផ្តើមជាង១៤ខែ ក្នុងជំរុំប្រមូលផ្តុំហ្វឹកហាត់ ដោយបែងចែង ពេលវេលាហ្វឹកហាត់ ជា៣ដំណាក់កាល ទី១- ហ្វឹកហាត់មូលដ្ឋានគ្រឹះ ទី២-ការហ្វឹកហាត់បច្ចកទេស និងទី៣-ហ្វឹកហាត់កម្លាំងកាយសម្បទា។
លោកបានបញ្ជាក់ថា ចំពោះការដំណើរចេញទៅប្រកួតនៅក្នុងព្រឹត្តិការណ៍ទាំង៣ខាងលើនេះ ដើម្បីជំរុញឲ្យយុវជនរបស់យើង ដែលបានហ្វឹកហាត់រយៈពេលជាង១ឆ្នាំ បានចូលរួមដកស្រង់បទពិសោធន៍ ព្រោះកម្រិតរបស់យុវជន មិនទាន់អាចប្រកួតប្រជែង និងកីឡាករ កីឡាការិនី ប្រទេសក្នុងអាស៊ីបានទេ ។ ក្នុងចំណោមកីឡាករ កីឡាការិនីថ្នាលទាំង៨នាក់ ក្នុងនោះមានស្រី៤នាក់ បានកំពុងខិតខំជំរុញដល់ការហ្វឹកហាត់ជាប់ជាប្រចាំ ។ បើតាមការកត់សម្គាល់លោក យុវជនទាំង៨នាក់នេះ មានកម្រិតបច្ចេកទេសកើនឡើងប្រមាណ៣០% រយៈពេលហ្វឹកហាត់ជាង១ឆ្នាំកន្លងមកនេះ ៕ សារីម