ក្រសួងការបរទេសម៉ាឡេស៊ី បានកោះហៅមន្ត្រីស្ថានទូតកូរ៉េខាងជើង ក្រោយពេលដែលអគ្គរដ្ឋទូតប្រទេសនេះបានចោទប្រកាន់ម៉ាឡេស៊ីថា បានរួមដៃជាមួយសត្រូវ ទម្លាក់កំហុសទៅឲ្យកូរ៉េខាងជើង លើករណីស្លាប់របស់លោកគីម ជុងណាម។
រូបភាពវីដីអូស្តីពីសកម្មភាពសម្លាប់លោកគីម ជុងណាម ត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីយប់ថ្ងៃទី១៩ខែកុម្ភៈ ហើយបានបន្តចែកចាយ ពាស់ពេញបណ្តាញសង្គម និងគេហទំព័រជាច្រើន។ វីដីអូនោះ ត្រូវបានគេចាត់ទុកថា បណ្តាញព័ត៌មានជប៉ុនជាអ្នកផ្សាយមុន ប៉ុន្តែមិនទាន់បានបញ្ជាក់ពីការពិតនៅឡើយ។
នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ នេះ ក្នុងទីក្រុងកូឡាឡំពួរ លោក Kang Chol អគ្គរដ្ឋទូតកូរ៉េខាងជើងត្រូវបាន កោះហៅជាបន្ទាន់ ទៅកាន់ក្រសួងការបរទេសម៉ាឡេស៊ី ក្រោយពេលលោកបានចោទប្រកាន់រដ្ឋាភិបាលម៉ាឡេស៊ីថាឃុបឃិតជាមួយសត្រូវរបស់កូរ៉េខាងជើង ជុំវិញការស្លាប់របស់គីម ជុងណាម បងប្រុសរបស់មេដឹកនាំគីម ជុងអ៊ុន។
ប្រភពព័ត៌មានបានឲ្យដឹងថា ការកោះហៅលោក Kang Chol ទៅជួបពិភាក្សាជាសម្ងាត់ មិនទាន់មានសេចក្តីប្រកាសណាមួយស្តីពីហេតុការណ៍ខាងលើនៅឡើយ ។
សូមបញ្ចាក់ផងដែរថា លោក Kang chol បានទៅកាន់មន្ទីរពេទ្យទីក្រុងកូឡាឡំពួរពីរលើកក្នុងថ្ងៃទី១៧ ខែកុម្ភៈ ដើម្បីទទួលសាកសពលោកគីម ជុងណាម ប៉ុន្តែមិនបានសម្រេច ។ លោកបាននិយាយទៅកាន់អ្នកសារព័ត៌មានថា កូរ៉េខាងជើងបានប្រឆាំងទៅនឹងការត្រួតពិនិត្យសាកសព ដោយសារតែលោកគីម ជុងណាម ប្រើប្រាស់លិខិតឆ្លងដែនការបរទេស ដូច្នេះចាំបាច់ត្រូវតែប្រគល់ទៅឲ្យស្ថានទូតកូរ៉េខាងជើង ជាអ្នកទទួលខុសត្រូវ។
ស្ថានទូតកូរ៉េខាងជើងបានបញ្ជាក់ថា អ្នកស្លាប់នៅម៉ាឡេស៊ី គឺជាលោកគីម ជុងណាម បងប្រុសមេដឹកនាំគីម ជុងអ៊ុន ។ ប៉ុន្តែភាគីម៉ាឡេស៊ីបានបញ្ជាក់ថា ប្រសិនបើភាគីណាមួយចង់ទទួលសាកសពលោកគីម ជុងណាម គឺត្រូវតែ ឆ្លងកាត់ការពិត្យ AND ដើម្បីបញ្ជាក់ពីការជាប់សាច់ឈាម ។ ទីក្រុងកូឡាឡំពួរ ក៏បានបដិសេធ សំណើមិនពិនិត្យសាកសពពីកូរ៉េខាងជើងផងដែរ។
ប៉ូលិស ម៉ាឡេស៊ីបានចាប់ខ្លួនមនុស្ស៣នាក់ពាក់ព័ន្ធនឹងការស្លាប់របស់គីម ជុងណាម ក្នុងនោះមានជនជាតិកូរ៉េខាងជើង អាយុ៤៧ឆ្នាំ ធ្វើការនៅក្នុងក្រុមហ៊ុនអេឡិចត្រូនិចក្នុងទីក្រុងកូឡាឡំពួរ ។
នៅថ្ងៃទី២០ ខែកុម្ភៈនេះដែរ ប៉ូលិសម៉ាឡេស៊ីបានប្រកាសថា កំពុងតែតាមចាប់ខ្លួនជនជាតិកូរ៉េខាងជើង ៤នាក់ទៀត ប៉ុន្តែអ្នកទាំងនោះបានឡើងយន្តហោះចាកចេញពីម៉ាឡេស៊ី ក្នុងពេលដែលលោកគីម ជុងណាមស្លាប់៕ ម៉ែវ សាធី