ព័ត៌មានទាន់ហេតុការណ៍៖

អីុរ៉ង់គំរាមដំណើរការកម្មវិធីបរមាណូឡើយវិញបើអាមេរិកលុបកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ

ចែករំលែក៖

កាលពីថ្ងៃទី១៩ ខែកុម្ភៈ ប្រធានរដ្ឋ សភាអីុរ៉ង់លោក Ali Larijani បាន ប្រកាសថា ប្រសិនបើរដ្ឋាភិបាលថ្មីអីុរ៉ង់ លុបចោលកិច្ចព្រមព្រៀងបរមាណូជា ប្រវត្តិសាស្ត្រដែលរដ្ឋាភិបាលទីក្រុងតេអេ រ៉ង់ និងប្រទេសមហាអំណាចទាំង៦បានចុះហត្ថលេខាកាលពីខែកក្កដាឆ្នាំ២០១៥នោះអ្វីគ្រប់យ៉ាងនឹងវិលត្រឡប់ទៅកាន់ សភាពដើមវិញគឺអីុរ៉ង់នឹងចាប់ផ្តើមកម្មវិធីបរមាណូជាថ្មី។

លោក Ali Larijani បញ្ជាក់ទៀតថា អីុរ៉ង់នឹងដំណើរការទាំងស្រុងនូវកម្មវិធី បរមាណូវិញប្រសិនបើទីក្រុងវ៉ាស៊ីនតោន សម្រេចលុបចោលកិច្ចព្រមព្រៀងរវាងអីុរ៉ង់ នឹងប្រទេស៥បូក១ដែលមាន អាមេរិក រុស្ស៊ី អង់គ្លេស បារាំង ចិន និងអាល្លឺម៉ង់ កាលពីខែកក្កដាឆ្នាំ២០១៥នៅទីក្រុងវៀនណា ប្រទេសអូទ្រីស។

នៅពេលដែលអីុរ៉ង់លុបចោលកិច្ចព្រមព្រៀងនោះនឹងមិនមានកិច្ចពិភាក្សាទៀតឡើយស្តីពីកម្មវិធីបរមាណូដោយសារតែអីុរ៉ង់ មិនមានជំនឿចិត្តលើអាមេរិក បើពិភាក្សា ថ្មីក៏គ្មានប្រយោជន៍នោះដែរ។ ការដែល ប្រធានាធិបតី ដូណាល់ ត្រាំ ដឹកនាំអាមេរិក បង្កឲ្យមានមន្ទិលសង្ស័យទៅលើកិច្ចព្រមព្រៀងបរមាណូក្រោយលោក ត្រាំ បានថ្កោល ទោសជាច្រើនលើកទៅលើកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់។ រដ្ឋាភិបាលអីុរ៉ង់ ចាត់ទុកកិច្ចព្រមព្រៀងនោះគឺជារឿងអាក្រក់ បំផុតមិនធ្លាប់មានបើអាមេរិកត្រូវលុបចោល។

នៅក្នុងការប្រកាសនៅសភាលោក Ali Larijani បានលើកសរសើរដល់ទំនាក់ ទំនងរវាងទីក្រុងតេអេរ៉ង់និងទីក្រុងមូស្គូ មានភាពល្អប្រសើរជាលំដាប់ដោយប្រទេសទាំងពីរមិនមានវិវាទណាមួយឡើយ។ លោក Ali Larijani បញ្ជាក់ទៀតថា បច្ចុប្បន្ន យើងមានគោលដៅដូចគ្នានៅស៊ីរី និងឯកភាពទៅលើអនាគតរបស់ប្រទេសតំបន់ មជ្ឈិមបូព៌ាមួយនេះ។

ក្រៅពីនេះលោក Ali Larijani ក៏បាន លើកឡើងថា អីុរ៉ង់នឹងពិភាក្សាជាមួយ បណ្តាប្រទេសអារ៉ាប់នៅឈូងសមុទ្រក្នុងនោះមានទាំងប្រទេសសាវឌីអារ៉ាប៊ីដែលជាប្រទេសសត្រូវរបស់អីុរ៉ង់ផងដែរ។

កន្លងមកក្រសួងការបរទេសអីុរ៉ង់បានថ្កោលទោសយ៉ាងខ្លាំងដល់អាមេរិកនិង អីុស្រាអែលដែលប្រឆាំងនឹងកម្មវិធីបរមាណូ របស់អីុរ៉ង់។

អ្នកនាំពាក្យក្រសួងការបរទេសអីុរ៉ង់លោក Bahram Qasemi បានបញ្ជាក់ថា ការប្រកាសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអីុស្រា អែលលោក Benjamin netanyahu ទៅលើកម្មវិធីបរមាណូរបស់អីុរ៉ង់គឺជាការចោទ ប្រកាន់គ្មានតម្លៃជាដដែលៗ។ លោក Bahram Qasemi បញ្ជាក់ទៀតថា ការចោទ ប្រកាន់ប្រឆាំងអីុរ៉ង់ផ្ទុយពីរបាយការណ៍ របស់អង្គការថាមពលបរមាណូអន្តរជាតិ IAEA ដែលបានបញ្ជាក់ពីកម្មវិធីបរមាណូដោយសន្តិភាពរបស់អីុរ៉ង់។

អគ្គនាយកអង្គការថាមពលបរមាណូ អីុរ៉ង់លោក Ali Akbar Salehi បានបញ្ជាក់ ថា អំពីបច្ចេកទេសយើងអាចនិយាយបាន ថា យើងនឹងតបតវិញរាល់សកម្មភាពបំផ្លាញ កិច្ចព្រមព្រៀងណាមួយ។ លោកបន្តទៀត ថា អីុរ៉ង់មិនចង់ឲ្យកើតមាននូវការបំផ្លាញ កិច្ចព្រមព្រៀងនោះឡើយ ប៉ុន្តែអីុរ៉ង់បានត្រៀមលក្ខណៈសម្រាប់ថ្ងៃនោះរួចរាល់។

ប្រសិនបើអាមេរិកលុបចោលកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់នោះនឹងធ្វើឲ្យ ប្រទេសជាច្រើនទៀតមិនមានទំនុកចិត្តទៅលើអាមេរិកដោយសារតែគោលនយោបាយរបស់អាមេរិកអាចផ្លាស់ប្តូរគ្រប់ពេលទៅតាមការផ្លាស់ប្តូរប្រធានាធិបតី។

មេដឹកនាំសាសនាអីុរ៉ង់ដែលមានឥទ្ធិ ពលបំផុតនៅក្នុងប្រទេសគឺលោក Ali Khamenei បានថ្កោលទោសដល់ការ សម្រេចរបស់អាមេរិកដាក់ទណ្ឌកម្មទៅលើប្រទេសអីុរ៉ង់ក្រោយការសាកល្បង កាំជ្រួចមីស៊ីល។ ទន្ទឹមនឹងនោះលោកបានចាត់ទុកប្រធានាធិបតី ត្រាំ គឺជាមុខមាត់ ពិតរបស់អាមេរិក។

នៅក្នុងសុន្ទរកថាដំបូងចាប់តាំងពីប្រធានាធិបតី ត្រាំ ឡើងកាន់តំណែងលោក Khamenei បានអំពាវនាវឲ្យពលរដ្ឋអីុរ៉ង់ ចូលរួមដង្ហែក្បួនព្យុហយាត្រានៅថ្ងៃទី១០ ខែកុម្ភៈខាងមុខក្នុងឱកាសខួបអនុស្សាវរីយ៍ ថ្ងៃបដិវត្តន៍អ៊ិស្លាមអីុរ៉ង់ឆ្នាំ១៩៧៩ នឹង បង្ហាញការមិនភ័យខ្លាចចំពោះការគំរាម កំហែងពីអាមេរិក។

មានប្រសាសន៍ទៅកាន់មេបញ្ជាការ កងទ័ពនៅទីក្រុងតេអីុរ៉ង់លោក Khamenei បានបញ្ជាក់យ៉ាងច្បាស់ថា «យើងដឹងគុណ ដល់លោក ត្រាំ ដែលបានធ្វើឲ្យយើងបានដឹងនូវធាតុពិតរបស់អាមេរិក»។

ជាមួយគ្នានេះដែររដ្ឋមន្ត្រីការបរទេស អីុរ៉ង់លោក Mohammad Javad Zarif បាន បញ្ជាក់ថា ទីក្រុងតេអេរ៉ង់នឹងមិនពិភាក្សា ឡើងវិញទៅលើកិច្ចព្រមព្រៀងបរមាណូដែលលោកត្រាំបានបញ្ជាក់ថា ជា«កាដូ»សម្រាប់ប្រទេសសាធារណរដ្ឋអ៊ិស្លាមអីុរ៉ង់។

ពាក់ព័ន្ធនឹងករណីដាក់ទណ្ឌកម្មរបស់អាមេរិកប្រទេសអុីរ៉ង់បានប្រកាសពីការប្ដេជ្ញា សងសឹកចំពោះសហរដ្ឋអាមេរិកបន្ទាប់ពីបានសម្រេចដាក់ទណ្ឌកម្មថ្មីទៅលើអុីរ៉ង់ ដើម្បីជាការឆ្លើយតបទៅនឹងការធ្វើតេស្ដ ក្បាលគ្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ កន្លងទៅស្របពេលដែលបណ្ដាប្រទេសក្នុងពិភព លោកមានបំណងចង់លុបបំបាត់អាវុធ ប្រល័យលោក និងនុយក្លេអ៊ែរ។

ទណ្ឌកម្មថ្មីមួយនេះជាលើកដំបូង ហើយ ដែលដាក់ទៅលើប្រទេសនៅតំបន់មជ្ឈិមបូព៌ាចាប់តាំងពីប្រធានាធិបតីថ្មីរបស់សហ រដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានឡើង កាន់តំណែង។ កាលពីថ្ងៃទី២០ ខែមករា ប្រធានាធិបតីថ្មីរូបនេះបានបង្ហាញពីជំហរ តឹងរ៉ឹង ចំពោះប្រទេសអុីរ៉ង់ដោយបាន លើកឡើងក្នុងបណ្ដាញសង្គម Twitter ឲ្យដឹងថា “អុីរ៉ង់កំពុងប្រលែងលេងជាមួយភ្លើងពួកគេមិនបានកោតសរសើរទឹកចិត្តល្អរបស់លោកប្រធានាធិបតី បារ៉ាក់ អូបា ម៉ា ទៅលើពួកគេមិនមែនខ្ញុំនោះទេ”៕ ម៉ែវ សាធី

RTR2RQIG


ចែករំលែក៖