កាលពីថ្ងៃទី២០ ខែកុម្ភៈ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា អគ្គរដ្ឋទូតរុស្សីប្រចាំនៅអង្គការសហប្រជាជាតិលោក Vitaly Churkin បានទទួលមរណភាព ដោយមិនដឹងពីមូលហេតុនៅទីក្រុងញ៉ូវយ៉កអាមេរិក មុនថ្ងៃខួបកំណើតលើកទី៦៥របស់លោក ។
ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ពីការស្លាប់ខាងលើតែមិនបានបញ្ចាក់ពីមូលហេតុបណ្តាលឲ្យស្លាប់នោះឡើយ ។ ប៉ុន្តែតាមប្រភពព័ត៌មានពីមន្ទីរពេទ្យនៅ Manhattan ទីក្រុងញ៉ូវយ៉ក បានឲ្យដឹងថា នៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ លោក Churkin បានបញ្ជូនទៅសង្គ្រោះបន្ទាន់ ក្នុងស្ថានសន្លប់ ដោយសារតែឈឺបេះដូចខ្លាំង ។
ក្នុងពេលជាមួយគ្នានោះ តំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Gutteres បានឲ្យដឹងថា មន្ត្រីអង្គការសហប្រជាជាតិពិតជាមានការតក់ស្លត់ទៅនឹងព័ត៌មានខាងលើ ហើយអង្គការសហប្រជាជាតិ សូមចូលរួមរំលែកទុក្ខដល់ទីក្រុងមូស្កូរ និងគ្រួសារជនរងគ្រោះផងដែរ។
លោក Churkin បានតែងតាំងកាន់តំណែងជាប្រធានគណៈប្រតិភូរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិតាំងពីខែឧសភា ឆ្នាំ២០០៦ មកទល់ពេលនេះ ។ នៅមុនកាន់តំណែង នៅអង្គការសហប្រជាជាតិ លោក ធ្លាប់កាន់តំណែងជាអគ្គរដ្ឋទូតប្រចាំនៅប្រទេសប៊ែលហ្សិច កាណាដា សម្ព័ន្ធយោធាណាតូ ជាដើម ។ នៅឆ្នាំ២០០០ លោកកាន់តំណែងជាអគ្គរដ្ឋទូត ចល័ត របស់ក្រសួងការបរទេសរុស្ស៊ី ។
ការស្លាប់របស់អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិបង្កក្តីបារម្ភយ៉ាងខ្លាំង ក្រោយពេលមានមន្ត្រីការបរទេសជាច្រើនស្លាប់ជាបន្តបន្ទាប់ ។ កន្លងមកនៅក្នុងប្រទេសក្រិច មន្ត្រីការបរទេស ប្រចាំនៅស្ថានទូតក្នុងប្រទេសនេះ បានស្លាប់នៅក្នុងផ្ទះផ្ទាល់ខ្លួន កណ្តាលទីក្រុងអាទែន កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧។ ការស្លាប់នោះត្រូវបានគេបញ្ជាក់ថាដោយសារតែខ្យល់គរ ៕