យ៉ាងហោចណាស់ ក៏មានមនុស្ស៥នាក់ស្លាប់ ក្រោយពេលយន្តហោះធុនតូចមួយគ្រឿង ប្រភេទ Beechcraft B200 បានដាំក្បាលបុកចូលមជ្ឈមណ្ឌលផ្សារទំនើបនៅទីក្រុងម៉ែលមឺន ប្រទេសអូស្ត្រាលី ។
សារព័ត៌មាន BBC បានផ្សាយថា ហេតុការណ៍ខាងលើ កើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ។ មន្ត្រីប៉ូលិស រដ្ឋ Victoria លោក Stephen Leane បានឲ្យដឹងថា ជនរងគ្រោះស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់នោះគឺ ជាអ្នកដំណើរនៅលើយន្តហោះ។
យន្តហោះខាងលើ មានបញ្ហាម៉ាស៊ីនពេលហោះហើរចេញពីអាកាសយានដ្ឋាន Essendon ក្នុងទីក្រុងម៉េលមឺន ។ សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា យន្តហោះខាងលើធ្លាក់បុកចំកន្លែងស្តុកទំនិញនៅក្នុងផ្សារ ហើយផ្ទុះ ជាភព្វសំណាងពេលហេតុការណ៍គ្រោះថ្នាក់កើតឡើង នៅផ្សារទំនើបនោះមិនទាន់បើកទ្វារនៅឡើយទេ ។
លោក Mikey Cahill សាក្សីនៅកន្លែងកើតហេតុបាននិយាយទៅកាន់បណ្តាញព័ត៌មាន Herald Sun ថា« ខ្ញុំគិតថា នឹងមានរឿងរន្ធត់កើតឡើង នៅពេលមានសម្លេងផ្ទុះយ៉ាងខ្លាំង និងផ្សែងខ្មៅគ្របដណ្តប់នៅតំបន់នោះ» ។
មនុស្ស៥នាក់នៅលើយន្តហោះសំណាងអាក្រក់នោះ ធ្វើដំណើរពី King Island ក្នុងតំបន់ Tasmania ។ ក្រសួងចរាចរណ៍អូស្ត្រាលីនឹងបើកការស្រាវជ្រាវពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ខាងលើកើតឡើង ៕