ប៉ូលិសថៃកាលពីថ្ងៃទី២០ ខែកុម្ភៈ បាន ប៉ះទង្គិចគ្នាជាមួយព្រះសង្ឃនៅក្នុងវត្តធម្មកាយនៅពេលដែលប៉ូលិសព្យាយាមចូលចាប់ព្រះសង្ឃដែលរងការចោទប្រកាន់ពី បទលាងលុយខ្មៅ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ព្រះចៅអធិការដែលប៉ូលិសកំពុងតែស្វែងរកចាប់ព្រះកាយ មានព្រះនាមថា Phra Dha- mmachayo ព្រះជន្ម៧២វស្សា។ កម្លាំង សន្តិសុខថៃបានឡោមព័ទ្ធវត្តខាងលើដែល មានទំហំរហូតដល់ទៅ៤០០ហិកតានៅ ជាយក្រុងបាំងកក។ នៅថ្ងៃទី២០ ខែកុម្ភៈ ភាពតានតឹងកើតឡើងក្នុងពេលដែលពុទ្ធបរិស័ទមិនព្រមចាកចេញពីវត្តរារាំងដល់សកម្មភាពអនុវត្តច្បាប់របស់កម្លាំងប៉ូលិស។
រដ្ឋាភិបាលថៃបានអនុញ្ញាតឲ្យប៉ូលិសប្រើប្រាស់អំណាចរបស់ខ្លួនដើម្បីបំបែកក្រុម រារាំង ទើបបណ្តាលឲ្យមានការប៉ះទង្គិចគ្នាកើតឡើង ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករង របួសនោះឡើយ។ លោក Suriya Singhakamol អនុប្រធានក្រុមស្រាវជ្រាវថៃបានឲ្យដឹងថា កម្លាំងប៉ូលិសនឹងធ្វើឲ្យអស់ពី សមត្ថភាពដើម្បីបញ្ចៀសការប៉ះទង្គិចគ្នាជាមួយព្រះសង្ឃ។ ក្នុងពេលដែលស្វែងរកចាប់ព្រះកាយព្រះចៅអធិការប៉ូលិសមិន យកអាវុធទៅជាមួយនោះឡើយ។
សូមបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី ១៥ ខែកុម្ភៈ ប៉ូលិសនិងទាហានថៃបានឡោម ព័ទ្ធជុំវិញវត្ត Dhammakya ដើម្បីចាប់ព្រះ កាយ ព្រះចៅអធិការ Phra Dhammajayo ដែលជាព្រះសង្ឃមានឥទ្ធិពល និងជិតស្និទ្ធ ជាមួយអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ហើយព្រះចៅអធិការទទួល រងការចោទប្រកាន់ពីបទលាងលុយខ្មៅ។
កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ នេះដែរ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានចុះហត្ថលេខាលើច្បាប់តាមរដ្ឋធម្មនុញ្ញមាត្រាទី៤៤ អនុញ្ញាតឲ្យប៉ូលិសនិងទាហានចូលទៅក្នុងវត្តត្រួតពិនិត្យនិងចាប់ខ្លួនព្រះចៅ អធិការ។ តាមច្បាប់ខាងលើកម្លាំងសមត្ថកិច្ចមានសិទ្ធិពេញលេញក្នុងការឆែកឆេរដោយសារតែនៅក្នុងវត្តនោះបានប្រឆាំង នឹងច្បាប់។
ព្រះចៅអធិការវត្តធម្មកាយទទួលរងការ ចោទប្រកាន់ទទួលប្រាក់រាប់លានបាតពី មន្ត្រីពុករលួយ និងមានសកម្មភាពល្មើស ច្បាប់ជាច្រើនផ្សេងទៀតផងដែរ។
ប្រភពព័ត៌មានពីកម្លាំងយោធាបានឲ្យដឹងថា ការចូលទៅក្នុងវត្តត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភៈនេះ ហើយកម្លាំងទាហានមានតួនាទីរារាំងបរិស័ទចូលមកបិទច្រកផ្លូវរារាំងការអនុវត្តច្បាប់របស់សមត្ថកិច្ច។
នៅក្នុងឆ្នាំ២០១៦ ប៉ូលិសបានបង្ខំចិត្តបោះបង់ការអនុវត្តតាមសាលដីការបស់ តុលាការដោយសារតែច្រកផ្លូវចូលក្នុងវត្តត្រូវបានបិទដោយប្រជាពុទ្ធបរិស័ទ។ ជាមួយ នឹងអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចានអូចា លើកនេះការចូលទៅក្នុងវត្តឆែក ឆេរ និងចាប់ព្រះសង្ឃពាក់ព័ន្ធអាចនឹង ប្រព្រឹត្តបានដោយជោគជ័យ៕ ម៉ែវ សាធី