ខេត្តមណ្ឌលគិរី ៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានបញ្ជាឲ្យមន្ទីរ បរិស្ថានដកដីព្រៃសហគមន៍ទំហំ២៣ហិកតា ដែលលោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តនេះបានកាប់រានយកធ្វើជាកម្មសិទ្ធិ ។
ការបញ្ជារបស់លោកអភិបាលខេត្តនេះ បានធ្វើឡើងតាមរយៈចំណារលើរបាយ ការណ៍របស់មន្ទីរបរិស្ថាន បន្ទាប់ពីគណៈ កម្មការចុះត្រួតពិនិត្យករណីលោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទកាប់រានដីព្រៃសហគមន៍ នៅភូមិស្រែអ៊ី សង្កាត់ រមនា ក្រុងសែនមនោរម្យបានរកឃើញថា លោកយន់ សារ៉ោម បានកាប់រានដីព្រៃរបស់សហគមន៍ចំនួន២៣ហិកតា ។
សូមបញ្ជាក់ថា លោកយន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌល គិរី រងការចោទប្រកាន់ពីសហគមន៍ចំនួន២ នៅសង្កាត់រមនា ក្រុងសែនមនោរម្យថា ដីព្រៃសហគមន៍ជាង១០០ហិកតា នៅភូមិ ស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរូបនេះកំពុងប្រើអំណាចកាប់រុក រានទន្ទ្រានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងរំភើយគ្មានញញើតច្បាប់ឡើយ បើទោះបី ដីព្រៃនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានឬគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើក៏ដោយ ។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា លោកពិតជា បានទទួលចំណាររបស់លោកអភិបាល ខេត្តឲ្យដកដីព្រៃពីលោកយន់ សារ៉ោម ដែលគណៈកម្មការចម្រុះបានរកឃើញ ចំនួន២៣ហិកតានេះមែន ។
ទោះបីយ៉ាងណា លោកប្រធានមន្ទីរ បរិស្ថានបានបញ្ជាក់ថា មន្ទីរជំនាញបរិស្ថាន របស់លោកបានធ្វើរបាយការណ៍ជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរីរួចហើយ ។ ជាមួយគ្នានេះ លោកកែវ សុភគ៌ បានបញ្ជាក់ថា លោកនឹងបញ្ជូនសំណុំរឿងពាក់ព័ន្ធការកាប់រានដីព្រៃរបស់លោកយន់ សារ៉ោម ទៅតាមផ្លូវច្បាប់ ។
ទាក់ទងករណីខាងលើនេះលោក សូ សុវិទ្យា ព្រះរាជអាជ្ញារងតុលាការខេត្ត មណ្ឌលគិរីបានឲ្យដឹងថា តំណាងអយ្យការ បានទទួលរបាយការណ៍របស់មន្ទីរបរិស្ថាន រួចហើយ ។ ប៉ុន្តែមិនទាន់ទទួលបានសំណុំ រឿងដែលមន្ទីរជំនាញបញ្ជូនមកនៅឡើយ ។
ឆ្លើយតបនឹងចំណាត់ការរបស់មន្ទីរ ជំនាញនេះលោក យន់ សារ៉ោម ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីបានឲ្យដឹងថា បើមានចំណាត់ការបែបនេះមែន លោកនឹងហែកកកាយពាក់ព័ន្ធនឹងកាប់រានព្រៃយកដីនេះដែលអ្នកខ្លះមានរហូតដល់ ៥០០ហិកតាដល់១.០០០ហិកតានៅខេត្ត មណ្ឌលគិរីនេះទាំងអស់ ៕ ហេង នរិន្ទ្រ