ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែមានជំងឺផ្តាសាយគ្រូពេទ្យចាក់ថ្នាំ១ម្ជុលអ្នកជំងឺប្រកាច់ស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសម្នាក់មានជំងឺ ផ្តាសាយបន្តិចបន្តួចរួចជិះម៉ូតូទៅឱ្យគ្រូ ពេទ្យពិនិត្យនិងព្យាបាលត្រូវគ្រូពេទ្យចាក់ថ្នាំ១ម្ជុលស្រាប់តែប្រកាច់ស្លាប់ភ្លាមៗបង្ក ឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុកហើយទូរស័ព្ទឲ្យបងប្អូនមកជួយ។ ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិបឹងវែង ឃុំ-ស្រុកស្វាយជ្រំ ។

បើតាមស្ត្រីឈ្មោះ ផាង សារ៉ាន អាយុ ៥០ឆ្នាំ ជាប្រពន្ធបានឱ្យដឹងថា ប្តីគាត់ដែល ស្លាប់ឈ្មោះព្រាប សុវណ្ណ អាយុ៤៤ឆ្នាំ មានមុខរបរជាអ្នកបើករថយន្តដឹកកម្មករ។ នៅមុនពេលកើតហេតុប្តីគាត់មានជំងឺ ផ្តាសាយមួយអាទិត្យមកហើយ ប៉ុន្តែនៅតែបើកបររថយន្តដឹកកម្មកររាល់ថ្ងៃបាន លុះ នៅថ្ងៃកើតហេតុវេលាម៉ោងប្រមាណជា៦ និង២០នាទីល្ងាចប្តីគាត់បានប្រាប់កូនថា “ឪមិនស្រួលខ្លួនទេ ឪទៅផ្ទះពេទ្យឲ្យគេពិនិត្យរកថ្នាំលេប ហើយចាំមកវិញចាំស្ល ” ។

ស្ត្រីជាភរិយាបន្តថា បន្ទាប់មកប្តីរបស់គាត់បានជិះម៉ូតូទៅផ្ទះគ្រូពេទ្យដោយខ្លួន ឯងចម្ងាយជិត១គីឡូម៉ែត្រដើម្បីពិនិត្យ ព្យាបាលស្រាប់តែម៉ោងប្រមាណជា៦និង ៤០នាទីល្ងាច កូនប្រុសគ្រូពេទ្យឈ្មោះសុខ កុសល ទូរស័ព្ទហៅរូបគាត់ជាប្រពន្ធថា បង ស្រីជួយមកមើលបងប្រុសផងមិនដឹងយ៉ាង ម៉េចទេមុខឡើងខ្មៅអស់ហើយ។ គ្រាន់តែឮភ្លាមកូនៗបានបើករថយន្តទៅមើល តែ ឪពុកបានស្លាប់បាត់ទៅហើយ ប៉ុន្តែប្រពន្ធ កូនមិនអស់ចិត្តបានលើកជនរងគ្រោះដាក់លើរថយន្តដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយជ្រំដើម្បីសង្គ្រោះប៉ុន្តែគ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះ សុខ ហ៊ិន អាយុ៧១ឆ្នាំ អតីតពេទ្យចូលនិវត្តន៍ រស់នៅភូមិជាមួយគ្នាក្រោយពេលកើត ហេតុគ្រូពេទ្យនេះរត់គេចខ្លួនបាត់។ សមត្ថ កិច្ចបានបន្តថា ក្រោយកើតហេតុមានមន្ត្រីសុខាភិបាលចូលរួមធ្វើកោសល្យវិច័យ ដឹងថា ក្រោយពីបានចាក់ថ្នាំមូយម្ជុលរួច អ្នកជំងឺមានអាការខុសពីធម្មតាទឹកមុខឡើង ខ្មៅក៏គាំងបេះដូងស្លាប់តែម្តងទៅ។

បើតាមលោក កែរ រដ្ឋា ប្រធានមន្ទីរ សុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោយពីទទួលដំណឹងភ្លាមក្រុមគ្រូពេទ្យ របស់លោកបានចុះធ្វើកោសល្យវិច័យរួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយ សារចាក់ថ្នាំមែន ប៉ុន្តែដោយសារគ្រូពេទ្យ រត់បាត់មិនដឹងថាចាក់ថ្នាំអ្វី និងមិនមាន បន្សល់ទុកសំបកថ្នាំជាភស្តុតាងទេ ។

ក្រោយពិនិត្យរួចរាល់ហើយសមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន

sr (1) sr (2)


ចែករំលែក៖