ខេត្តកណ្តាលៈ យុវជនម្នាក់ធ្វើសកម្មភាពឆបោកយកម៉ូតូមួយគ្រឿង ពីក្មេងប្រុសសិស្សសាលាទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវ ស៊ីចាយអស់លុយ ទើបសមត្ថកិច្ចនគរបាលក្រុងតាខ្មៅសហការជាមួយឪពុកក្មេងប្រុសរងគ្រោះចាប់ខ្លួនបាន ខណៈកំពុងអង្គុយលេងអ៊ីនធើណេតនៅក្នុងហាងមួយកន្លែង ស្ថិតក្នុងនៅជិតសាលាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។
ករណីឆបោកម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ សាម៉ល់ ឧត្ដម ហៅដុំ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅអចិន្ត្រយ៍ភូមិរាជធរ ឃុំតាម៉ៅ ស្រុកព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកឯជនរងគ្រោះឈ្មោះ ឡាំ ដេវីត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរទី មុខរបរ សិស្ស មានទីលំនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BI-3799 ។
ប្រភពដដែលបានបន្តថា កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ ក្មេងប្រុសរងគ្រោះបានជិះម៉ូតូទៅរកឌុបស្ត្រីជាម្តាយនៅផ្សារតាខ្មៅថ្មី ។ ពេលទៅដល់ផ្សារមិនជួបស្ត្រីជាម្តាយក៏ជិះម៉ូតូក្នុងគោលបំនងត្រឡប់ទៅផ្ទះនៅឯសង្កាត់ចាក់អង្រែក្រោមវិញ ខណៈនោះក៏បានជួបជនសង្ស័យតាមផ្លូវ ។ ជនសង្ស័យក៏បានសុំក្មេងប្រុសរងគ្រោះដែលជាអ្នកធ្លាប់ស្គាល់គ្នាជិះទៅផ្ទះដែរ ពេលជិះបានបន្តិចជនសង្ស័យក៏បានសុំក្មេងប្រុសរងគ្រោះបើកម៉ូតូវិញ ដោយឲ្យជនរងគ្រោះជាម្ចាស់ម៉ូតូជិះក្រោយ ។
ប្រភពដដែលបានបន្តទៀតថា ពេលបើកម៉ូតូឌុបជនរងគ្រោះបានបន្តិច ជនសង្ស័យក៏ប្រើល្បិចជាជ្រុះលុយ ហើយបានឈប់ម៉ូតូឲ្យជនរងគ្រោះចុះរើស ខណៈជនរងគ្រោះកំពុងរើសលុយ ជនសង្ស័យក៏បានជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់ទៅ ។ ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ដើម្បីឲ្យជួយអន្តរាគមន៍ ទោះជាយ៉ាងណាជនសង្ស័យបានគេចខ្លួនបាត់ទៅហើយ ។ លុះមកដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបជនរងគ្រោះតាមរកជនសង្ស័យឃើញក៏ចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពឆបោកយកម៉ូតូរបស់ក្មេងប្រុសរងគ្រោះប្រាកមែន ។ ម៉ូតូជនរងគ្រោះរូបគេបានយកទៅដាក់បញ្ចាំនៅហាងទទួលបញ្ចាំ ម្តុំផ្សារឃ្លាំងរំសេវក្នុងតម្លៃ២០០ដុល្លារ ៕ ស្អាងជ័យ