ព័ត៌មានទាន់ហេតុការណ៍៖

យុវជនបដិវត្តន៍ពណ៌ អរគុណរាជរដ្ឋាភិបាលដែលធ្វើឲ្យគេចេះគិតជាងមុន

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ដែលប្រកាសធ្វើបដិវត្តន៍ពណ៌ តាមហ្វេសប៊ុក បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាប់ខ្លួនដាក់ពន្ធនាគារ ធ្វើឲ្យគេចេះគិតជាងមុន ពោលគឺមិនឆេវឆាវទៀតឡើយ ។

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយដើរចេញពន្ធនាគារ យុវជនឈ្មោះ គង់ រ៉ៃយ៉ា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា អរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាប់រូបគេឲ្យលត់ដំខ្លួននៅក្នុងពន្ធនាគារ ហើយថាការជាប់ពន្ធនាគារនេះបានជំរុញឱ្យរូបគេមានការផ្លាស់ប្តូរស្ទើតែទាំងស្រុង។

យុវជន គង់ រ៉ៃយ៉ា បន្តថា ខ្លួនជាប់ពន្ធនាគារ១ឆ្នាំកន្លះ បានស្វែងយល់ពីខ្លួនឯងច្រើន។ កាលពីមុនគិតតែមួយឆាវៗ ប្រៀបបីដូចជាគោស្ទាវឡើងកមិនដឹងខ្យល់ ប៉ុន្តែមកដល់ពេលនេះ បទពិសោធន៍នៅក្នុងពន្ធនាគារធ្វើឲ្យទទួលបានច្រើនហើយក៏ជូចត់ខ្លាំងដែរ ។

ដោយសារតែបទពិសោធន៍ នៅក្នុងពន្ធនាគារនេះហើយ បានធ្វើឲ្យខ្លួនកាន់តែរឹងមាំ។ ពីមុនគិតត្រឹម៥០ភាគរយទេ ប៉ុន្តែឥឡូវ១០០ភាគរយ។ ខ្លួននឹងបន្តការងារដើម្បីប្រទេសជាតិសង្គម និងពលរដ្ឋ ។

គួររំលឹកថា ក្រោយអនុវត្តទោសបញ្ចប់ យុវជន គង់ រ៉ៃយ៉ា ត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២២ ខែកុម្ភៈ ។

យុវជនរូបនេះ ត្រូវបានតុលាការគ្រប់ជាន់ថ្នាក់ ពោលគឺតាំងពីសាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធរណ៍ និង តុលាការកំពូល សម្រេចដូចគ្នា ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ៦ខែ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

យុវជនឈ្មោះ គង់ រ៉ៃយ៉ា អាយុ២៦ឆ្នាំ រហស្សនាមនៅក្នុងហ្វេសប៊ុក soriya koko បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា ” តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ ” ។

ក្រោយការប្រកាសនេះ សមត្ថកិច្ចអគ្គស្នងការនគរបាលជាតិ បានឃាត់ខ្លួនយុវជនរូបនេះ ដោយចាត់ទុក ការប្រកាសនេះ ធ្វើឱ្យមានភាពអសន្តិសុខក្នុងសង្គម ៕ ចេស្តា

Neat


ចែករំលែក៖