ភ្នំពេញ៖ លោក ធិនវិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រាប់ឲ្យដឹងនៅក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារអនុវិស័យការអប់រំកាយ និងកីឡាឆ្នាំ២០១៦ និងលើកទិសដៅ ឆ្នាំ២០១៧ កាលព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ថា សហព័ន្ធកីឡាចំបាប់កម្ពុជា បានសម្រេចបញ្ជូនកីឡាករ កីឡាការិនី១០នាក់ ទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតចំបាប់ជើងឯក អាស៊ីអគ្នេយ៍នៅថៃ ដែលចាប់ផ្តើមដំណើរនៅពីថៃ្ងទី១ ដល់ថៃ្ងទី៨ ខែមេសា ឆ្នាំ២០១៧ ។
លោក បញ្ជាក់ថា កីឡាករ កីឡាការិនីចំបាប់កម្ពុជាទាំង១០នាក់ ដែលត្រូវទៅចូលរួមប្រកួតជើងឯកអាស៊ីអគ្នេយ៍នៅថៃនេះ មិនទាន់មានការសម្រេចរើសកីឡាករ កីឡាការិនី ឬ ប្រភេទទម្ងន់ណាមួយនៅឡើយទេ ត្បិតការប្រមូលផ្តុំក្រុមជម្រើសជាតិ ទើបតែចាប់ផ្តើម ត្រូវរង់ចាំដល់សប្តាហ៍ក្រោយមួយទៀត ទើបគណៈកម្មការបច្ចេកទេសរបស់សហព័ន្ធ អាចធ្វើតេស្តិ៍សម្រាំងយកកីឡាករ កីឡាការិនីបាន ។ អគ្គលេខាធិការរូបនេះបានបន្តថា ការបញ្ជូនអត្តពលិកទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្មេយ៍នេះ រាល់ថ្លៃចំណាយទាំងអស់ទទួលបានការរ៉ាប់រងពីលោក ខេស៊ីបាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថានខាមអេដ ។
លោកបន្ថែមថា ការប្រកួត ខ្ញុំមានជំនឿចិត្តខ្ពស់សម្រាប់កីឡាករ កីឡាការិនីកម្ពុជារបស់យើងអាចដណ្តើមយកមេដាយមកវិញ ប៉ុន្តែមិនដឹងថា មេដាយកម្រិតណាមួយនោះទេ។ ចំពោះការប្រកួតជើងឯកនេះ មានប្រទេស ដែលជាឧបសគ្គធំបំផុតរបស់កម្ពុជាក្នុងការដណ្តើមយកមេដាយមាសនោះ គឺវៀតណាម ក្រៅពីនោះ មិនមែនជាក្តី បារម្ភរបស់កម្ពុជាឡើយ ៕ សារីម