ខេត្តកណ្តាលៈ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ស្តារេច បើកបោះពួយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង២២ និង១៥នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុខ្សាច់កណ្តាលបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ស្តារេច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2W-9843 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានគេចខ្លួនបាត់ ។ ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ ផុន ភាព ភេទប្រុស អាយុ២៩ឆ្នាំ (ជាអ្នករួមដំណើរ) ម្នាក់ទៀតរងរបួសធ្ងន់ឈ្មោះ ឃ្លុន រ៉ា ភេទប្រុស អាយុ៣០ឆ្នាំ (ជាអ្នកបើកបរ) ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិត្រពាំងទឹម ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ1CA-3865 ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបង្កបើកបរតាមបណ្តោយផ្លូវលំក្នុងទិសដៅពីកើតទៅលិច លុះបើកដល់ចំណុចកើតហេតុបានបើកបត់ឡើងទៅលើផ្លូវលេខ៣៨០ឆ្ពោះទៅទិសខាងត្បូងវិញ ខណៈនោះក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះដែលកំពុងបើកបរក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឲ្យបុរសជាអ្នករួមដំណើរស្លាប់បាត់បង់ជីវិត រីឯអ្នកបើកបរម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបង្កបានចុះគេចខ្លួនបាត់ស្រមោល ។ ចំណែកឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកខ្សាច់កណ្តាល ធ្វើការវាស់វែងដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ