ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុកជាមួយរថយន្តស្លាប់ម្នាក់នៅគគីរធំ

ចែករំលែក៖

ខេត្តកណ្តាល: បុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកជាមួយថយន្តមិនស្គាល់ម៉ាកម៉ោង1និង30នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2017 លើកំណាត់ផ្លូវជាតិលេខ1 ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ48 លេខ49 ស្ថិតក្នុងភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកវរសេនីយ៍ត្រីព្រំ សំណាង អធិការរងទទួលផែនចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា ក្រោយពីបានព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញចរាចរស្រុកចុះទៅពិនិត្យកន្លែងកើតហេតុនិងសម្រួលចរាចរ ។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណទេ ទោះបីជាសមត្ថកិច្ច ខំព្យាយាមទំនាក់ទំនងតាមរយះលេខទូរស័ព្ទនៅលើវិកយ័បត្រ័ទទួលបញ្ចាំ ម៉ូតូដែលមាននៅជាប់នឹងម៉ូតូរបស់ជនរងគ្រោះ ក៏ពុំមានអ្នកស្គាល់អត្តសញ្ញាណដែរ ។

ជនរងគ្រោះភេទប្រុស អាយុប្រហែលជាង20ឆ្នាំ សម្បុរខ្មៅស្រអែមសក់ស្លូតខ្លី កម្ពស់ប្រហែល១,៧០ម៉ែត្រ ស្លៀកខោកាប៊ូយជើងវែង ពណ៌ខ្មៅ ពាក់អាវរៀងដៃវែងក្រឡា ពណ៌ប្រផេះ ជិះម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FW.3347។

បើតាមការសន្និដ្ធានរបស់នគរបាលជំនាញបានបញ្ជាក់ថា ជនរងគ្រោះបើកម៉ូតូក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ ពេលមកដល់ចំណុចកើតហេតុ ប្រហែល ជាបើកជែងហើយជ្រុលចង្កូតប៉ះនឹងអ្វីមួយ ឫក៏ងោកងងុយដេកមួយភាំងទើបបណ្តាលឲ្យម៉ូតូបោកដួលខ្ទាត់ទាំងម៉ូតូ និងមនុស្សទៅលើថ្នល់ជាតិចូលទៅចំណែកផ្លូវម្ខាងទៀត ស្របពេលនោះរថយន្តមិនស្គាល់អត្តសញ្ញាណបើកក្នុងទិសដៅផ្ទុយគ្នា ពីភ្នំពេញទៅអ្នកលឿង បើកមកដល់ជាន់ហ្វ្រាំងមិនទាន់បុកហើយកិនស្លាប់ ទាំងកណ្តាលយប់ ក្រោយកើតហេតុរថយន្តបង្កបើកគេចបាត់ ។

ជាមួយគ្នានេះដែរ សមត្ថកិច្ចសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ធ ដែលបានបាត់សមាជិកគ្រួសារដូចភិនភាគខាងលើ សូមទំនាក់ទំនងជាមួយនគរបាលស្រុកកៀនស្វាយ ដើម្បីមកទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី ព្រោះសពតម្កល់ទុកនៅវត្តបណ្តោះអាសន្ន ចំណែកម៉ូតូរងការខូចខាតស្ទើរទាំងស្រុង ត្រូវយកទៅរក្សាទុកនៅអធិការដ្ធាននគរបាលស្រុកកៀនស្វាយ៕ សណ្តោស

ae (1) ae (2) ae (3) ae (4) ae (5) ae (6) ae (7) ae (8) ae (9)


ចែករំលែក៖