ខេត្តបាត់ដំបង៖ កម្លាំងនគរបាលនិងកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ត្រូវគេមើលឃើញថា កំពុងមមាញឹកចេញប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ ។ នៅថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនត្រូវបានកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទខាងលើ ធ្វើការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យជាមេខ្លោងគ្រឿងញៀនប្រចាំខេត្តបាត់ដំបងរហូតដល់ទៅ៥នាក់ ក្នុងការបង្រ្កាប៤ករណីផ្សេងគ្នានៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ក្នុងនោះកម្លាំងអាវុធហត្ថបង្រ្កាបបាន៣ករណី,កម្លាំងនគរបាលបង្រ្កាប១ករណី និងថែមទាំងបានដកហូតវត្ថុតាងថ្នាំញៀនយ៉ាងសន្ធឹកសន្ធាប់ផងដែរ ។
ករណីទី១, ជនសង្ស័យគ្រឿងញៀន៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថបង្រ្កាបចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ អនុវត្តតាមដីកាចាប់ខ្លួនរបស់តុលាការ១នាក់ពាក់ព័ន្ធជួញដូរថ្នាំញៀនខុសច្បាប់ និងបង្រ្កាបជាក់ស្តែងជនង្ស័យកំពុងធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀន៣នាក់ ។ ការបង្រ្កាបជនសង្ស័យខាងលើអាវុធហត្ថធ្វើឡើងមានរយៈពេល២ថ្ងៃគឺថ្ងៃទី២៥ និង២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងភូមិសាស្រ្តស្រុកសង្កែ និងនៅក្រុងបាត់ដំបង ។ អាវុធហត្ថធ្វើការឆែកឆេរដកហូតបានថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន១១កញ្ចប់តូចស្មើនឹងទម្ងន់៤២.៥៧ក្រាម ។ ជនសង្ស័យទាំង៤នាក់មានឈ្មោះ១,វិន បូរ៉ា ភេទប្រុសអាយុ២៨ឆ្នាំ មានមុខរបរជាអាជីវករ រស់នៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ជននេះជាមេខ្លោងជួញដូរគ្រឿងញៀន ២,ចាន់ លី ភេទប្រុសអាយុ៣៣ឆ្នាំ ប្រកបមុខរបរជាអាជីវករ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ៣,នុត សាគន្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ប្រកបមុខរបរកម្មករ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបងនិង៤,មីន មូហាំម៉ាត់សាឡះ ហៅជា ភេទប្រុសអាយុ២៦ឆ្នាំ ប្រកបមុខរបរជាអាជីវករ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។ ជនសង្ស័យរូបនេះ អាវុធហត្ថចាប់ខ្លួនអនុវត្តតាមដីការតុលាការពាក់ព័ន្ធនិងបទល្មើសជួញដូរថ្នាំញៀន។
កម្លាំងអាវុធហត្ថបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀខាងលើ ក្រោយពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណៈ កាលពីកន្លងទៅថ្មីៗនេះ បានជម្រុញឱ្យកម្លាំងអាវុធហត្ថក្រោមបង្គាប់ទាំងអស់ត្រូវចេញប្រតិបត្តិការស្វែងរកបង្រ្កាបគ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់ ។ លោកមេបញ្ជាការក៏ ធ្លាប់ប្រមាន និងផ្លាស់ប្តូរតំណែងមេបញ្ជាការមូលដ្ឋានអាវុធហត្ថតាមបណ្តាស្រុកក្រុងមួយចំនួន នៅខេត្តបាត់ដំបង ដែលមិនមានសកម្មភាពចេញបង្រ្កាបគ្រឿងញៀនក្នុងតំណាក់កាលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀទ្រង់ទ្រាយធំទូទាំងប្រទេសនោះ ។
ករណីទី២, ស្រ្តីសង្ស័យមេខ្លោងគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកំរៀង បង្រ្កាបចាប់ឃាត់ខ្លួន និងដកហូតបានថ្នាំញៀនមេតំហ្វេតាមីនWY ចំនួន៣៨៨គ្រាប់។ការបង្រ្កាបស្រ្តីសង្ស័យមានឈ្មោះ ញ៉ុង អូន អាយុ៤៧ឆ្នាំ គ្មានមុខរបរពិតប្រាកដ កម្លាំងនគរបាល បង្រ្កាបបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិ ផ្លូវ៦ ឃុំតាក្រី ស្រុកកំរៀងខេត្តបាត់ដំបង គ្រាដែលស្រ្តីសង្ស័យកំពុងធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀននៅនិងផ្ទះរបស់ខ្លួន។
ជនសង្ស័យគ្រឿងញៀនទាំង៥នាក់ រួមនឹងវត្ថុតាងថ្នាំញៀនខាងលើត្រូវបានកម្លាំងអាវុធហត្ថនិងកម្លាំងនគរបាលកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់នោះហើយ៕ សំ វិច្ឆិកា