ស្ត្រីដែលជាជនដៃដល់ក្នុងការសម្លាប់លោក គីម ជុងណាម បងប្រុសមេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលបាន ស្លាប់កាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅក្នុង អាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី។
ជាជនជាតិឥណ្ឌូនេស៊ីឈ្មោះ Siti Aishah បានឲ្យដឹងថា រូបនាងត្រូវបានគេ ផ្តល់ប្រាក់ឲ្យ៤០០Ringgit ស្មើ៩០,១៥ ដុល្លារអាមេរិកឲ្យចូលរួមនៅក្នុងល្បែង ហ្គេមមួយ។ អគ្គរដ្ឋទូតរងប្រចាំនៅម៉ាឡេស៊ីលោក Andreano Erwin បានបញ្ជាក់ថា នាង Aishah បានរៀបរាប់ថា នៅពេល ចូលរួមលេងល្បែងនេះនាងត្រូវបានគេឲ្យ វត្ថុម្យ៉ាងដូចប្រេងសម្រាប់លាបឲ្យទារក ទើបកើត។
ក្រុមអ្នកវិភាគបានបញ្ជាក់ថា ជីវិត របស់លោក គីម ជុងណាម ត្រូវបានក្រុម ចារកម្មកូរ៉េខាងជើងចាត់ទុកជាគោលដៅនៃល្បែងហ្គេមក្នុងការធ្វើឃាតដោយឲ្យ លុយអ្នកដែលចូលរួមលេងល្បែងនេះក្នុងតម្លៃតែ៩០ដុល្លារប៉ុណ្ណោះ។
តាមការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងថា លោក គីម ជុងណាម ដែលត្រូវបានឃាតកជាស្រ្តី២នាក់ដាក់ថ្នាំពុលនៅព្រលានយន្ដហោះអន្ដរ ជាតិគូឡាឡាំពួរប្រទេសម៉ាឡេស៊ីបណ្ដាល ឲ្យរូបលោកស្លាប់ក្នុងរយៈពេល២០នាទីយ៉ាងវេទនាបំផុត។
ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia ចេញផ្សាយឲ្យដឹងថា នៅ ក្នុងសន្និសីទកាសែតរដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ីលោក S Subramaniam បានបញ្ជាក់ពីការរកឃើញពីការធ្វើកោសល្យ វិច័យ និងស្របទៅនឹងសេចក្ដីរាយការណ៍ពីប៉ូលិសបានបង្ហាញថា លោក គីម ជុង ណាម បងប្រុសមេដឹកនាំផ្ដាច់ការកូរ៉េខាងជើងត្រូវបានធ្វើឃាតដោយថ្នាំពុល Nerve agent VX ដែលជាប្រភេទថ្នាំពុលមានឥទ្ធិពលខ្លាំង និងមានប្រតិកម្មលឿនបំផុត។
យោងតាមសេចក្ដីថ្លែងការណ៍របស់ ប៉ូលិសម៉ាឡេស៊ីបានឲ្យដឹងថា សារធាតុ គីមីដែលត្រូវបានឃាតកប្រើប្រាស់ក្នុងការធ្វើឃាតលោក គីម ជុងណាម គឺជាប្រភេទ ថ្នាំគីមី VX nerve agent ដែលជាសារធាតុគីមីមានឥទ្ធិពលខ្លាំងបំផុត និងប្រតិកម្ម យ៉ាងលឿននៅពេលដែលឃាតកប្រើទៅលើជនរងគ្រោះ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដំបូងពីនាយករដ្ឋានគីមីវិទ្យានៃប្រទេសម៉ាឡេស៊ី ហើយលោក គីម ជុង ណាម បានស្លាប់យ៉ាងឈឺចាប់បំផុតបន្ទាប់ពីសារពាង្គកាយធំរបស់លោកលែងដំណើរ ការ។
កាលពីពេលថ្មីៗកន្លងទៅនេះសារព័ត៌មានសិង្ហបុរីបានចុះផ្សាយឲ្យដឹងថា Nerve agent ឬអាចហៅបានថា (ភ្នាក់ងារសរសៃ ប្រសាទ) គឺជាសារធាតុគីមីម្យ៉ាងដែល មានកម្រិតជាតិពុលខ្លាំងជាងគេបំផុត ហើយវាមានប្រតិកម្មយ៉ាងឆាប់រហ័ស។ ជាមួយគ្នានោះដែរ VX គឺជាសារធាតុគីមី ដែលមានសក្ដានុពលបំផុតដែរ ក្នុងចំណោម ធាតុគីមីទាំងអស់នោះ។ នេះបើយោងតាម ការឲ្យដឹងពីមជ្ឈមណ្ឌលអាមេរិកសម្រាប់ការការពារនិងគ្រប់គ្រងជំងឺ៕ ម៉ែវ សាធី