ខេត្តព្រះសីហនុ៖ កាលពី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នគរការិយាល័យកណ្តាល ព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ធ្វើសកម្មភាពប្លន់ ដោយប្រើប្រាស់ កាំបិតចុងស្រួច ភ្ជង់ ទៅលើស្ត្រី ជាបុគ្គលិក ធ្វើការនៅខារាអូខេយីហោ ឃីងផារ៉ូ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ០៣ និង ២៥នាទី ស្ថិតនៅចំណុចក្រុមទីក្រុម៤៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
នៅក្នុងរបាយការណ៍ របស់សមត្ថកិច្ចបានឲ្យដឹងថាជ នសង្ស័យមានគ្នា ២នាក់ដែលមានឈ្មោះ ១.ឈ្មោះ គង់ កីឡាកាស ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ជាជនដៃដល់ និង២ ឈ្មោះ ង៉ែត ឡែន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ជាសហចារី(អ្នកបើកម៉ូតូ) ។ រីឯស្ត្រី រងគ្រោះមានគ្នា ២នាក់ ១.ឈ្មោះ ខុំ ភាព ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ ចាប់ទឹកកក ឃីងផារ៉ូ មានទីលំនៅក្រុម៤៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និង២ ឈ្មោះ ហែម ស្រីមុំ ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ ចាប់ទឹកកក ឃីងផារ៉ូ មានទីលំនៅក្រុម៤៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ក្នុងនោះ សមត្ថកិច្ចបានចាប់យកសម្ភារដែលជនសង្ស័យប្លន់យក រួមមាន៖ ទូរស័ព្ទដៃម៉ាក អាយហ្វូនហ្វាយអេស ០១គ្រឿង ពណ៌ទឹកមាស, ទូរស័ព្ទដៃម៉ាក អាយហ្វូនហ្វាយ ០១គ្រឿង ពណ៌ស, ទូរស័ព្ទដៃម៉ាក អិនចុចពិល ០១គ្រឿង, អត្តសញ្ញាណប័ណ្ណ ០១សន្លឹក, លុយខ្មែរ ១៣០,០០០រៀល (ដម់បីម៉ឺនរៀល), លុយដុល្លារ ២០ដុល្លា (ម្ភៃដុល្លារ), កាតធនាគារ១, កាបូបស្ពាយពណ៌ស១ ។
សមត្ថកិច្ចបានបន្តនៅក្នុងរបាយការណ៍ទៀតថា វត្ថុតាងដែលដកហូតបានរួមមាន៖ ដាវមុខរណាមានចុងស្រួច ចំនួន០១ (ឧបករណ៍ប្រព្រឹត្តិបទល្មើស), ម៉ូតូម៉ាក JUPETER ពណ៌ខ្មៅ ០១គ្រឿង (មធ្យោបាយប្រព្រឹត្តិបទល្មើស), ទូរស័ព្ទដៃម៉ាក អាយហ្វូនហ្វាយអេស ០១គ្រឿង ពណ៌ទឹកមាស, ទូរស័ព្ទដៃម៉ាក អាយហ្វូនហ្វាយ ០១គ្រឿង ពណ៌ស ។ ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងបន្តនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ។
ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការនៅក្នុងខេត្តព្រះសីហនុ ដែលបានដឹង និងបានឃើញហេតុការណ៍ខាងលើ បានសម្តែងការព្រួយបារម្ភ និងនាំគ្នានិយាយថា បើទោះបីជាសមត្ថកិច្ចបង្ក្រាបបាន ក៏ពិតមែន ប៉ុន្តែសមត្ថកិច្ចគួរតែសិក្សាពីដើមចម នៃប្រភពចោរលួច-ឆក់-ប្លន់ កើតចេញមកពីកន្លែងណា ?
ប្រភពខាងលើបានបន្តបន្ថែមទៀតថា សព្វថ្ងៃ មានល្បែងសុីសងគ្រប់ប្រភេទ មានជាអាទិ៍ ល្បែងភ្នាល់ កន្ទុយលេខ នៅក្នុងផ្សារលើ និងគ្រប់ទីប្រជុំជននៅក្នុងខេត្ត។ ជាពិសេសកាសុីណូកំពុងរីកដូចផ្សិត មានរហូតដល់២៣កាសុីណូ ក្នុងនោះមានកាសុីណូខ្លះ អស់សុពលភាពអាជ្ញាប័ណ្ណប្រកបរបរកាសុីណូថែមទៀតផង ។
ប្រភពខាងលើបានបញ្ជាក់ទៀតថា បើយោងតាមអនុក្រិត្យណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលបានហាមឃាត់ មិនឲ្យប្រជាពលរដ្ឋខ្មែរចូលទៅលេងល្បែងនៅក្នុងកាសុីណូដែលមានខាងលើនេះ ប៉ុន្តែសព្វថ្ងៃគេសង្កេតឃើញ អតិថិជនជាប្រជាពលរដ្ឋខ្មែរ បាននាំគ្នាចូលលេងល្បែងតាមកាសុីណូបន្តកន្ទុយគ្នាដូចរដូវហែកឋិន ហើយគេមិនដែលឃើញសមត្ថកិច្ចជំនាញពាក់ព័ន្ធហាមឃាត់អ្នកញៀនល្បែងសុីសងទាំងនោះឡើយ។
ប្រភពទាំងនេះហើយ ទើបបណ្តាលឲ្យកើតមាន ចោរឆក់-ចោរលួច និងចោរប្លន់ ជាក់ស្តែងដូចជាករណីខាងលើនេះជាដើម បើថ្ងៃណាសមត្ថកិច្ចបង្ក្រាបមិនបាន ជនរងគ្រោះបានត្រឹមគ្រោះថ្នាក់ ឬបាត់បង់ជីវិត ។ល។ ៕ ឆ្លាម សមុទ្រ