ខេត្តកំពត៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមប្រជានេសាទប្រមាណជិត៥០០គ្រួសារបាននាំគ្នាចតទូកនៅមុខសាលាខេត្តកំពតលើកគ្នាតវ៉ារឿងទូកនេសាទវៀតណាមជាច្រើនគ្រឿងកាន់តែបន្តរំលោភចូលដែនសមុទ្រកម្ពុជា។
ក្រុមប្រជានេសាទបានលើកឡើងថា មូលហេតុដែលពួកគាត់នាំគ្នាតវ៉ានៅមុខសាលាខេត្តនៅព្រឹកនេះ ព្រោះតែពួកគាត់ ចង់ឲ្យអាជ្ញាធរ ពិសេសជំនាញជលផល និងនគរបាលជើងទឹកជួយបញ្ឈប់រាល់ សកម្មភាពបទល្មើសរបស់ជនជាតិវៀត ណាមលើផ្ទៃសមុទ្រ ខណៈដែលបច្ចុប្បន្នក្រុមទូកនេសាទធំៗរបស់វៀតណាមដូចជាប្រភេទទូកអូសគូបានកើនឡើងច្រើនជាងមុន ។
ពួកគាត់បានបន្តថា លើសពីនោះក៏មាន កម្លាំងយោធាជើងទឹកវៀតណាមជួយការពារក្រុមទូកនេសាទធំៗនោះទៀតផងធ្វើឲ្យ ប្រជានេសាទខ្មែរគ្មានកន្លែងណានេសាទ បានសុខ និងបានផលឡើយបើទោះជាស្ថិត នៅក្នុងទឹកដីរបស់កម្ពុជាយើងក៏ដោយ។
បើតាមប្រជានេសាទអះអាងថា ការណ៍ ដែលអ្នកនេសាទវៀតណាមអាចចូលមក នេសាទក្នុងដែនទឹកខ្មែរដោយសេរី ហើយ ជួនកាលបង្កហិង្សាលើអ្នកនេសាទខ្មែរ ទៀតនោះក៏ព្រោះតែមានការឃុបឃិតគ្នា រវាងអ្នកនេសាទវៀតណាមនឹងសមត្ថកិច្ច លើដែនសមុទ្រខ្មែរ។ សមត្ថកិច្ចលើដែន សមុទ្រខ្មែររួមមាននគរបាលដែនសមុទ្រ ឬ នគរបាលជើងទឹក និងមន្ត្រីរដ្ឋបាលជល ផល។ សមត្ថកិច្ចទាំងនេះអនុញ្ញាតឲ្យអ្នក នេសាទវៀតណាមចូលមកនេសាទក្នុង ដែនសមុទ្រខ្មែរដើម្បីផលប្រយោជន៍ណា មួយជាអាថ៌កំបាំង។
វាជារឿងដដែលៗដែលអាជ្ញាធរខេត្ត កំពតមិនអាចដោះស្រាយជូនអ្នកនេសាទ បាន។ លោកអភិបាលខេត្តកំពតមិនអាច សុំការបំភ្លឺបានទេ។ ប៉ុន្តែបើតាមប្រជា នេសាទក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងខេត្តកត់សម្គាល់ឃើញថា លោក ចាន់ ចេស្តា ដែលឡើងធ្វើជាអភិបាលខេត្តនៅពេល នេះមិនបានធ្វើអ្វីជាដុំកំភួន ឬដោះស្រាយ បញ្ហាអ្វីដែលជាទុក្ខកង្វល់របស់ប្រជាពល រដ្ឋឲ្យបានល្អប្រសើរនោះឡើយ។ ជាក់ ស្តែងករណីប្រជានេសាទនេះពួកគាត់បាន ឡើងមកតវ៉ារកកិច្ចអន្តរាគមន៍ពីអាជ្ញាធរ ខេត្តក្រោមអំណាចលោក ចាន់ ចេស្តា យ៉ាងហោចណាស់២ដងមកហើយ។
លោក ស សូរិន នាយខណ្ឌរដ្ឋបាល ជលផលកំពតមិនលើកទូរស័ព្ទ។ នាយ ខណ្ឌរដ្ឋបាលជលផលរូបនេះធ្លាប់មាន បញ្ហាជាច្រើននៅក្នុងដែនសមុទ្រ ជាពិសេស បញ្ហាអំពើហិង្សានៅគ្រាដែលលោកឡើង កាន់តំណែងថ្មីៗ។ បើតាមប្រជានេសាទ និយាយថា សមត្ថកិច្ចជំនាញ ពោលគឺរដ្ឋ បាលជលផលជាអ្នកបិទភ្នែក បត់ដុំដៃជា មួយឈ្មួញអ្នកនេសាទវៀតណាម។ មិន តែប៉ុណ្ណោះមន្ត្រីជលផលខេត្តកំពតពេល ខ្លះបែរជាបន្ទោសអ្នកនេសាទខ្មែរនៅពេល ដែលមានបញ្ហាជាមួយអ្នកនេសាទវៀត ណាមនោះទៀត។ នេះបង្ហាញឲ្យឃើញថា នាយខណ្ឌរដ្ឋបាលជលផលកំពតមិនយក ចិត្តទុកដាក់ដោះស្រាយបញ្ហាអ្នកនេសាទ ខ្មែរនោះឡើយ។ ដូច្នេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគួរក្រឡេកមើល នាយខណ្ឌរដ្ឋបាលជលផលកំពតម្នាក់នេះ ផង។
ក្រុមអ្នកតវ៉ាបាននិយាយដូចៗគ្នាថា ទាំងសមត្ថកិច្ច ទាំងអាជ្ញាធរខេត្តមិនមាន ចេតនាដោះស្រាយបញ្ហាជូនប្រជានេសាទ ខ្មែរនោះឡើយ។ បើដោះស្រាយបញ្ហាគឺ មានន័យថា បញ្ឈប់ការចូលមកនេសាទ របស់ជនជាតិវៀតណាមក្នុងដែនសមុទ្រ ខ្មែរ វាជាដូចជាការវាយបំបែកឆ្នាំងបាយ របស់មន្ត្រីខ្មែរខ្លះដែលរួមមាន អភិបាល ខេត្តកំពត, នាយខណ្ឌរដ្ឋបាលជលផល កំពត និងមន្ត្រីនគរបាលជើងទឹកនោះជា ដើម។
នៅមិនទាន់អាចសុំការបកស្រាយពីខាងអាជ្ញាធរឬជំនាញណាមួយបាននៅ ឡើយទេដោយសារតែពុំឃើញវត្តមានពួក អស់លោក ៕ ហេង នរិន្រ្ទ