ខេត្តតាកែវ៖ អាជីវករផ្សារតាកែវបាននាំគ្នាស្នើឲ្យអាជ្ញាធរខេត្តតាកែវអន្តរាគមន៍មកប្រធានផ្សារឲ្យបញ្ចុះតម្លៃអគ្គីសនី ដែលពួកគាត់បានប្រើប្រាស់នៅតាមតូបនីមួយៗនៅក្នុងតម្លៃខ្ពស់ហួសហេតុបើប្រៀបធៀបទៅនឹងតម្លៃដែលបានប្រើប្រាស់នៅតាមផ្ទះ ។
តំណាងអាជីវករលក់ខោអាវនៅក្នុង ផ្សារតាកែវម្នាក់អ្នកស្រី វុន ថ្លែងឲ្យដឹងថា តម្លៃអគ្គិសនីដែលប្រើប្រាស់នៅតាមតូប នីមួយៗនៅក្នុងផ្សារគឺម្ចាស់ផ្សារបានយកតម្លៃ១.៤០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងដែលតម្លៃនេះជាតម្លៃដែលថ្លៃខ្ពស់ហួសហេតុបើប្រៀបធៀបទៅនឹងតម្លៃភ្លើងដែលប្រើតាមផ្ទះដែលមានតម្លៃត្រឹមតែ៧៨០ រៀលប៉ុណ្ណោះក្នុងមួយគីឡូវ៉ាត់ម៉ោង ។
អ្នកស្រីបានបន្តថា អ្នកស្រីស្នើសុំឲ្យ អាជ្ញាធរខេត្តជួយធ្វើអន្តរាគមន៍មកប្រធានផ្សារអោយជួយបញ្ចុះតម្លៃភ្លើងឲ្យទាបជាងរាល់ថ្ងៃនិងអាចទទួលយកបានទាំងអស់គ្នា ។
អាជីវករអ្នកលក់ស្បែកជើងម្នាក់ទៀត ឈ្មោះ លានី បានថ្លែងថា ការតបណ្ដាញភ្លើងគឺក្រុមអាជីវករជាអ្នកទិញកុងទ័រទិញ ខ្សែភ្លើងទាំងអស់ រីឯប្រធានផ្សារចាំតែដល់ខែយកសំបុត្រភ្លើងមកហុចឲ្យដោយក្រុមអាជីវកមិនដែលបានដឹងថា ខ្លួនប្រើអស់ ប៉ុន្មានគីឡូវ៉ាត់ម៉ោងផងទេក្នុងមួយខែៗ ហើយតម្លៃវិញខ្ពស់ហួសហេតុ។ ម្យ៉ាងទៀត ខ្សែភ្លើងនៅក្នុងផ្សាររញ៉េរញ៉ៃសំបុកពីង ពាងរុំជាប់ខ្សែភ្លើងដែលបណ្ដាយឲ្យមាន ការបារម្ភខ្លាចទូសេរចន្តអគ្គិសនីឆេះផ្សារ ដោយសារតែខ្វះការរៀបចំនេះ ។
អ្នកស្រីបានបន្តថា នៅក្នុងបរិវេណផ្សារគគ្រិចមិនស្អាត ហើយបច្ចុប្បន្ននេះការលក់ ដូរគឺមិនសូវដាច់នោះទេ ដូច្នោះសូមអាជ្ញាធរខេត្តជួយមើលអ្នកលក់ដូរក្នុងផ្សារនេះផង។ ម្យ៉ាងទៀតសូមជួយបញ្ចុះតម្លៃអគ្គិសនីផងព្រោះតម្លៃប្រើតាមផ្ទះចុះអស់ហើយ ហេតុអី្វនៅក្នុងផ្សារនៅតែខ្ពស់បែបនេះ ។
លោក ឡាយ វណ្ណៈ អភិបាលខេត្ត តាកែវបានឲ្យដឹងតាមទូរស័ព្ទថា លោកនឹង កោះហៅខាងអគ្គិសនី និងប្រធានផ្សារមក សួរនៅសាលាខេត្តដើម្បីធ្វើយ៉ាងណាស្វែង រកដំណោះស្រាយបញ្ចុះតម្លៃជួនអាជីវករ ផ្សារតាកែវទាំងអស់តាមដែលអាចធ្វើបាន។
លោកអភិបាលខេត្តបន្តថា រាល់ការ ស្នើសុំកិច្ចអន្តរាគមន៍អ្វីមួយពីអាជីវករ ឬ ប្រជាពលរដ្ឋគឺអាជ្ញាធរខេត្តតែងតែជួយដោះស្រាយជានិច្ច។ ចំពោះបញ្ហាតម្លៃភ្លើងនេះបានចុះអស់ហើយចំពោះការប្រើប្រាស់ នៅតាមផ្ទះហេតុអ្វីក៏នៅផ្សារមិនព្រមចុះ។ អាជ្ញាធរខេតុ្តនឹងអន្តរាគមន៍ទៅអ្នកពាក់ ព័ន្ធទាំងអស់ដើម្បីធ្វើយ៉ាងណាបញ្ចុះតម្លៃដែលអាចឲ្យអាជីវករផ្សារតាកែវទាំងអស់អាចទទួលយកបាន ៕ ហេង សូរិយា