ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញពាក់ព័ន្ធ ក្រោមឱវាទ បានចុះពិនិត្យតំបន់ចែក ចាយ គ្រឿងញៀន នៅទីតាំង ភូមិបុរីកម្មករ ត្រពាំងឈូក ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ក្រោយពីដាក់ឱសានវាទ ត្រូវបង្រ្កាប់ឲ្យអស់ រយៈពេល១ខែ ពីសម្ដេចក្រឡាហោម ស ខេង កាលពីរសៀលថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០១៧ ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ៖ តំបន់មិនរៀបរយត្រពាំងឈូក ជាសំបុកជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនធំជាងគេ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលកម្លាំងសមត្ថកិច្ច និងអាជ្ញាធរចុះបង្ក្រាបមិនចេះអស់ រហូតដល់សម្តេចក្រឡា ហោម ស ខេង ប្រកាសឲ្យចុះបង្ក្រាបគ្រឿងញៀន ឲ្យខ្លាំងក្លាថែមទៀតផង។ លទ្ឋផល នៃយុទ្ឋនាការ បង្ក្រាបទីតាំងចរាចរណ៍គ្រឿងញៀន តាមបទបញ្ជារបស់រាជរដ្ឋាភិបាល នៅភូមិត្រពាំងឈូក ក្នុងរយៈពេល ២ខែកន្លងមកនេះ គិតចាប់តាំងពីដើមខែមករា រហូតមកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន២៣១នាក់ ក្នុងនោះ មានមនុស្សស្រីចំនួន១៨នាក់ រឹបអូសថ្នាំញៀនបានចំនួន៧១កញ្ចប់ និង២០គ្រាប់ ដែលជនជាប់សង្ស័យទាំងអស់នោះ សុទ្ធតែមានផ្ទុកសារជាតិថ្នាំញៀននៅក្នុងខ្លួន ហើយពួកគេមួយចំនួនធំជាអ្នក ប្រើប្រាស់(សេព) និងមួយចំនួនទៀតជាអ្នកចែកចាយ ឬជួញដូរ ដែលត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការរួចរាល់ហើយ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ៖ មូលហេតុនាំឲ្យអាជ្ញាធររាជធានី សម្រេច រុះរើបន្ទប់ផ្ទះជួល បានចំនួន៩៨បន្ទប់ ក្នុងចំណោមផ្ទះជួលទាំងអស់១០៨ បន្ទប់នៅតំបន់នោះ ដែលការរុះរើដោយបង្ខំ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ បន្ទាប់ពីអាជ្ញាធរជូនដំណឹងឲ្យម្ចាស់រុះរើដោយខ្លួនឯង តែគេមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាននោះឡើយ ។ ជាមួយគ្នានេះដែរ អាជ្ញាធរក៏បាន ធ្វើការស្រង់ស្ថិតិប្រជាជនរស់នៅ ក្នុងតំបន់ភូមិត្រពាំងឈូក នោះ ឬហៅភូមិបូរីកម្មករ ដែលជាតំបន់មានបញ្ហានេះរកឃើញថា មានប្រជាជនសរុបចំនួន២៩៨៤ នាក់ ក្នុងនោះមាននុស្សស្រីចំនួន១៤៤៦នាក់ ចែកជា៦៦៣គ្រួសារ និងមានផ្ទះចំនួន៣៩៨ខ្នង ឬស្មើ៣៩៨ ក្បាលដីឡូត៍។
សូមបញ្ជាក់ថា ៖ មូលហេតុដែលនាំឲ្យ រាជធានីភ្នំពេញ ចុះមកពិនិត្យស្ថានភាព នៅតំបន់បឹង ឈូកនេះ ក្រោយពីមាន ការ ដាក់ថែនការយ៉ាងតឹងរឹងបំថុត ពីសម្តេចក្រឡាហោម ស ខេង បានចេញបទបញ្ជាដាក់ សានវាទ ឲ្យមន្ត្រីថ្នាក់ដឹកនាំ អាជ្ញាធរប្រចាំមូលដ្ឋាននេះត្រូវតែធ្វើការបង្ក្រាបបទល្មើសថ្នាំញៀន នៅភូមិត្រពាំងឈូក នេះឲ្យអស់ជាដាច់ខាត ក្នុងរយះពេលតែ១ខែ មិនឲ្យផុតពីបំណាច់ខែកុម្ភៈ ឆ្នាំ២០១៧នេះឡើយ៕ សំរិត