ខេត្តបន្ទាយមានជ័យ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃ មកផ្សព្វផ្សាយអប់រំដល់អាជីវករខ្មែរ នៅផ្សាររុងក្លឿ កំពុងប្រឈមរងការបង្រ្កាបពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងអាជីវករខ្មែរមួយចំនួនធំ ដែលរងការចោទប្រកាន់ថា លក់ទំនិញ និងអីវ៉ាន់រំលោកភកម្មសិទ្ធិបញ្ញាខុសច្បាប់ នៅក្នុងប្រទេសថៃ។ ការផ្សព្វផ្សាយបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងនោះ ក៏មានការចូលរួមពីលោក ម៉ែន សុភ័ណ អភិបាលរងក្រុងប៉ោយប៉ែត និងមានអាជីវករខ្មែរជាង១ពាន់នាក់ផងដែរ ។ ការផ្សព្វផ្សាយគ្រាដែលនៅព្រឹកថ្ងៃដដែលនោះដែរ គេមើលឃើញថា អាជីវករខ្មែរប្រហែល២០០នាក់ បានលើកគ្នាមកប្រមូលផ្តុំនៅខាងមុខសាលាក្រុងប៉ោយប៉ែត ដើម្បីសុំការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ជួយដោះស្រាយជូនដល់ពួកគាត់ ដែលកំពុងប្រឈមរងការបង្រ្កាបនិងចាប់ឃាត់ខ្លួនពីសំណាក់សមត្ថកិច្ចថៃ ក្នុងការអនុវត្តច្បាប់រំលោភកម្មសិទ្ធិបញ្ញា ដែលសមត្ថកិច្ចថៃអនុវត្តតាមបណ្តឹងរបស់ក្រុមហ៊ុនបរទេសដោយពិនិត្យរកឃើញថា មានអាជីវករខ្មែរមួយចំនួនធំកំពុងប្រកបមុខរបរលក់ទំនិញអីវ៉ាន់រំលោភកម្មសិទ្ធិបញ្ញានៅផ្សាររុងក្លឿនោះ។
ការផ្សព្វផ្សាយនោះដែរមន្រ្តីជាន់ខ្ពស់របស់ក្រសួងពាណិជ្ជកម្មថៃប្រាប់ឱ្យដឹងថា ថ្នាក់លើរបស់ថៃគឺនៅតែប្រកាន់គោលជំហរតឹងរឹងបង្រ្កាបទំនិញអីវ៉ាន់រំលោភកម្មសិទ្ធិបញ្ញាដោយមិនអាចលើកលែងបានឡើយ។
លោក ម៉ែន សុភ័ណ អភិបាលរងក្រុងប៉ោយប៉ែត ដែលបានចូលរួមស្តាប់ការផ្សព្វផ្សាយច្បាប់រំលោភកម្មសិទ្ធិបញ្ញា បានប្រាប់ឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃ ដែលចុះមកផ្សព្វផ្សាយ ក៏មិនសូវស្គាល់ច្បាស់នឹងស្លាកសញ្ញាយីហោទំនិញអីវ៉ាន់ ដែលរំលោភកម្មសិទ្ធិបញ្ញានោះផងដែរ គ្រាដែលអាជីវករខ្មែរបានសាកសួរទៅមន្រ្តីជាន់ខ្ពស់ថៃ នៅពេលនោះ។ អាជីវករខ្មែរ ក៏បានលើកឡើងថា ពួកគាត់មួយចំនួន ក៏មិនបានដឹងច្បាស់ថា តើទំនិញនិងអីវ៉ាន់ប្រភេទអ្វីខ្លះដែលរំលោភកម្មសិទ្ធិបញ្ញាខុសច្បាប់នោះ ពីព្រោះកន្លងមកគ្មានការផ្សព្វផ្សាយទំនិញអីវ៉ាន់យីហោ ដែលជាមុខសញ្ញារំលោភកម្មសិទ្ធិបញ្ញានោះ។ ការផ្សព្វផ្សាយគេក៏បានចែកយីហោរទំនិញអីវ៉ាន់ដែលជាមុខសញ្ញារំលោភកម្មសិទ្ធិបញ្ញា ដើម្បីឱ្យអាជីវករខ្មែរបានយល់ដឹង និងបញ្ឈប់ការតាំងលក់ទំនិញនិងអីវ៉ាន់រំលោភកម្មសិទ្ធិបញ្ញា។
លោកអភិបាលរងក្រុងបានប្រាប់ឱ្យដឹងទៀតថា៖ នៅពិធីផ្សព្វផ្សាយនោះផងទៀត អាជីវករខ្មែរ ក៏បានសាកសួរមន្រ្តីជាន់ខ្ពស់ថៃថា តើត្រូវឱ្យអាជីវករខ្មែរ យកទៅទំនិញត្រឡប់ចូលដីខ្មែរវិញឬយ៉ាងណា មន្រ្តីជាន់ខ្ពស់ថៃមិនបានឆ្លើយតប និងចោទសួររបស់អាជីវករខ្មែរបែបណាឡើយ ដោយបង្វែទៅបកស្រាយរឿងផ្សេងទៀតទៅវិញ ។
សូមរំលឹកថា ពាក់ព័ន្ធនឹងបញ្ហាខាងលើនោះដែរ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តស្រះកែវ បានបើកកិច្ចប្រជុំដោះស្រាយបញ្ហារបស់អាជីវករខ្មែរនោះដែរ ប៉ុន្តែភាគីថៃ គេមិនយល់ព្រមតាមការស្នើសុំរបស់ភាគីកម្ពុជា ដែលបានសុំឱ្យភាគីថៃពន្យារពេលនៃការចុះបង្រ្កាបរបស់សមត្ថកិច្ចថៃ មកលើអាជីវករខ្មែរនោះសិន រង់ចាំការដោះស្រាយរវាងថ្នាក់លើនៃប្រទេសទាំងពីរនោះសិន។ ប៉ុន្តែការស្នើសុំរបស់ភាគីកម្ពុជា ត្រូវបរាជ័យ ដោយភាគីថៃគេនៅតែប្រកាន់គោលជំហរតឹងរឹងត្រូវតែចាត់វិធានការទៅលើអាជីវករខ្មែរ ដែលបានលក់ទំនិញនិងអីវ៉ាន់រំលោភកម្មសិទ្ធិបញ្ញា ដែលមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីថ្នាក់លើរបស់ថៃ ៕ សំ វិច្ឆិកា