ភ្នំពេញ ៖ រថយន្តសេរ៊ីទំនើបមួយគ្រឿង FOTUNER ពាក់ស្លាកលេខខេមរៈភូមិន្ទ បើកលឿនជ្រុលទៅបុករបាំងថ្មរពុះចែកទ្រូងផ្លូវដួលអស់៥ផ្ទាំង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារកង់សង្កត់លើរ៉ឺម៉កអេតចាយកំពុងតែកាយអេតចាយតាមចិញ្ចើមផ្លូវតែសំណាងល្អមិនមានអ្នករងរបួសអ្វីនោះទេ ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង២៣និង១០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុច ក្បែរផ្សារ៧មករា ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តសេរ៊ីទំនើបមួយគ្រឿងម៉ាក Toyota Fortuner ពណ៌សពាក់ស្លាកលេខ ខេមរះភូមិន្ទ 2-4455 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បើកតាមបណ្តោយផ្លូវ ២៨៩ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ចំនុចកើតហេតុដោយសារតែនៅខាងមុខរបាំងថ្មពុះចែកទ្រូងផ្លូវដែលក្រុមការងារសាលាក្រុងបង្ខិតលយទៅខាងផ្លូវរថយន្តដើម្បីយកទីតាំងដាក់លូហើយមិនមានដាក់សញ្ញាសំគាល់សំរាប់អ្នកធ្វើដំណើរ (ខុសបច្ចេកទេស) ដោយសារតែម្ចាស់រថយន្តស្មានថា របាំងថ្មរពុះចែកទ្រូងផ្លូវនោះវាស្មើគ្នារហូត ទើបបណ្ដាលឲ្យគាត់ជ្រុលទៅបុករបាំងថ្មដួលអស់៥ផ្ទាំង រួចរថយន្តប៉ើងជាង២០ម៉ែត្រក្រឡាប់ទៅលើរ៉ឺម៉កអ្នករើសអេតចាយ ដែលចតនៅលើចិញ្ចើមផ្លូវតែសំណាងល្អម្ចាស់រថយន្តនិងម្ចាស់រ៉ឺម៉ក មិនមានរងរបួសនោះទេ ភ្លាមៗម្ចាស់រថយន្តបង្ករប្រញាប់រត់ទៅបកស្លាកលេខរថយន្តចេញពីរថយន្ត ព្រោះខ្លាចសារព័ត៌មានផ្តិតរូបបាន ក្រោយមកម្ចាស់រថយន្តបានរត់ឡើងជិះម៉ូតូឌុបរត់គេចខ្លួនបាត់ទៅ ។
តាមប្រភពព័ត៌មានពីម្ចាស់រ៉ឺម៉កអេតចាយមានឈ្មោះ ហ៊ួន នាង ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួលម្ដុំបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ បានប្រាបមឱយដឹងថា ពីដំបូង ខណៈដែលគាត់កំពុងតែរើសំរាបដើម្បីរកអេតចាយ ស្រាប់តែឮសម្លេងផាំង នឹកស្មានថាគេបាញ់កាំភ្លើង លុះបន្តិចមក ស្រាប់តែឃើញរថយន្តបុកដុំថ្មក្រឡាប់ផ្ងារកង់ ហើយប៉ើងមកសង្កត់រទេះដឹកអេតចាយរងការខូចខាតតែម្តង បន្ទាប់មកអ្នកបើកបានចេញពីក្នុងរថយន្តគេចខ្លួនបាត់តែម្តង ។
ក្រោយពេលកើតហេតុ រថយន្តបង្កនិងម៉ូតូរ៉ឺម៉កអេតចាយត្រូវបានសមត្ថកិច្ចចរាចរណ៍ខណ្ឌទួលគោកសហការជាមួយចរាចរណ៍ក្រុងចុះមកធ្ចើការវាស់វែង និងអូសរថយន្តយកទៅរក្សាទុកនៅការិយាល័យស្នងការរាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ព្រែកជ័យ