ព័ត៌មានទាន់ហេតុការណ៍៖

ព្រៃលិចទឹកនៅតំបន់២ និងតំបន់៣ ក្នុងឃុំបឹងព្រីងកំពុងរងការវិនាសបាត់បង់គ្រាដែលមានការរំលោភចាក់ដីបិទអាងទឹក

ចែករំលែក៖

ខេត្តបាត់ដំបង៖ ព្រៃលិចទឹកនៅតំបន់២ និងតំបន់៣ ស្ថិតនៅក្នុងភូមិពង្រចាស់ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង និងភូមិសាស្រ្ត ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ឱ្យដឹងថា កំពុងរងការវិនាសបាត់បង់បណ្តើរនោះហើយ និងបង្កឱ្យរងផលប៉ះពាល់ដល់ជម្រកត្រីពង បើសិនជាអាជ្ញាធរ សមត្ថកិច្ចនិងមន្រ្តីជំនាញពាក់ព័ន្ធគ្មានការទប់ស្កាត់និងតាមដានត្រួតពិនិត្យមិនច្បាស់លាស់នោះ។ ព្រៃទាំងមូលក្នងតំបន់២និងតំបន់៣ ត្រូវគេមើលឃើញថា មានរិចរិលជាអន្លើៗ ដោយការកាប់ឆ្ការ ទ្រង់ទ្រាយតូច និងធំ និងការដុតបំផ្លាញព្រៃ ហើយក្រុមខិលខូចក៏បានទៅកាប់ទន្រ្ទានឈូសឆាយយកដីលិចទឹករបស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជនសម្រាប់ធ្វើស្រែតែម្តង ។ ទន្ទឹមនោះអ្នកសារព័ត៌មានក្នុងស្រុកមួយក្រុម កាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ក្រោយពីមានការរាយការណ៍ពីប្រជាពលរដ្ឋក៏បានទៅថតផ្តិតរូបភាពយកព័ត៌មាននៅចំណុចព្រៃលិចទឹក នៅតំបន់ខាងលើ។ ដោយមើលឃើញថា មានភ្លើងផ្សែងខ្មួលខ្មាច់ផ្សែងហ៊ុយអាប់ពេក មេឃនៅក្នុងតំបន់ព្រៃលិចទឹកនោះតែម្តង ដោយគេសង្ស័យថាមានការដុតព្រៃលិចទឹកពីសំណាក់ក្រុមខិលខូចដើម្បីបំផ្លាញព្រៃឱ្យរិចរិល ហើយឈានដល់កាប់ទន្រ្ទានយកដីធ្វើតែម្តង ។

ប៉ុន្តែការឆេះភ្លើងនៅចំណុចព្រៃលិចទឹកនៅតំបន់២នោះ ត្រូវបានប្រធានសហគមន៍អភិរក្សព្រៃលិចទឹក ប៉ោយតាសេក ឃុំបឹងព្រីង លោក រឹម ផូ បានប្រាប់ឱ្យដឹងថា ការឆេះភ្លើងមិនមែនភ្លើងឆេះព្រៃនោះឡើយ គឺជាការដុតជញ្ជ្រាំងស្រូវនៅក្នុងស្រែរបស់ប្រជាពលរដ្ឋនោះទេ ។

ពាក់ព័ន្ធនឹងបញ្ហានោះ ប្រជាពលរដ្ឋប្រាប់ឱ្យដឹងថា សកម្មភាពនៃការទន្រ្ទានព្រៃលិចទឹក គឺក្រុមខិលខូចបានដុតភ្លើងឱ្យឆេះព្រៃ ហើយប្រើល្បិច ក្នុងរូបភាពភ្លើងឆេះព្រៃ ដោយសារតែអ្នកយកឃ្មុំ អ្នករកសត្វ ក្នុងព្រៃជាអ្នកបង្ក ប៉ុន្តែធាតុពិត គឺក្រុមខិលខូចចង់វាទទីយកដីព្រៃលិចទឹករបស់រដ្ឋដែលជាអ្នកបង្ក ។

ប៉ុន្តែបញ្ហាលើកឡើងរបស់ប្រជាពលរដ្ឋខាងលើ ត្រូវបានប្រធានសហគមន៍ប៉ោយតាសេក ឃុំបឹងព្រីង ដែលមានតួនាទីគ្រប់គ្រងទទួលការអភិរក្សព្រៃលិចទឹកនៅតំបន់នោះ បានសារភាពថា ពិតជាមានភ្លើងឆេះព្រៃកើតមានឡើងជាបន្តបន្ទាប់នោះមែន ប៉ុន្តែការឆេះព្រៃផ្តើមចេញពីក្រុមអ្នករកសត្វ និងអ្នករកឃ្មុំ ហើយលោកបដិសេធថា គ្មានការកាប់ទន្ទា្រនយកដីព្រៃលិចទឹកនោះទេនៅពេលថ្មីៗនេះ ហើយលោកមេឃុំបឹងព្រីង ក៏បានអះអាងដូចប្រធានសហគមន៍នោះផងដែរ លោកលើកឡើងថាមានតែដីស្រែប្រជាពលរដ្ឋដែលបានកាប់ឆ្ការទន្រ្ទានយកធ្វើស្រែអាស្រ័យផលជាយូរមកហើយ។ លោកទាំងពីរបានសារភាពថា យូរឆ្នាំមកហើយអ្នកនៅខេត្តបន្ទាយមានជ័យបានមកទន្រ្ទានយកដីព្រៃលិចទឹកនោះមែន ប៉ុន្តែក្រោយមកត្រូវបានសមត្ថកិច្ចនិងក្រុមមន្រ្តីជលផលបង្រ្កាបបាន ។លោកទាំងពីរអះអាងបន្ថែមទៀតថាការកាប់ទន្រ្ទានដីព្រៃលិចទឹកថ្មីៗនេះគ្មានកើតឡើងនោះទេ។លោកប្រធានសហគមន៍និងលោកមេឃុំបានលើកឡើង ផ្ទុយនិងប្រជាពលរដ្ឋដែលរាយការណ៍មកអ្នកសារព័ត៌មាននោះ។គេមិនដឹងថាតើបញ្ហាការកាប់ទន្រ្ទានព្រៃលិចទឹកនៅតំបន់២និងទំបន់៣មានអាថ៌កំបាំងអ្វីនៅខាងក្រោយខ្នងនោះឡើយ ។អ្នកគ្រប់គ្រងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋមានការអះអាងផ្ទុយគ្នាបែបនោះ។

ជុំវិញបញ្ហានេះ អ្នកយកព័ត៌មានយើងបានទំនាក់ទំនង លោក ជួង សុភា នាយខណ្ឌជលផលខេត្តបាត់ដំបងឱ្យជួយបំភ្លឺផងដែរ ប៉ុន្តែលោកបានឆ្លើយតបវិញមកថាកំពុងជាប់រវ់ប្រជុំ។

នៅតំបន់ព្រៃលិចទឹក២និងតំបន់៣ ដែលស្ថិតក្នុងការគ្រប់គ្រង និងទទួលខុសត្រូវរបស់រដ្ឋបាលខេត្តបាតដំបង និងខេត្តបន្ទាយមានជ័យ ត្រូវបានប្រជាពលរដ្ឋប្រាប់ឱ្យដឹងថា មានក្រុមខិលខូចមួយចំនួនបានលបលួចទៅចាក់ដីបិទអាងទឹកដែលមានឈ្មោះថាអាងទឹកគោស្លាប់ឡើងវិញ គ្រាដែលអាងទឹកនៅតំបន់២និងតំបន់៣ ដែលជាតំបន់អភិរក្សព្រៃលិចទឹក ត្រូវបានក្រុមអ្នកកាប់ទន្ទា្រនយកដីកសាងឡើងអាងទឹកនេះឡើងដោយខុសច្បាប់ សម្រាប់ទុកទឹកប្រើប្រាស់ធ្វើស្រែ បញ្ហាកសាងអាងទឹកនោះឡើងខុសច្បាប់ ដែលធ្វើឱ្យមានការប្រឈមនៃការកាប់ទន្រ្តានយកដីព្រៃលិចទឹកនៅតំបន់នោះសម្រាប់ធ្វើស្រែថែមទៀតផងដែរ ។ ទើបកាលពីប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនោះ មានអាងទឹកចំនួន៤ នៅតំបន់២ និងតំបន់៣ ត្រូវបានរាជរដ្ឋាភិបាលបញ្ជាឱ្យរំលាយចោលទាំងអស់ មិនឱ្យមានអាងស្តុកទឹកនៅតំបន់នោះឡើយ ។ ប៉ុន្តែនៅរយៈពេលជិតមួយឆ្នាំចុងក្រោយនេះ មានការលបលួចកសាង និងបិទអាងទឹកឈ្មោះ គោស្លាប់ ឡើងវិញ ។

បញ្ហានេះ លោក មេឃុំបឹងព្រីង និងលោកប្រធានហគមន៍ប៉ោយតាសេក បានអះអាងថា បញ្ហាកសាងទំបន់អាងឡើងវិញ ប្រជាពលរដ្ឋអ្នកធ្វើស្រែជាអ្នកបិទទប់ លោកមិនបានដឹងនោះទេ ។ លោកទាំងពីរបញ្ជាក់ឱ្យដឹងទៀតថា អាងទឹកនៅតំបន់នោះ កន្លមកត្រូវបានរាជរដ្ឋាភិបាលបញ្ជាឱ្យរំលាយចោល គ្មានឱ្យមានការធ្វើអាងទឹកនៅតំបន់ព្រៃលិចទឹកនោះឡើយ ។

បញ្ហានេះ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបងប្រាប់ឱ្យដឹងថា សារាចរណ៍របស់រាជរដ្ឋាភិបាលលេខ០១ បានណែនាំមកថា គ្មានឱ្យការសាងសង់អាងទឹកនៅក្នុងតំបន់ព្រៃលិចទឹកនោះទេ អាងទាំង៤ នៅក្នុងតំបន់២ និងតំបន់៣ ត្រូវបានរំលាយចោលអស់ហើយ បើសិនមានការបិទទប់ឡើងវិញ គឺមានតែអាជ្ញាធរមូលដ្ឋានមានការឃុបឃិតគ្នាតែម្តង ។ បញ្ហានេះលោកនឹងចុះទៅត្រួតពិនិត្យឡើងវិញ ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការកសាងអាងទឹក ទំបន់ ប្រឡាយទឹក ធារាសាស្រ្ត គឺរាជរដ្ឋាភិបាលបច្ចុប្បន្នកំពុងតែយកចិត្តទុកដាក់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនេះឡើង ដើម្បីដោះស្រាយ និងផ្តត់ផ្គង់ទឹកជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ធ្វើស្រែ និងប្រើប្រាស់ប្រចាំថ្ងៃជាដើមនោះក្នុងរដូវប្រាំងឆ្នាំ២០១៦ បានរងគ្រោះរាំងស្ថួត ។ ប៉ុន្តែការកសាងហេដ្ឋារចនាសម្រាប់ផ្គត់ផ្គង់ទឹក គឺគេមើលឃើញថា មិនអាចកសាងនៅតំបន់ព្រៃលិចទឹកដែលជាជម្រកត្រីពងនោះឡើយ៕ សំ វិច្ឆិកា

1 2 3 4 5 6 7 8 9 10 11 12 13 14


ចែករំលែក៖