ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយបើកបុកម៉ូតូស្កុបពីបណ្តាលឲ្យបុរសម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្តាលៈ រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង បើកបោះពួយបុកម៉ូតូស្កុបពីពេញមួយទំហឹងត្រង់ចំណុចគល់ស្ពានតាខ្មៅ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត ម្នាក់ទៀតរងរបួសធ្ងន់ ដោយឡែកអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ លើកំណាត់ផ្លូវលេខ២០៦កែងផ្លូវជាតិលេខ២១A ត្រង់ចំណុចគល់ស្ពានតាខ្មៅត្រើយខាងត្បូង ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2P-5602 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។ ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ វណ្ណ ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ (ជាអ្នករួមដំណើរ) ម្នាក់ទៀតរងរបួសធ្ងន់នោះឈ្មោះ វុធ ដាវីត ភេទប្រុស អាយុ២៣ឆ្នាំ (ជាអ្នកបើកបរម៉ូតូ) ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1P-0777 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវលេខ២០៦ ក្នុងទិសដៅពីត្បូងទៅជើង ខណៈជិះដល់ចំណុចគល់ស្ពានតាខ្មៅស្រាប់តែរថយន្តបង្កបើកបរពីលិចទៅកើតបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្តាលឲ្យម៉ូតូដួលបោកទៅលើផ្លូវធ្វើឲ្យមានមនុស្សស្លាប់ និងរងរបួសយ៉ាងដូច្នេះតែម្តង ។

ក្រោយពីមនាហរុតការណ៍កើតឡើងអ្នកបើកបររថយន្តបានចុះគេចខ្លួនបាត់ រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅ ប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

ae (2) ae (3) ae (4)

 


ចែករំលែក៖