ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ ផ្នែកខាងក្រោមស្ពានថ្មថ្មី ក្នុងក្រុបាត់ដំបង និងស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាច្រើនគ្រួសារ បានលើកឡើងសំដែងនូវការព្រួយបារម្ភ ពីបញ្ហាប្រឈមគ្មានទឹកប្រើប្រាស់ រងផលប៉ះពាល់នៃការប្រើប្រាស់ទឹកស្ទឹងមិនបាននៅរដូវខែប្រាំងនេះ ដោយសារទឹកស្ទឹងចាប់ផ្តើមមានក្លិនស្អុយ និងមានការបង្ហូរទឹកសំអុយកាកសំណល់ចេញពីលូ ចូលស្ទឹងសង្កែ ក្បែរស្ពានថ្មថ្មី ស្ថិត នៅខាងមុខមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលជាហេតុ នាំឱ្យប៉ះពាល់បរិស្ថានជាធ្ងន់នោះ។
ប្រជាពលរដ្ឋបានលើកឡើងថា ការបង្អូរទឹកសំអុយតាមលូចូលក្នុងស្ទឹងសង្កែនៅចំណុចខាងលើមានរយៈពេលជាច្រើនឆ្នាំទៅហើយ អាជ្ញាធរខេត្តបាត់ដំបង ក៏ដូចជាមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត មិនទាន់មានវិធានការដោះស្រាយជូនដល់ប្រជាពលរដ្ឋនៅឡើយនោះទេ ។
ឆ្នាំមុនៗបានរងផលប៉ះពាល់តិចតួចប៉ុណ្ណោះប្រជាពលរដ្ឋអាចយកទឹកស្ទឹងសង្កែប្រើប្រាស់បាន ។ លុះនៅឆ្នាំនេះទឹកស្ទឹងសង្កែមានការរីងស្ងួតខ្លាំងពេកទើបធ្វើឱ្យទឹកសំអុយហូរចេញពីលូ បានវាយលុកចូលទឹកស្ទឹងសង្កែ នាំឱ្យទឹកស្ទឹងមានក្លិនស្អុយ ប្រជាពលរដ្ឋមិនអាចយកទៅប្រើប្រាស់ប្រចាំថ្ងៃបាននោះឡើយ។
ប្រជាពលរដ្ឋបានសំណូមពរឱ្យអាជ្ញាធរខេត្តបាត់ដំបង និងក្រសួងពាក់ព័ន្ធមេត្តាជួយពិនិត្យដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋដែលកំពុងប្រឈមនិងខ្វះទឹកប្រើប្រាស់នោះ។
ជុំវិញបញ្ហានេះ លោក អែម វិចិត្រ អនុប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានប្រាប់នៅរសៀលថ្ងៃទី២ខែមីនា ឆ្នា២០១៧ ឱ្យដឹងថា ការបង្ហូតទឹកសំអុយចូលក្នុងស្ទឹង បឹងបួរ សាធារណៈរបស់រដ្ឋ ត្រូវបានហាមឃាត់គឺមិនអនុញ្ញាតនោះទេ ។
លោកប្រាប់ឱ្យដឹងទៀតថា ការបង្ហូរទឹកសំអុយចូលស្ទឹងសង្កែនៅចំណុចខាងលើបែបនោះ គឺបង្កឱ្យប៉ះពាល់បរិស្ថាន ប៉ុន្តែប៉ះពាល់តិចតួចប៉ុណ្ណោះ មិនដូចការលើកឡើងរបស់ប្រជាពលរដ្ឋនោះឡើយ។លោកប្រាប់ឱ្យដឹងទៀតថា បញ្ហានេះ មន្រ្តីមន្ទីរបរិស្ថានកំពុងស្រាវជ្រាវ ដើម្បីរកប្រភពនៃការបង្អូរចូលទឹកសំអុយរបស់ប្រជាពលរដ្ឋ ដើម្បីមានវិធានការទប់ស្កាត់។
ពាក់ព័ន្ធបញ្ហានេះ អ្នកយកព័ត៌មានបានទំនាក់ទំនង លោក ខាន់ ម៉ាណេ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តឱ្យជួយបំភ្លឺផងដែរប៉ុន្តែលោកបានឆ្លើយតបវិញថាកំពុងជាប់រវល់។
ដោយឡែកលោក សៀង ឯមវ៉នស៊ី អភិបាលក្រុងបាត់ដំបងប្រាប់ឱ្យដឹងថា ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានពីបញ្ហាខាងលើនោះមក អាជ្ញាធរក្រុង ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ ក៏បានចុះទៅត្រួតពិនិត្យ នៅទីតាំងបង្ហូរទឹកសំអុយចូលស្ទឹងសង្កែ ។
លោកប្រាប់ឱ្យដឹងទៀតថា បញ្ហានេះកំពុងត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋ អាជ្ញាធរក្រុង និងមន្ទីរជំនាញពាក់ព័ន្ធបានដាក់គំរោងស្នើសុំទៅលោកអភិបាលខេត្ត ដើម្បីកសាងទ្វារទឹកបិតបើកមួយ ក្នុងការទប់ស្កាត់មិនឱ្យមានការហូរចូលទឹកសំអុយហូរតាមលូ ចូលស្ទឹងសង្កែនោះទៀតឡើយ។
លោកអភិបាលក្រុងបានបញ្ជាក់ឱ្យដឹងទៀតថា បញ្ហាហូរទឹកសំអុយចូលស្ទឹកសង្កែ គឺមានប្រជាពលរដ្ឋមួយចំនួនបង្ហូរទឹកកាកសំណល់ចេញតាមផ្ទះរបស់ពួកគាត់។អាជ្ញាធរក្រុងនិងធ្វើការអប់រំដល់ប្រជាពលរដ្ឋបញ្ឈប់នៃការបង្ហូរទឹកសំអុយចូលស្ទឹងសង្កែ៕ សំ វិច្ឆិកា