ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធស្នងការរងខេត្តព្រៃវែង «មេខ្លោងរត់ការឈើទៅវៀតណាមតាមច្រកម៉ឺនជ័យ»

ចែករំលែក៖

ខេត្តព្រៃវែង ៖ ភរិយាលោក រស់ ភឿន ស្នងការរងទទួលបន្ទុកអាវុធជាតិផ្ទុះ និង អគ្គិភ័យ គឺអ្នកស្រី ស៊ូ ម៉ារីណា បានចេញមុខដោយផ្ទាល់ ក្នុងសកម្មភាពរត់ការឲ្យ មានការដឹកជញ្ជូនឈើទៅវៀតណាមតាមច្រកម៉ឺនជ័យ ។ ប្រភពបែកធ្លាយពីមន្ត្រីនៅទីនោះបានបង្ហើបថា មក ទល់នឹង ពេលនេះ ប្រមាណ២សប្តាហ៍មកហើយ ការដឹកឈើទៅវៀតណាមតាមច្រកម៉ឺន ជ័យធ្វើឡើងប្រកបដោយភាពរលូន ។ ក្នុងនោះឈ្មួញប្រើរថយន្តយីឌុប និង រថយន្ត ឃ្លុបបិទជិតធ្វើជាមធ្យោបាយដឹកជញ្ជូន ឈើ មានដូចជា ប្រភេទឈើ ធ្នង់ គគីរ សុក្រំ និងឈើរាជ កុល (ម្រេច) ។ ឈើទាំងនោះ បានយកពីតំបន់បាតអាង នៅឯស្រុកសេ សាន ខេត្តស្ទឹងត្រែង និងមួយចំនួនទៀត ប្រមូលទិញពីខេត្តកំពង់ស្ពឺ , ពោធិ៍សាត់ ដែលឈ្មួញបានជួលកម្មករឲ្យកាប់នៅតំបន់ភ្នំ ឱរ៉ាល់ និងភ្នំក្រវាញ ។

ឈើដែលដឹកមកពីបាតអាង គឺមាន ប៉េសេ ។ ដោយឡែកឈើដែលដឹកចេញពីខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ គ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនោះទេ ។ ដូច្នេះ ក្រុមឈ្មូញបានប្រើរូបភាពដឹកឈើមាន ប៉េសេ ដើម្បីយកមកដាក់តាមសន្និធិនៅ ខេត្តព្រៃវែងជិតព្រំដែនដើម្បីចែកចាយក្នុង ស្រុក ប៉ុន្តែឈើទាំងនោះត្រូវបានពួកគេកាច់ ចង្កេះឆ្លងទៅវៀតណាម តាមច្រកម៉ឺនជ័យ ខេត្តព្រៃវែងយ៉ាងគគ្រឹកគគ្រេង បន្ទាប់ពីអ្នក ស្រី ស៊ូ ម៉ារីណាភរិយាលោក ស្នងការរង រស់ ភឿន បានចេញមុខរត់ការ ។ ក្នុងនោះ ប្រភពគួរឲ្យជឿទុកចិត្តបានលួចបង្ហើបថា ក្នុងរថយន្តមួយគ្រឿងដែលដឹកឈើចេញពីដេប៉ូកាច់ចង្កេះទៅវៀតណាម តាមច្រក ម៉ឺនជ័យនេះ គ្រាន់តែអាជ្ញាធរសមត្ថកិច្ច និងជំនាញក្នុងខេត្តព្រៃវែង អ្នកស្រីស៊ូ ម៉ារីណាបានចំណាយប្រាក់រត់ការអស់ជាង ៨០០០ដុល្លារ ។ ដោយមានអំពើពុករលួយកើតឡើងជាលក្ខណៈប្រព័ន្ធបែបនេះ ហើយ ទើបការធ្វើចរាចរណ៍ឈើខុសច្បាប់ពីក្នុងទឹកដីខ្មែរទៅវៀតណាមតាមច្រកម៉ឺនជ័យ កាន់តែមានទ្រង់ទ្រាយធំ ។

ឈើមួយចំនួនធំត្រូវបានគេដឹងថា ជាឈើ របស់ឧកញ៉ា លី ឈុនអ៊ូ មុខសញ្ញាឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើមិនចេះរាងចាល ទោះបុគ្គលរូបនេះធ្លាប់សមត្ថកិច្ចបង្ក្រាប ក្នុងបទល្មើសដឹកជញ្ជូនឈើគ្រញូងជាក់ស្តែងជាញឹកញាប់នោះក៏ដោយ ។

អ្នកស្រី ស៊ូ ម៉ារីណា ភរិយាលោកស្នង ការរង រស់ ភឿន មួយរយៈកន្លងទៅអ្នក ស្រីបានធ្វើកិច្ចការនេះជោគជ័យសម្រាប់មុខរបររត់ការនាំឈើពីស្រុកខ្មែរទៅវៀតណាមតាមច្រកចក្រី ក្នុងមធ្យោបាយដឹក ជញ្ជូនឈើ ឈ្មួញ ប្រើសុទ្ធតែរថយន្តយីឌុប ទាំងល្មើសច្បាប់ និងបំផ្លាញផ្លូវជាតិបណ្តាលឲ្យស្រុតប្រេះស្រាំជាច្រើនកន្លែង ក្នុងខេត្ត ព្រៃវែង ។

មតិជាច្រើនបានរិះគន់ថា បទល្មើសព្រៃ ឈើ គ្មានពលរដ្ឋតូចតាចជាអ្នកប្រព្រឹត្តនោះទេ ភាគច្រើនកើតចេញពីអាជ្ញាធរ សមត្ថកិច្ចដែលមានភារកិច្ចជាអ្នកបង្ក្រាប បទល្មើសនេះ ។ ជាក់ស្តែងលោក រស់ ភឿន ស្នងការរងបានផ្តល់ឱកាសឲ្យភរិយារបស់ ខ្លួនចេញមុខរត់ការដើម្បីនាំឈើទៅប្រទេសវៀតណាម នៅច្រកម៉ឺនជ័យនេះយ៉ាងរលូន ។

ពាក់ព័ន្ធករណីនេះ លោក រស់ ភឿន ស្នងការរងនគរបាលខេត្តព្រៃវែង ទទួលបន្ទុកអាវុធជាតិផ្ទុះ និង អគ្គិភ័យ និងជាស្វាមី មេខ្លោងរត់ការឈើល្មើសច្បាប់ អ្នកស្រី ស៊ូ ម៉ារីណា បានប្រាប់តាម ទូរស័ព្ទកាលពីរសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ យ៉ាង ដូច្នេះថា ខ្ញំអត់បានដឹងរឿងនេះទេ ម្យ៉ាង ទៀតភរិយារបស់ខ្ញុំ គាត់គ្មានពេលទំនេរ ព្រោះមានភារកិច្ចរវល់លក់កង់ឡាននៅ ឯភ្នំពេញ ។ ដូច្នេះការលើកឡើងនេះ ខ្ញុំ ចាត់ទុកថា មិនត្រឹមត្រូវឡើយ ។

ដោយឡែកលោក ស្រេង ជា ស្នងការនគរបាលខេត្តបានប្រាប់នៅថ្ងៃដដែលនេះផងដែរថា ទេ ខ្ញំមិនដឹងឮផង ថាមានការចេញឈើនៅច្រកម៉ឺនជ័យនេះទេ គ្រាន់តែឮគេធ្លាប់និយាយ តែខ្ញុំពុំទាន់ឃើញ ដូច្នេះ ចាំមើលការពិនិត្យ ជាក់ស្តែង សិន ។

លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង មិនអាចទាក់ទងបានទេដោយទូរស័ព្ទចូលគ្មានអ្នកទទួល ៕ សិលា

menChey-1-3 menChey-1-4 menChey-1-5 (1) menChey-1-5


ចែករំលែក៖