ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះបង្រ្កាបទីតាំងលាក់ស្តុកឈើគ្រញូងនិងឈើប្រណីតជាច្រើនតោន នៅក្បែរព្រំដែនកម្ពុជា-ថៃស្រុកម៉ាឡៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ឈើគ្រញូង និងឈើប្រណិតជាច្រើនតោន ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ មកពីអង្គភាព មន្រ្តីរដ្ឋបាលព្រៃឈើ និងកម្លាំងអាវុធហត្ថ ដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះទៅបង្រ្កាបទីតាំងស្តុកឈើដ៏ធំមួយកន្លែងនៅក្បែរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។ ការបង្រ្កាបទីតាំងស្តុកឈើខាងលើ សមត្ថកិច្ចមិនបាន ឃាត់ខ្លួនម្ចាស់ផ្ទះម្ចាស់នោះឡើយ ម្ចាស់ផ្ទះបានរត់គេចខ្លួនបាត់ មុនពេលដែលសមត្ថកិច្ចចុះទៅបង្រ្កាបនោះ។

បើតាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចដែលស្ថិតក្នុងការចូលរួមបង្រ្កាបប្រាប់ឱ្យដឹងថា ម្ចាស់ទីតាំងស្តុកឈើគ្រញូង ត្រូវបានគេស្គាល់ឈ្មោះ ឆៃ ភេទប្រុស អាយុជាង៥០ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ ឈ្មួញរូបនោះត្រូវគេរាយការណ៍ឱ្យដឹងថាជាឈ្មួញរកស៊ីធ្វើជំនួញឈើគ្រញូងឆ្លងដែនខុសច្បាប់ ប្រចាំស្រុកម៉ាឡៃច្រើនឆ្នាំមកហើយ។ ជំនួញព្រៃឈើឆ្លងដែន គឺនៅក្នុងប្រទេសទាំង១០ នៃបណ្តាប្រទេសនៅក្នុងសហគមន៍អាស៊ាន ចាត់ទុកថា ជាអំពើឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់។

ឈើដែលរងការបង្រ្កាបខាងលើក្នុងនោះ ជាប្រភេទឈើគ្រញូងមានចំនួន៩ដុំ ប្រភេទឈើ ធ្នង់ ឈើបេង ឈើត្រសេក មួយចំនួនធំស្មើនឹងទម្ងន់រាប់សិបតោនផងដែរ។ ឈើទាំងនោះត្រូវបានលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បញ្ជាឱ្យសមត្ថកិច្ចចម្រុះដឹកជញ្ជូននាំយកមករក្សាទុក នៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីទុករង់ចាំបើកការស្រាវជ្រាវស៊ើបអង្កេតរកមុខសញ្ញាជន ដែលពាក់ព័ន្ធ នឹងការធ្វើជំនួញឆ្លងដែនឈើគ្រញូងខុសច្បាប់នោះ ។

ជំនួញឈើគ្រញូងឆ្លងដែនខុសច្បាប់ពីប្រទេសថៃចូលមកប្រទេសកម្ពុជា ត្រូវគេមើលឃើញថា កន្លងមកពលករខ្មែរមួយចំនួនត្រូវបានឈ្មួញខ្មែរ និងថៃ សហការគ្នាជួលទៅកាប់និងដឹកជញ្ជូន ពីក្នុងដីថៃនាំមកប្រទេសកម្ពុជាតាមច្រករបៀងបានរងការបាញ់សម្លាប់ និងឱ្យរងរបួសជាបន្តបន្ទាប់ពីសំណាក់ទាហានថៃផងដែរ ។ សកម្មភាពនៃការធ្វើជំនួញឈើគ្រញូងឆ្លងដែន ពីប្រទេសថៃចូលមកខេត្តបន្ទាយមានជ័យ ក្នុងមួយរយៈចុងក្រោយនេះ ត្រូវគេរាយការណ៍ឱ្យដឹងថា កំពុងតែមានសកម្មភាពកំរើកឡើងវិញនោះហើយ ៕ សំ វិច្ឆិកា

IMG_5371 IMG_5372 IMG_5382 IMG_5383 IMG_5586 IMG_5587 IMG_5589


ចែករំលែក៖