កាលពីថ្ងៃទី២ ខែមីនា កម្លាំងទាហាន ស៊ីរីបានប្រកាសថា បានដណ្តើមគ្រប់គ្រង ទីក្រុងបុរាណ Palmyra ពីដៃក្រុមភេរវកម្ម IS ដោយមានការចូលរួមពីសម្ពន្ធមិត្តរុស្ស៊ី។
កម្លាំងទាហានស៊ីរីបានប្រកាសថា «ជាមួយនឹងការជួយអន្តរាគមន៍ពីកម្លាំងទាហាន អាកាសស៊ីរីនិងរុស្ស៊ីជាមួយនឹងទាហាន សម្ពន្ធមិត្តជួយឲ្យយើងទទួលបានជោគ ជ័យក្នុងការគ្រប់គ្រងទីក្រុង Palmyra វិញ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី SOHR បានឲ្យដឹងថា កម្លាំងទាហានស៊ីរីដែលមានការជួយគាំទ្រពីប្រទេសអីុរ៉ង់កាលពីថ្ងៃទី២ខែមីនាបានវាយប្រហារចូលទីក្រុងបុរាណ Palmyra បណ្តេញក្រុម IS ចេញពីទីនោះ ទាំងស្រុង។ តាមការប្រកាសរបស់ SOHR កម្លាំងទាហានស៊ីរីកំពុងតែរុករកមីននៅ ក្នុងទីក្រុង។
ក្រុម IS វាយប្រហារដណ្តើមការគ្រប់គ្រងទីក្រុង Palmyra នៅឆ្នាំ២០១៥ ។ រហូតដល់ខែមីនាឆ្នាំ២០១៦ កម្លាំងទាហាន រដ្ឋាភិបាលស៊ីរីដណ្តើមបានទីក្រុងនោះមកគ្រប់គ្រងវិញ។ ប៉ុន្តែនៅខែធ្នូឆ្នាំ២០១៦ ក្រុមនេះបន្តវាយប្រហារដណ្តើមទីក្រុង Palmyra ជាលើកទី២។ ក្នុងរយៈពេលដែល គ្រប់គ្រងក្រុម IS បានបំផ្លាញវត្ថុបុរាណជាច្រើននៅទីនោះដែលជាបេតិកភណ្ឌពិភពលោក។
ក្នុងពេលជាមួយគ្នានោះសង្គ្រាមវាយប្រហារទៅលើក្រុម IS ពីសំណាក់កម្លាំងទាហានរដ្ឋាភិបាលស៊ីរីនៅភាគខាងកើត និងទីក្រុងអាឡែបប៉ូ ទីក្រុង Deir Al Zor កាន់តែខ្លាំងឡើងបណ្តេញក្រុមIS ។
នៅក្នុងកិច្ចពិភាក្សាស្តីអំពីសន្តិភាពធ្វើឡើងនៅទីក្រុងហ្សឺណែវរវាងរដ្ឋាភិបាលស៊ីរីនឹងក្រុមប្រឆាំងប្រធានគណៈប្រតិភូស៊ីរី និងក្រុមប្រឆាំងដោយភាគីរដ្ឋាភិបាលបានអបអរសាទរដល់ប្រធានាធិបតីអាល់អាសាដ ដែលបានរក្សានូវការសន្យាដណ្តើមទីក្រុងបុរាណ Palmyra មកវិញដូចអ្វីដែល លោកសន្យា។
នៅពេលនេះដែរទាំងភាគីទាហានរដ្ឋាភិបាលស៊ីរីនិងភាគីក្រុមប្រឆាំងរងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម។ តាមរបាយ ការណ៍របស់អង្គការសហប្រជាជាតិចេញ ផ្សាយនៅថ្ងៃ២ ខែមីនា បញ្ជាក់ថា ទាំង ក្រុមឧទ្ទាម និងរបបស៊ីរីដែលគាំទ្រដោយ កងកម្លាំងរុស្ស៊ី និងអីុរ៉ង់ត្រូវជាប់ចោទពីបទឧក្រិដ្ឋកម្ម សង្រ្គាម សម្លាប់មនុស្សនៅទីក្រុង អាឡិបក្នុងប្រទេសស៊ីរី។
របាយការណ៍របស់អង្គការសហប្រជា ជាតិបានបង្ហាញឲ្យឃើញថា ឧក្រិដ្ឋកម្ម សង្រ្គាមត្រូវបានគេប្រព្រឹត្តធ្វើឡើងនៅ ទីក្រុងអាឡិបដែលរបបស៊ីរីគាំទ្រដោយ កងទ័ពរុស្ស៊ី និងអុីរ៉ង់ទើបវាយដណ្តើមយកបានពីពួកឧទ្ទាមកាលពីពេលថ្មីៗនេះ។ ឧក្រិដ្ឋកម្មសង្រ្គាម ព្រោះរាល់ប្រតិបត្តិការ យោធា និងការប្រយុទ្ធគ្នារវាងភាគីជម្លោះទាំងពីរបានសំដៅវាយប្រហារដោយចេតនាទៅលើក្រុមប្រជាជនស៊ីវិល ហើយនិងភ្នាក់ងារផ្តល់ជំនួយមនុស្សធម៌។
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិប្រតិបត្តិការទ័ពអាកាសរបស់ រដ្ឋាភិបាលស៊ីរី ហើយនិងរុស្ស៊ីទៅលើទីក្រុង អាឡិបភាគខាងកើតពីខែកក្កដាទៅដល់ខែកញ្ញាបានសម្លាប់ប្រជាជនស៊ីវិលជាច្រើន រយនាក់ និងបានបំផ្លាញមន្ទីរពេទ្យជាច្រើនកន្លែង។ គ្រាប់បែកធុងបង្កប់ដោយគ្រឿង ផ្ទុះត្រូវបានទម្លាក់ទៅលើទីតាំងដែលសម្បូរ រស់នៅកកកុញដោយប្រជាជនស៊ីវិល។
ក្នុងរឿងប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្រ្គាមនៅអាឡិបរបាយការណ៍របស់អង្គការសហ ប្រជាជាតិមិនបានចោទតែភាគីរុស្ស៊ី និង ទាហានស៊ីរីនោះទេ។ ពួកឧទ្ទាមស៊ីរីក៏ជាប់ចោទនៅក្នុងបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នេះដែរ ដោយសារតែពួកគេបានយកប្រជា ជនស៊ីវិលមកធ្វើជាខែលបាំងការពារខ្លួនពីការវាយប្រហាររបស់ទ័ពអាកាសស៊ីរី។ សម្រាប់អ្នកស៊ើបអង្កេតក្រុមឧទ្ទាមក៏បានបាញ់ផងដែរ គ្រាប់ផ្លោងទៅលើសង្កាត់រស់នៅរបស់ប្រជាជនស៊ីវិលនៅភាគខាងលិចទីក្រុងអាឡិប និងបានបាញ់សម្លាប់ប្រហារ ជីវិតក្រៅច្បាប់ទាហានរដ្ឋាភិបាលដែលពួក គេចាប់បាននៅក្នុងសមរភូមិ។
កន្លងមកអង្គការសហប្រជាជាតិធ្លាប់រក ឃើញហើយថា មានឧក្រិដ្ឋកម្មប្រឆាំងមនុស្ស ជាតិកើតឡើងនៅក្នុងសង្រ្គាមស៊ីរីជាង៥ ឆ្នាំដែលបានសម្លាប់មនុស្សជិត៣សែន។ រុស្ស៊ីផ្ទាល់ធ្លាប់ត្រូវបានអង្គការការពារសិទ្ធិមនុស្ស Amnesty International ចោទថាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបានទាមទារឲ្យគេនាំជនដៃដល់កាត់ទោសនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ប៉ុន្តែរុស្ស៊ីកាលពីកន្លែងទៅបានចេញមុខការពារមិនឲ្យក្រុមប្រឹក្សាសន្តិសុខដាក់ ទណ្ឌកម្មទៅលើស៊ីរីដែលរងការចោទ ប្រកាន់ថា បានប្រើអាវុធគីមីនៅក្នុងសង្រ្គាម ប្រយុទ្ធជាមួយពួកឧទ្ទាម៕ ម៉ែវ សាធី