ខេត្តកណ្តាល: ប្រជាពលរដ្ឋចំនួន១២០០នាក់បានទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជាកាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ នៅក្នុងបរិវេនវិទ្យាល័យជ័យវរ្ម័នទី៧ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សកម្មភាពមនុស្សធម៌ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋបានធ្វើឡើងក្រោមវត្តមានលោកម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូលនិងជាប្រធានក្រុមការងារចុះជួយឃុំភូមិធំ , ឃុំគគីរ និងឃុំដីឥដ្ឋ , លោកនូ សុវណ្ណារ៉ា ប្រធានក្រុមគ្រួពេទ្យស្ម័គ្រស.ស.យ.ក ,លោកអ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ និងមានការចូលរួមពីក្រុមគ្រូពេទ្យចំនួន១៥០នាក់ រួមជាមួយ ប្រជាពលរដ្ឋមកពិនិត្យជំងឺជាង១ពាន់នាក់ ។
ក្នុងពិធីបើកការព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះដែរលោកម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលនិងជាប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋបានមានមតិសំណេះ សំណាលទៅកាន់ប្រជាពលរដ្ឋដូច្នេះថា បញ្ហាសុខភាពជាកត្តាសំខាន់ណាស់ដែលយើងទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ អ្វីដែលសំខាន់សូមក្រុមគ្រួសារទាំងអស់ ត្រូវរស់នៅមានអនាម័យហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ទើបមានសុខភាពល្អចៀសបានពីជំងឺដង្កាត់ផ្សេងៗ មិនធ្វើអោយប៉ះពាល់ដល់សុខភាពរបស់បងប្អូន ។ ពេលនេះបងប្អូនបានមកទទួលសេវ៉ាពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃពំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជាមានន័យថាបងប្អូនយកចិត្តទុកដាក់លើសុខភាពរបស់ខ្លួន ។ គ្មានបុគ្គលណាម្នាក់ចង់មានជំងឺនោះទេ….តែបញ្ហាសុខភាពរបស់យើងម្នាក់ៗ មិននដូចគ្នាទាំងអស់នោះទេមានអ្នកឈឺ មានអ្នកជា… ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នលើការបរិភោគម្ហូបអាហា បន្លែផ្លែឈើ ត្រូវជ្រើសរើសយកបន្លែផ្លែឈើណាដែលពុំមានដាក់សារធាតុគីមី ពោលគឺការពារប្រសើរជាងព្យាបាល… ព្រោះថ្នាំគ្រាប់និងថ្នាំចាក់នេះគឺជាអាវុធមុខ២….ព្យាបាលត្រូវជំងឺមួយ…តែខុសជំងឺមួយទៀត…ដូច្នេះហើយសូមបងប្អូនថែរក្សាសុខភាពដោយការរស់នៅមានអនាម័យ ។
តាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យអោយដឹងថា ក្រុមការងារចុះមកពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្ងៃជូនប្រជាពលរដ្ឋនៅថ្ងៃនេះ មានគ្រូពេទ្យឯកទេសខាងរោគស្ត្រី ជំងឺសើរស្បែក ជំងឺក្រពះពោះវៀន និងជំងឺទូទៅ បើពិនិត្យឃើញថាអ្នកជំងឺមានអាការៈប្រឈមនិងជំងឺធ្ងន់ធ្ងរក្រុមការងារនិងបំពេញបែបបទដើម្បីបញ្ជូនអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យរបស់រដ្ឋ ព្រោះមានឧបករណ៍និងសម្ភារៈទំនើបៗសម្រាប់ព្យាបាល ៕ សណ្តោស