ខេត្តស្ទឹងត្រែង៖ តម្លៃដំឡូងមីនៅតែចុះថោក កសិករដង្ហោយរកក្រសួងនិងអាជ្ញាធរពាក់ព័ន្ធជួយរកឈ្មួញ និងទីផ្សារឲ្យមានតម្លៃសមរម្យណាមួយ ជូនដល់ពួកគាត់ ដើម្បីឲ្យស័ក្តិសមទៅនឹងកម្លាំងពលកម្មរបស់ពួកគាត់ផង ។ សព្វថ្ងៃនេះទីផ្សារនាំដំឡូងមីចេញទៅប្រទេសក្រៅកំពុងតែធ្លាក់ចុះ ធ្វើឲ្យទាំងអ្នកលក់ និងអ្នកទិញ កំពុងតែត្អួញត្អែរគ្រប់គ្នា ។ អ្នកលក់ត្អួញត្អែរថា មិនរួចថ្លៃជួលកម្មករ តាំងពីដាំ រហូតដល់ប្រមូលផល ឯអ្នកទិញដែលជាឈ្មួញកណ្តាលត្អួញត្អែរថា មិនចង់រួចថ្លៃរត់ការតាមផ្លូវឲ្យសមត្ថកិច្ច ជាពិសេសជញ្ជីងដាក់ស្មើ មិនចំណេញ ដាក់លើសវិញ ឲ្យបាយទឹកជញ្ចីងទើបទៅបាន បើមិនដូច្នេះទេ ត្រូវស្ថានីយជញ្ចីងឃាត់ទុក និងទម្លាក់ចុះ រួចផាក់ពិន័យ ធ្វើឲ្យស្ទះការកស៊ីដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាមមិនទាន់គេ ហើយទៅដល់កន្លែងលក់ មានការត្រួតពិនិត្យដំឡូង បើមិនស្អាត មិនស្ងួតល្អ គេនឹងឲ្យតំលៃថោក អាចមិនស្មើដើមក៏ថាបាន ឬត្រូវ មិនត្រូវ គេអត់យកទៀតផង ធ្វើឲ្យឈ្មួញកណ្តាលខាតចុងខាតដើមក៏មានដែរ ។
ស្ត្រីដែលជាអ្នកធ្វើដំឡូងផ្ទាល់បានឲ្យដឹងថា គាត់បានជួលដីគេធ្វើចំការ ដើម្បីបានផលចំណេញបន្តិចបន្តួច ដើម្បីចិញ្ចឹមគ្រួសារ ដោយគាត់ឃើញថា ទីផ្សារដំឡូងមី មានតំលៃគួរសមកាលពីឆ្នាំកន្លងទៅ ។ តែមកដល់ឆ្នាំនេះ បែរជាធ្លាក់ថ្លៃចុះទៅវិញ ពេលដែលពួកគាត់ដាំបានផលច្រើន ធ្វើឲ្យគាត់មានបញ្ហាប្រឈមនឹងថ្លៃជួលដីផង ឈ្នួលកម្មករតាំងពីដាំរហូតដល់ប្រមូលផលផង ព្រោះតែទីផ្សារធ្លាក់ចុះខ្លាំងក្នុងឆ្នាំនេះ ធ្វើឲ្យគាត់អាចនឹងឈានដល់ជំពាក់ប្រាក់ធនាគារទៀត ដើម្បីយកមកសងថ្លៃដី និងកម្មករ ព្រោះតម្លៃដំឡូមីក្រៀមឆ្នាំនេះ នៅតែ១តោន=៤៧ម៉ីនរៀល ទៅ៤៨ម៉ីនរៀលតែប៉ុណ្ណោះ មិនអាចទប់ទល់នឹងថ្លៃឈ្នួលកម្មករបានទេ។
ស្ត្រីរូបនេះសូមសំណូមពរដល់ក្រសួងកសិកម្ម និងមន្ទីកសិកម្មខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍ ជួយរកទីផ្សារណាមួយ ឲ្យមានតម្លៃខ្ពស់ ឬសមរម្យជូនដល់ពួគគាត់ផង ព្រោះសព្វថ្ងៃនេះ កំពុងប្រឈមនឹងតម្លៃធ្លាក់ចុះយ៉ាងខ្លាំង ។
លោក លៀង សេង ប្រធានមន្ទីរកសិកម្មខេត្តបានឲ្យដឹងកាលពីព្រឹកថ្ងៃទី៥ ខែមីនាថា បញ្ហាទីផ្សារតំឡូងមី លោកថា មិនពាក់ព័ន្ធនឹងលោកទេ ឲ្យសួរទៅប្រធានមន្ទីរពាណិច្ចកម្មទៅ ចំជំនាញរបស់គេ ។ តែលោកបានបញ្ជាក់ថា លោកអាចជួយផ្សព្វផ្សាយរកទីផ្សារជួនពួកគាត់បាន ។
គួរបញ្ចាក់ផងដែរថា ទីផ្សារដំឡូងមីធ្លាក់ចុះយ៉ាងខ្លាំង នៅតែជាបញ្ហាប្រឈមដដែល សំរាប់ប្រជាកសិករប្រកបរបរកសកម្មដាំដំឡូងមីឆ្នាំនេះ បើក្រសួងមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមិនគិតគូរ រកទីផ្សារជូនពួគគាត់ទេនោះ ព្រោះបញ្ហាធំពួកគាត់ភាគច្រើនចងការប្រាក់ធនាគាយកមកប្រកបរបរដាំដំឡូងមីនេះ ដើម្បីបានផលចំណេញកម្រៃពីដំឡូងមី អាចសងការប្រាក់ធនាគារ និងសល់ចំណេញប្រាក់បន្តិចបន្តួច គ្រាន់ចិញ្ចឹមគ្រួសារបស់ពួកគាត់ ៕ មាស សុផាត