ភ្នំពេញ៖ ទិដ្ឋភាបសោកសង្រេងក្តុកក្តួល និងអាឡោះអាល័យ បានកើតមានឡើងក្រោយមរណភាពរបស់លោកព្រឹទ្ធាចារ្យល្ខោនខោល យិត សារិត ហៅលោកគ្រូ ស ។ មរណភាពរបស់លោកព្រឹទ្ធាចារ្យ ក៏បានធ្វើឲ្យកម្ពុជាបាត់បង់នូវធនធានមនុស្សដ៏សំខាន់ផ្នែកសិល្បៈល្ខោនខោល ។
លោកសាស្ត្រាចារ្យផ្នែកល្ខោនខោល យិត សារិន មានវ័យ៩៣ឆ្នាំ បានទទួលមរណភាពកាលពីរាត្រីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីជំងឺចាស់ធ្វើទុក្ខខ្លាំង ដូចជាជំងឺលើសឈាម សួត និងថ្លើមជាដើម។ មុនពេលទទួលមរណភាព លោកព្រឹទ្ធាចារ្យបានបន្សល់ទុកនូវស្នាដៃសិល្បៈ ឯកសារស្រាវជ្រាវ និងបានបណ្តុះបណ្តាលធនធានមនុស្សផ្នែកសិល្បៈល្ខោនខោលជាច្រើន ។
កូនប្រុសពៅរបស់លោក យិត សារិន បានបញ្ជាក់ថា ឪពុករបស់លោក ចាប់ផ្តើមធ្វើទុក្ខខ្លាំងចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ដោយទទួលទានបបរលែងបាន ។ លោកពិតជាជាមានអារម្មណ៍ស្តាយអាឡោះអាល័យ រកពាក្យថ្លែងមិនបាន ។ លោកថា ក្រោយពីមរណភាព ក្រុមគ្រួសារបានរៀបចំពិធីបុណ្យតាមទំនៀមទម្លាប់នៅផ្ទះលោក ជិតសាលាធម្យមវិចិត្រសិល្បៈខណ្ឌសែនសុខ ។ ពិធីដង្ហែសពលោកព្រឹទ្ធាចារ្យ យិត សារិន នឹងត្រូវធ្វើឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី៦ ខែមីនា ដោយដង្ហែពីផ្ទះទៅកាន់សាលាមធ្យមសិក្សាវិចិត្រសិល្បៈ និងរៀបចំពិធីបូជានៅវេលាម៉ោង៥រសៀល ថ្ងៃដដែល ។
នាល្ខាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ គេសង្កេតឃើញវត្តមានភ្ញៀវមួយចំនួនចូលរួមពិធីបុណ្យសពដោយផ្ទាល់ ដោយក្នុងនោះ គេក៏បានឃើញវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សិល្បករ ក្រុមយុវជនព្រះសូរិយាផងដែរ ។
គួរបញ្ជាក់ដែរថា លោកព្រឹទ្ធាចារ្យ យិត សារិន ហៅលោកគ្រូ ស មានវ័យ៩១ឆ្នាំ។ លោកបានចាប់ផ្តើមហ្វឹកហាត់ជំនាញល្ខោនខោល ចាប់តាំងពីវ័យ៧ឆ្នាំមកម្ល៉េះ ហើយបើទោះបីជាធ្លាប់ឆ្លងកាត់របបច្រើនសម័យកាលក្តី ក៏លោកព្រឹទ្ធាចារ្យមិនដែលចាប់របរអ្វីផ្សេងក្រៅពីរបរជាអ្នកសិល្បៈនេះទេ ។ លោកធ្លាប់បានចូលរួមសម្តែងក្នុងព្រឹត្តិការណ៍តូចធំជាច្រើនរាប់មិនអស់ បូករួមទាំងការសម្តែងនៅក្នុងព្រះរាជវាំងរបស់ព្រះរាជាខ្មែរផងដែរ ហើយក៏ធ្លាប់ទទួលបានបណ្ណសរសើរ មេដាយគ្រឿងឥស្សរិយយស់ជាច្រើនរាប់មិនអស់ពីព្រះមហាក្សត្រ ប្រមុខដឹកនាំរដ្ឋាភិបាលផងដែរ។ ដ្បិតតែលោកព្រឹទ្ធាចារ្យ យិត សារិន មានផ្ទះរស់នៅ និងមានប្រាក់ខែជាមន្ត្រីជាប់កិច្ចសន្យាក្ដី ប៉ុន្តែបញ្ជាក់ពីជីវភាពរស់នៅប្រចាំថ្ងៃលោកបានប្រាប់ថា មានការខ្វះខាតខ្លាំង ព្រោះប្រាក់បៀវត្សរ៍មិនអាចទប់នឹងការចំណាយបាន ព្រោះពេលនេះ ក្រៅពីចំណាយលើការហូបចុកប្រចាំថ្ងៃ លោកក៏មានជំងឺបេះដូង លើសឈាម ឡើងជាតិស្ករ ដែលត្រូវព្យាបាលប្រចាំ៕ វឌ្ឍនា