ភ្នំពេញ៖ តារាភេទទី៣ស្រស់សោភាជាច្រើនរូបបានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងពិធីខួបគម្រប់មួយឆ្នាំរបស់ក្លិបAV BAR225។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ នៅក្លិបAV BAR225 ដែលមានទីតាំងស្ថិតនៅក្រោយវត្តឧណ្ណាលោម ក្រោមវត្តមានអ្នកសិល្បៈ និងភ្ញៀវជាតិអន្តរជាតិជាច្រើនរូប ។
កម្មវិធីនេះ មានការបង្ហាញសមត្ថភាពសម្តែងសិល្បៈជាច្រើនរបស់តារាបង្ហាញម៉ូដ ពិសេសការបង្ហាញទេពកោសល្យរបស់តារាភេទទីបីជាច្រើនរូប បង្កើតឲ្យមានទស្សនីយភាពប្លែក និងភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកធ្វើដំណើរតាមដងផ្លូវ ។
លោកពេជ្រ រតនៈ ហៅឆេង ជាម្ចាស់ភាគហ៊ុនក្នុង AV BAR225កម្មវិធីថ្ងៃនេះ គឺគម្រប់ខួបមួយឆ្នាំរបស់ AV BAR225 ដែលបានដាក់បម្រើការពេញ១ឆ្នាំ ហើយតាមការគាំទ្ររបស់អតិថិជន។ ជាការសប្បាយរបស់ក្លិបយើងមែន តែយើងក៍មានគោលដៅផ្តោតលើការគិតគូពីតម្លៃភេទទី៣ដែលមានខ្លួនជាប្រុសអាចតុបតែងជាមនុស្សស្រីហើយអាចសម្តែងលើវិស័យសិល្បៈទី៧ផងដែរ។
លោកថា ធាតុពិតភេទទី៣ មានសមត្ថភាពប្លែកៗ អាចធ្វើការបានក្នុងសង្គមយើងច្រើនផ្នែកដូចជាផាត់មុខការសម្តែង និងចេះរត់សេវាផ្នែកបាកម្សាន្តផងដែរ។ ម្ចាស់ បា រូបនេះបន្តថា លោកចង់បង្ហាញប្រាប់មហាជនថាភេទទី៣ ក៏មានតម្លៃដូចមនុស្សទូទៅដែរ គ្មានអ្នកណាមួយចង់ខុសពីធម្មជាតិនោះទេ។ លោកបន្តថា លោកចង់លុបបំបាត់ពាក្យមាកងាយទាំងនេះ និងចង់បង្ហាញប្រាប់គេថា ភេទទី៣មួយចំនួនគេខំសម្តែងនៅលើឆាកដើម្បីចង់ឲ្យសង្គមទទួលស្គាល់ និងចង់ឲ្យមហាជនដឹងថា ពួកយើងមិនមានល្បិចកិចកលដើរឆក់ប្លន់គេឡើយ ។
ម្យ៉ាងទៀតលោកចង់បញ្ជាក់ដល់ភេទទី៣មួយចំនួនទៀត ដែលចូលចិត្តឆបោកគេ ទាំងយប់ទាំងថ្ងៃ គួរតែបញ្ឈប់កុំឲ្យគេមើលងាយខូចតម្លៃមនុស្សទូទៅ ងាកមករៀនផាត់មុខ រៀនសម្តែងចម្រៀង ឬរៀនជំនាញផ្សេងៗធ្វើបែបណាអាចជៀសឲ្យឆ្ងាញពីគ្រឿងញៀន អំពើឆក់ប្លង់ និងគំនិតអាក្រក់ៗ ដែលសង្គមមិនទទួលស្គាល់ ។
ជាមួយគ្នានេះ លោកបង្ហាញពីអារម្មណ៍មានមោទនភាពខ្លះដែរ ដែលបណ្តាបងប្អូនឥឡូវទទួលស្គាល់ច្រើនពីតម្លៃភេទទី៣ ដូចជាផ្តល់ការងារសម្តែងជូនពួកគាត់តាមឆាកតន្ត្រីតាមអង្គការមួយចំនួនផងដែរ នេះជាភាពប្លែកមួយខុសពីប៉ុន្មានឆ្នាំមុន ។ លោកថា នៅទីនេះលោកបានផ្តល់ការងារជាច្រើន ពិសេសក្រុមសិល្បៈភេទទី៣ ដែលពួកគាត់សម្តែងជូនភ្ញៀវ ដែលចូលមកកម្សាន្តនៅទីនោះផងដែរ ៕ វឌ្ឍនា