ភ្នំពេញ៖ បុរសជនជាតិចិនបើករថយន្តឡិចស៊ីស RX 330 មួយគ្រឿងក្នុងល្បឿនលឿនបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយដួល២កង់ចំណែករថយន្តខូតខាតយ៉ាងដំណុំ នៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៨ មិនា ២០១៧ នៅតាមបណ្តោយផ្លូវជាតិ៤ មុខសាលាបឋមសិក្សាជម្ពូវ័ន ចំណុចការរដ្ធានស្ថាបនាពង្រីកផ្លូវនិងសាងសង់ស្ពានអាកាសថ្មើជើង ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ក្រោយមកម្ចាស់បានយកថយន្តដាក់ខាងផ្លូវរហូតមកដល់វេលាម៉ោង៤ភ្លឺស្រាប់តែឆ្លងចរន្តភ្លើងឆេះរថយន្តម៉តគ្មានសល់។
តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបាន គេឃើញរថយន្តឡិចស៊ីសRX330 មួយគ្រឿងពណ៍សពាក់ស្លាកលេខភ្នំពេញ2AA-1018 បើកបរក្នុងទិសដៅពីកើតទៅលិចល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុជាកន្លែងសាងសង់ស្ពានអាកាសថ្មើរជើង ដោយគេមានដាក់របាំងថ្មចំកណ្តាលទ្រូងផ្លូវដើម្បីការពារ សសរកណ្តាលនៃស្ពានដែលមិនទាន់សាងសង់រួច និងដោយគ្មានដាក់ភ្លើងរឺក៏ស្លាកសញ្ញាសំគាល់ត្រឹមត្រូវហើយងងឹតទៀត ទើបបណ្តាលអោយរថយន្តឡិចស៊ីសRX330ដែលបើកបរដោយជនជាតិចិនជ្រុល បុកចំពីមុខពេញទំហឹងបណ្តាលរបាំងថ្មដួលអស់២កង់ ចំណែករថយន្តខូតខាតផ្នែកខាងមុខ យ៉ាងដំណុំ ដាច់កង់មុខខាងឆ្វេង និងផ្ទុះពោងសុវត្ថិភាព ទើបមិនបណ្តាលអោយជនជាតិចិន២នាក់ក្នុងរថយន្តមិនមានរងរបួស។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅពិនិត្យកន្លែងកើតហេតុ ដោយឃើញមិនបង្ករគ្រោះថ្នាក់ដល់អ្នកដ៏ទៃ ហើយដោយរបាំងថ្មខាងលើនេះជារបាំងបណ្តោះអាសន្ន ក្រោយមកអោយម្ចាស់រករថយន្តស្ទួចមកស្ទួចរថយន្តយកទៅជួសជុលដោយខ្លួនឯកនិងអោយលើករបាំថ្មដាក់ដូចដើមជាការស្រេច។
បន្ទាប់ពីម្ចាស់បានរំកិលរថយន្តមកដល់គៀនខាងរួចដោយសារតែហ៊ាប្រេងច្រើនបង្កអោយឆ្លងចរន្តភ្លើងបណ្តាលអោយឆេះរថយន្តយ៉ាងសន្ធោសន្ធៅតែម្តង។ ភ្លាមនៅនគរបាលបានហៅរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងដើម្បីបាញ់ពន្លត់ចំណែកម្ចាស់រថយន្តជាជនជាតិចិននោះបានគេចខ្លួនបាត់តែម្តង ៕ សុខាសែនជ័យ