ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្រាបៀរអង្គរបន្តបុកមនុស្សស្លាប់ទៀតហើយនៅខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាមៈ រថយន្តក្រុមហ៊ុនស្រាបៀរអង្គរបានបើកបុកជាមួយរថយន្តមួយគ្រឿងទៀតបណ្តាលឲ្យស្លាប់មនុស្សម្នាក់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦១ ភូមិសង្កើប ឃុំសំបួរ ស្រុកបាឆាយ ខេត្តកំពង់ចាម ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 3A-2199 ជារថយន្តដឹកស្រាបៀរអង្គរ បើកបរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ ក៏បានបុកពីក្រោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-1158 ដឹកទឹកសុទ្ធ Lyyon កំពុងឈប់ខូចនៅចិញ្ចើមថ្នល់ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ។

សមត្ថកិច្ចបន្តថា អ្នកបើកបររថយន្តដឹកទឹកសុទ្ធឈ្មោះ ចន រស្មី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិទួលថ្មី ឃុំថ្មពួន ស្រុកព្រៃឈរ ខេត្តកំពង់ចាម មិនរងរបួសទេ ប៉ុន្តែឈ្មោះ ចន្ទ វលក្ខឹ ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅ ភូមិទួលថ្មី ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាអ្នកអង្គុយក្បែរខាងនោះបានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។ ចំណែកឯឈ្មោះ ឆែម ឆៃ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិតាំងស្នាយ ឃុំរការ ស្រុកពាររំាង ខេត្តព្រៃវែង ជាអ្នកជិះរថយន្តដឹកស្រាបៀរអង្គរវិញ បានរងរបួសធ្ងន់ ។

ករណីគ្រោះថ្នាក់នេះ គឺនៅមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយទេ ខណៈដែលសមត្ថកិច្ចនៅស្រាវជ្រាវនៅឡើយ ។

គួរបញ្ជាក់ថា រថយន្តក្រុមហ៊ុនស្រាបៀរអង្គរត្រូវគេសង្កេតឃើញថា ឧហ្សាហ៍កើតមានគ្រោះថ្នាក់ចរាចរណ៍ជាហូរហែ បង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងរងរបួសខាតបង់ទ្រព្យសម្បត្តិរបស់អ្នកដទៃជាបន្តបន្ទាប់ ។

ជាក់ស្តែងកាលពីវេលាម៉ោង២១ និង១០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ ស្ថិតក្នុងភូមិអណ្ដូងទឹក ឃុំលំហាច ស្រុកអង្គស្នួល រថយន្តសណ្តោងរ៉ឺម៉ករបស់ក្រុមហ៊ុនស្រាបៀរអង្គរ ម៉ាក HINO ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3A-0298 បើកបោះពួយបុករះម៉ូតូមួយគ្រឿង និងរថយន្ត២គ្រឿងនៅលើកំណាត់ផ្លូវជាតិលេខ៤១ បណ្តាលឲ្យបុរសជាអ្នកបើកបរម៉ូតូបាត់បង់ជីវិត ឈ្មោះ ឡុច ចន្ធី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BV-9734 ។ សមត្ថកិច្ចគ្រោះថ្នាក់កើតឡើងនាពេលនោះ ដោយសាររថយន្តក្រុមហ៊ុនស្រាបៀរអង្គរបើកបរលឿនខ្វះការប្រុងប្រយ័ត្ន ៕

7581903 7581904 aa (1) aa (2) aa (3) aa (4)


ចែករំលែក៖